ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្តី​-​ប្រពន្ធ​នៅ​ក្នុង​ជួរ​ពួក isis

8 ឆ្នាំ មុន

ក្រុង Raqqa នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី សព្វថ្ងៃ​ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​រដ្ឋធានី​របស់​ពួក​អ៊ិ​ស្លា​ម​(isis) ទៅ​ហើយ ។ ប្រសិនបើ​គ្មាន​ពួក​សកម្មប្រយុទ្ធ isis ដែល​ម្នាក់​ណា​ក៏​ទុក​ពុកមាត់​ស្រមូមស្រមាម ស្ពាយ​កាំភ្លើង​អាកា

ក្រុង Raqqa នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី សព្វថ្ងៃ​ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​រដ្ឋធានី​របស់​ពួក​អ៊ិ​ស្លា​ម​(isis) ទៅ​ហើយ ។ ប្រសិនបើ​គ្មាន​ពួក​សកម្មប្រយុទ្ធ isis ដែល​ម្នាក់​ណា​ក៏​ទុក​ពុកមាត់​ស្រមូមស្រមាម ស្ពាយ​កាំភ្លើង​អាកា ឬ​លី B40, B41 លើ​ស្មា ព្រមទាំង​មាន​រថយន្ត​សម្រាប់​បាញ់​កាំជ្រួច​ប្រភេទ​៤០​កាណុង ដែល​លើ​រថយន្ត​នោះ​ដោត​ទង់​ពណ៌​ខ្មៅ សរសេរ​អក្សរ​អា​រ៉ាប់​ពណ៌​ស​ទេ គេ​ងាក​ច្រឡំ​ក្រុង Raqqa ជាមួយ​ក្រុង​ធម្មតា ផ្សេង​ៗ​ទៀត ។

ក្រុង Raqqa សព្វថ្ងៃ​មាន​ហាង​កាហ្វេ ហាង​អីុ​ន​ធើ​រ​ណេ​ត ហាង​លក់​គ្រឿងក្រអូប ហាង​លក់​សម្លៀក​បំពាក់​នារី​តាម​ប្រពៃណី​អ៊ិ​ស្លា​ម ហាង​លក់​គ្រឿង​ហូប​ចុក ហាង​លក់​ទូរស័ព្ទ​ដៃ ហាង​លក់​គ្រឿងបន្លាស់​ម៉ូតូ និង​កន្លែង​ជួសជុល​ម៉ូតូ​។ Al Ali ជា​ប្រជាជន​ម្នាក់​នៅ​ក្រុង Raqqa បានឱ្យ​ដឹង​ថា isis ផ្គត់ផ្គង់​អគ្គិសនី ទឹក និង​ផ្តល់​ប្រាក់ខែ​ឱ្យ​បុគ្គលិក​របស់​ខ្លួន ជាមួយ​គ្នា​នោះ​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរ​ផ្លូវគោក ហើយ​ត្រួតពិនិត្យ​គ្រប់យ៉ាង​ទាំងអស់​តាំងពី​ឡ​ដុត​នំប៉័ង សាលារៀន ធនាគារ តុលាការ រហូត​ដល់​វិហារ​អ៊ិ​ស្លា​ម ។ នាង Umm Haritha យកប្តី​ជា​សកម្មប្រយុទ្ធ isis បានឱ្យ​ដឹង​ថា ក្រោយ​រៀប​ការ​រួច ប្តី​ប្រពន្ធ​នាង​ក៏​បាន isis ផ្តល់​ផ្ទះ​មួយ​ខ្នង​ប្រភេទ​ផ្ទះ​ដែល​រឹបអូស​ពី​ជនជាតិ​អ៊ិ​ស្លា​ម​មិនមែន​និកាយ​ស៊ុន​នី ឬ​ផ្ទះ​មន្ត្រីរាជការ​ក្នុង​របប​ប្រធានាធិបតី​អា​សាត ដែល​រត់​ចោល ។ ក្រៅពីនេះ​សកម្មប្រយុទ្ធ isis ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​៤០០ ឬ​៦០០​ដុល្លារ​អា​មេ​រិ​ក តាម​តួនាទី ។ ជាមួយ​ប្រាក់ខែ​នេះ ប្តី​ប្រពន្ធ​នាង​អាច​រស់នៅ​បាន ។

ឆ្នាំ​២០១៣ Umm Haritha ជា​កម្មការិនី​នៅ​ប្រទេស​កា​ណា​ដា បាន​បោះបង់​ចោលការ​ងារ ហើយ​លួច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​តួ​ក​គី ជាមួយ​ខោអាវ​មួយ​វ៉ា​លី​ស​តូច និង​ប្រាក់​១.៥០០​ដុល្លារ​អា​មេ​រិ​ក ។ មួ​យស​ប្តា​ហ៍​ក្រោយ នាង​មានមុខ​នៅ​ក្រុង Raqqa ។  នាង​និយាយ​ប្រាប់​ថា​៖ «​ខ្ញុំ​មក Raqqa ដើម្បី​រៀប​ការ​ជាមួយ Abu Ibrahim al Suedi ។ ពួក​ខ្ញុំ​ស្គាល់គ្នា​តាម​អីុន​ធើ​រ​ណេ​ត ។ ទាក់ទង​គ្នា​បាន​មួយ​រយៈ ពួក​ខ្ញុំ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិតរ​មួ​ត​» ។

Abu Ibrahim al Suedi អាយុ​២៦​ឆ្នាំ ជា​ពលរដ្ឋ​ស៊ុ​យ​អែ​ត ដើម​កំណើត​ប៉ា​ឡេ​ស្ទី​ន ។ គេ​លួច​គេច​ចេញពី​រដ្ឋធានី​ស្តុក​ខូ​ម ទៅ​ប្រទេស​ស៊ី​រី ចូលរួម​ប្រយុទ្ធ​ជាមួយ isis បន្ទាប់​មក​បាន​ឡើង​ឋានៈ​ជា​មេបញ្ជាការ​ទទួល​បន្ទុក​ដឹកនាំ​ពួក​សកម្មប្រយុទ្ធ​តាម​ព្រំដែន​តួ​ក​គី ។ ពិធី​រៀប​ការ​របស់​ពួក​គេ​ប្រារព្ធ​យ៉ាង​សាមញ្ញ ។ កូនក្រមុំ​ស្លៀកពាក់​ខ្មៅ ប្រើ​កន្សែង niqab គ្រ​លំ​ក្បាល ទុក​តែ​ប្រឡង់​ភ្នែក ។ ចំណែក​កូនកំលោះ ប្រើ​សម្លៀក​បំពាក់​សកម្មប្រយុទ្ធ​ថ្មី​ច្រឺ​ង ។ ជុំវិញ​ខ្លួន​ពួក​គេ​សុទ្ធតែ​មិត្តភក្តិ​ដែល​ជា​សកម្មប្រយុទ្ធ​ដែរ ។

ក្រោយ​ពី​អាចារ្យ​និកាយ​ស៊ុន​នី តំណាង​ឱ្យ​តុលាការ​ជាន់ខ្ពស់​អាន​ធម៌​ក្នុង​គម្ពីរ​កូ​រ៉ា​ន​មួយ​វគ្គ ហើយ​ឱ្យ​ពរ​គូស្រករ​ថ្មី​រួចរាល់ ពួក​គេ​បាន​ទទួល​ប្រាក់​រង្វាន់​ពី isis ចំនួន​១.៥០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទុក​ទិញ​របស់របរ​ប្រើ​ក្នុងផ្ទះ ។ នាង Umm Haritha បញ្ជាក់​បន្ថែម​ថា «​ពួក​ខ្ញុំ​និង​មិត្តភក្តិ​នាំ​គ្នា​ទៅ​ជប់លៀង​នៅ​ហាង​លក់​សាច់​អាំង ហើយ​បញ្ចប់​ពិធី​រៀប​ការ​នៅ​ហាង​លក់​ក្រេ​ម​ដ៏​ឆ្ងាញ់​ពិសា ។ ថ្ងៃក្រោយ​បើ​ខ្ញុំ​មានកូន​ម្នាក់ isis ផ្តល់​ប្រាក់​ឱ្យ​៤០០​ដុល្លារ​អា​មេ​រិ​ក​ទៀត គឺ​ម្នាក់​បាន​ថែម​៤០០​ដុល្លារ​» ។
 
ការ​ក្រេប​ចន្ទ​ទឹកឃ្មុំ​របស់ Abu Ibralim al Suedi និង Umm Haritha  មាន​រយៈពេល​៩​ថ្ងៃ​។ ក្នុង​រយៈពេល​នេះ Abu Ilrahim al   Suedi បាន​សម្រាក​នៅផ្ទះ​សប្បាយ​ជាមួយ​ប្រពន្ធ មិនបាច់​ចេញ​ទៅ​ប្រយុទ្ធ​ទេ ។ លើ​បណ្តាញ​សង្គម Twitter នាង Umm Haritha សរសេរ​ថា «​ប្តី​ខ្ញុំ​ជា​បុរស​ក្លាហាន​អ​ស្ចា្​រ្យ​ណាស់ » តែ​នាង​អត់​បង្ហាញ​ឱ្យ​ឃើញ​មុខមាត់​របស់​ខ្លួន​ឡើយ វៀរលែងតែ​រូប​នាង​ដែល​គេ​ថត​ពីក្រោយ​ខ្នង​ពេល​កំពុង​ដើរ​ជាមួយ​នារី​ម្នាក់​ទៀត ។ គេ​សន្និដ្ឋាន​ថា នេះ​ប្រហែលជា​នាង​ខ្លាច​គ្រួសារ​របស់​ខ្លួន​នៅ​ប្រទេស​កា​ណា​ដា​មាន​បញ្ហា ។

ក្រោយ​ពី​ចប់​រយៈពេល​ក្រេបទឹក​ឃ្មុំ Abu Ibrahim al Suedi ចេញ​ទៅ​សមរភូមិ​ភ្លាម ចំណែក​នាង Umm គេ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទាក់ទង​សង្គម​មួយ ជាមួយ​ភារកិច្ច​ខិតខំ​បញ្ចុះបញ្ចូល ស្រី​ៗ នៅ​ប្រទេស​ដទៃ​ឱ្យមក​ក្រុង Raqqa យកប្តី​ជា​សកម្មប្រយុទ្ធ isis ។ នាង​សរសេរ​ផ្សាយ «​បើ​មាន​ប្តី​ជា​សកម្មប្រយុទ្ធ នាង​នឹង​ក្លាយជា​សមាជិកា​រាជាណាចក្រ​អ៊ិ​ស្លា​ម Caliphate » ។

ក្នុង​បណ្តាញ​សង្គម​ដែល​ខ្លួន​គ្រប់គ្រង Hmm   Haritha ឧស្សាហ៍​បង្ហាញ​ឃ្លី​ប​វី​ដេ​អូ​កាត់​ដៃ​អ្នក​មានទោស​លួច ការ​ធ្វើ​ទារុណកម្ម​វាយតប់​ទាត់​ធាក់​អ្នក​ជក់បារី អ្នក​លួច​ស្តាប់​ចម្រៀង​តាម headphone ការ​ធ្វើ​ទារុណកម្ម​បោះដែកគោល​លើ​ឈើឆ្កាង​ចំពោះ​អ្នក​អត់​ព្រម​កាន់សាសនា​អ៊ិ​ស្លា​ម ការ​កាត់​ក្បាល​អ្នក​ប្រព្រឹត្ត​បទល្មើស​ប្លន់ ឬ​រំលោភ​នារី​ភេទ ។ នាង​សរសេរ​បន្ថែម​៖ «​ខ្ញុំ​មិន​ចាត់​ទុក​វិធានការ​ផ្តន្ទាទោស​បែប​នេះ​ថា​ជា​អំពើ​ហិង្សា​ទេ តាម​ពិត​ទាល់តែ​ធ្វើ​អីុ​ចឹ​ង​ទើប​កាត់​បន្ថយ​មនុស្ស​អាក្រក់​បាន ។ ខ្ញុំ​សូវ​ឃើញ​អ្នក​រំលោភ​នារី​ភេទ​ត្រូវ​កាត់​ក្បាល ជា​ជាង​ឃើញ​នារី​ម្នាក់​ត្រូវ​គេ​រំលោភ ហើយ​រំលោភ​ទៀត​» ។

 Umm Haritha មិនមែន​ជានា​រី​ទី​មួយ​ដែល​លួចរ​ត់ទៅ​ក្រុង Raqqa ដើម្បី​យកប្តី​ជា​សកម្មប្រយុទ្ធ isis ទេ ។ តាម​ការ​ស្រាវជ្រាវ​មួយ​ឃើញ​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៤ មាន​បុរស​នៅ​បស្ចិមប្រទេស​ប្រមាណ​២.៨០០​នាក់ លួច​ទៅ​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ isis តែ ស្រី​ៗ​បស្ចិមប្រទេស​ដែល​ទៅ​ទីនោះ ដើម្បី​រៀប​ការ​ជាមួយ​សកម្ម​ប្រយុទ្ធ​របស់ isis មិន​ទាន់​រក​ឃើញ​តួលេខ​ច្បាស់លាស់​នៅឡើយ គ្រាន់តែ​ដឹង​ថា​មាន​ចំនួន​ច្រើន​គួរសម​ដែរ ។

នាង Al Almar នារី​ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក៏​ជា​ករណី​ប្រហាក់ប្រហែល​គ្នា​ដែរ ។ ពេល​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ក្នុង​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត Al Almar រត់​ចោល​សាលា​ទៅ​ប្រទេស​ស៊ី​រី រៀប​ការ​ជាមួយ​សកម្មប្រយុទ្ធ isis ឈ្មោះ Abu Azaz ជនជាតិ​ស៊ី​រី​។ ពួក​គេ​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម​តាំងពី​៩​ខែ​មុន​ម្ល៉េះ ។

 ថ្ងៃមួយ Al Almar កំពុង​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ​ជាយក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស្រាប់តែ​បាន​ទទួល​ទូរស័ព្ទ​ពី​ម្តាយ​ប្រាប់​ថា​មាន​មនុស្ស​៤​ទៅ​៥​នាក់ ស្លៀក​ពាក់​ធម្មតា​មក​សួរ​រក​នាង​ដល់​ផ្ទះ តាម​មើល​អ្នក​ទាំងនោះ​ប្រហែលជា​សន្តិសុខ​សម្ងាត់​របស់​រដ្ឋាភិបាល​ហើយ ។ ឮ​ម្តាយ​ប្រាប់​ដូច្នេះ​ភ្លាម Al Almar ភ្ញាក់​ព្រើត​ដឹង​ថា​បែក​ការណ៍​ពេល​ខ្លួន​ទាក់ទង​ទៅ Abu Azaz  ម្តង​ៗ ហេតុនេះ​នាង​ប្រញាប់​ទៅ​ដក​ប្រាក់​សន្សំ​ទាំងអស់​ក្នុង​ធនាគារ ហើយ​យប់​នោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ី​រី​តែ​ម្តង​។ ពិធី​រៀប​ការ​រវាង​នាង និង Abu Azaz ត្រូវ​បាន​រៀបចំ​ក្រោយ​ពេល​នាង​ទៅ​ដល់​ក្រុង Raqqa មួយ​ខែ ។ នាង​សរសេរ​លើ​ទំព័រ Tiwtter ប្រាប់ ម្តាយៈ «​ផ្សារ​ទំនើប​នៅ​Rappa មាន​ទំនិញ​ពី​បរទេស​ច្រើន​ណាស់ ។ ដោយហេតុ​ប្តី​ខ្ញុំ​ជា​សកម្មប្រយុទ្ធ គាត់​មាន​សិទ្ធិ​ទិញ​អ្វី​គ្រប់យ៉ាង​ដែល​ពួក​យើង​ត្រូវការ ។ បើ​ឈឺ​ថ្កាត់ ពួក​ខ្ញុំ​ទៅ​ពេទ្យ​មិនបាច់​អស់​លុយ​ទេ ។ ជីវភាព​នៅ​ក្រុង Raqqa ស្ងប់ស្ងាត់​ល្អ អត់​មានការ​ប្រយុទ្ធ​គ្នា​ក្នុង​ក្រុង​ទេ ។

ក៏​ដូច​សកម្មប្រយុទ្ធ isis ផ្សេង​ទៀត​ដែរ ប្តី​ប្រពន្ធ Abu Azaz រៀប​ការ​រួច isis ផ្តល់​ប្រាក់​១៥០០​ដុល្លារ​អា​មេ​រិ​ក និង​ផ្ទះ​មួយ​ខ្នង មាន​បំពាក់​ម៉ាស៊ីនត្រជាក់​ទៀត​ផង ។ Al Almar សរសេរ​លើ​បណ្តាញ​សង្គម​ផ្ញើ​ទៅ​មិត្តភក្តិ​៖ «​ខ្ញុំ​អត់​មាន​អារម្មណ៍​អផ្សុក​សូ​ម្បី​បន្តិច ។ ក្រោយ​រយៈពេល​ក្រេប​ចន្ទ​ទឹកឃ្មុំ ប្តី​ខ្ញុំ​ត្រឡប់​ទៅ​សមរភូមិ​វិញ​ភ្លាម ។ តាម​ធម្មតា​៣ ឬ​៤​ថ្ងៃ គាត់​ត្រឡប់​មក​ផ្ទះ​ម្តង តែ​ជួនកាល​ក៏​យូរ​ជាង​នេះ​ដែរ ។ សព្វថ្ងៃ​ខ្ញុំ​ចូលរួម​បង្រៀន​ភាសា​អង់គ្លេស​នៅ​ម​ត្តេ​យ្យ​សាលា​មួយ ដែល​ជា​សាលា​ពិសេស​សម្រាប់​កូនចៅ​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ ។ ម្តងម្កាល​ខ្ញុំ​ទៅ​កន្លែង​កាហ្វេ​អុ​ី​ន​ធើ​រ​ណេ​ត ដើម្បី​ទាក់ទង​សួរសុខទុក្ខ​ម្តាយ​ខ្ញុំ​» ។

ប៉ុន្តែ ទោះ​ដូច្នេះ​ក្តី Al Almar ខុស​ពី Umm Haritha ត្រង់​ថា​នាង​មិន​ដែល​បង្ហាញ​ឱ្យ​ឃើញ​រូបភាព​ធ្វើ​ទារុណកម្ម​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​សារី​យ៉ា ដែល​isis ដាក់​ចេញ​ឡើយ ។ តាម​ផ្លូវ​តូច​ធំ​ក្នុង​ក្រុង Raqqa ប៉ូលិស​អ៊ិ​ស្លា​ម​ឃ្លាំមើល​អ្នកដំណើរ​ទាំងអស់​ចាំ​ចាប់កំហុស អ្នក​ណា​ប្រព្រឹត្ត​ខុស​វិន័យ​ដែល isis ដាក់​ចេញ ។ ច្បាប់​នោះ​មាន​ជា​អាទិ៍​៖ ហាម​ជក់បារី ហាម​ស្តាប់ភ្លេង​តាម headphone ហាម​ស្លៀកខោ​ខូ​វ​ប៊​យ ហាម​ទុក​ពុកមាត់ពុកចង្កា​ខុស​ពី​របៀប​ដែល​បាន​កំណត់​… ។ Al Almar ក៏​មិន​ដែល​បង្ហាញ​ឱ្យ​ឃើញ​របៀប​ផ្តន្ទាទោស សាហាវ​ៗ​ដូច​យ៉ាង​កាត់​ដៃ ព្យួរ​ក បោះដែកគោល​លើ​ឈើឆ្កាង ឬ​គប់​នឹង​ដុំ​ថ្ម​រហូត​ស្លាប់ ក៏​ដូច​ចាប់​បោះ​ទម្លាក់​ពី​អគារ​ខ្ពស់​ច្រើន​ជាន់​ជាដើម ។

ថ្ងៃ​ទី​៥ ឧសភា ២០១៤ Abu Ibrahim al Suedi ប្តី​របស់ Umm Haritha ចូល​ទៅ​រួម​ប្រជុំ​ជាមួយ​ក្រុម​អ៊ិ​ស្លា​ម​និកាយ​មួយទៀត​ឈ្មោះ Jabhat al Nusra នៅ​ក្រុង Deir ez zor ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់ isis ដែរ ។ កិច្ចប្រជុំ​នោះ​គឺ​ដើម្បី​ចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង isis និង al Nusra ។ ដឹង​អី​ពេល​គេ​ចុះ​ពី​រថយន្ត​ដើម្បី​ចូលរួម​ប្រជុំ ស្រាប់តែ​លេច​សកម្មប្រយុទ្ធ​របស់ al Nusra ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​បំ​បុក​រថយន្ត​របស់​គេ ជាមួយ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​លាក់​ក្នុង​ខ្លួន​។ ដោយហេតុ Abu Ibrahim al Suedi  ក៏​មាន​ស្ពាយ​ខ្សែក្រវាត់​គ្រាប់បែក​លាក់​ក្នុង​ខ្លួន​ដែរ កម្លាំង​ផ្ទុះ​គ្រាប់​របស់​អត្តឃាត​ជន ធ្វើ​ឱ្យ​គ្រាប់បែក​លាក់​ក្នុង​ខ្លួន​របស់​គេ​ផ្ទុះ​ជាមួយ​គ្នា ហេតុនេះ​ខ្លួនប្រាណ​របស់​គេ និង​អត្តឃាត​ជន ខ្ទេចខ្ទី​ជា​បំណែក តូច​ៗ  ភ្លាម ។ ពីរ​ថ្ងៃក្រោយ Umm Haritha សរសេរ​បង្ហោះ​លើ Twitta រៀបរាប់​ពី​ការ​ស្លាប់​របស់​ប្តី ហើយ​បួងសួង ៖ «​សូម​ព្រះ​អា​ឡា​ដ៏​ខ្ពង់ខ្ពស់​ផ្តន្ទាទោស​អ្នក​វាយប្រហារ​លើ​បងប្អូន​ខ្លួនឯង និង​សូម​ព្រះ​ស្តារ​ជីវិត Abu  Ibrhim al Suedi ពី​កម្ទេច​រាង​កាយ​ផង​» ។

 ក្រោយ​ពី Abu Ibrahim al Suedi ស្លាប់​ទៅ Umm Haritha ធ្លាប់​ទៅ​ក្រុង Manbij ជិត​ព្រំដែន​តួ​ក​គី ដើម្បី​រស់​រួម​គ្នា​ជាមួយ​ស្រី្ត​មេម៉ាយ​ឯទៀត ដែល​មាន​ប្តី​ជា​សកម្ម​ប្រយុទ្ធ isis ដូច​គ្នា ។  នៅ​ទីនោះ​បាន​មួយ​រយៈ នាង​សរសេរ​បង្ហោះ​តាម Twitter ប្រាប់​មិត្តភក្តិ​៖ «​ពេល​នេះ​ខ្ញុំ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​៥០​ដុល្លារ ក្នុង​១​ខែ ។ ក្រុង Manbiy ស្អាត​ណាស់ ។ បងប្អូន​ស្រី្ត មេម៉ាយ​ៗ ពួក​ខ្ញុំ​តែង​ហៅ Manbij ថា​« ញូ​វ​យ៉​ក​របស់​ស៊ី​រី​» ។ ភ្ជាប់​ជាមួយ​សារ​នោះ នាង​បង្ហាញ​ឱ្យ​ឃើញ​ប៉ុស្តិ៍​នគរបាល​អ៊ិ​ស្លា​ម រថយន្ត​ល្បាត​ក្នុង​ក្រុង មាន​បំពាក់​ឧបករណ៍​បំពង​សំឡេង​ស្រែក​រំឭក​មនុស្ស​ទាំងអស់ កុំ​ភ្លេច​អាន​គម្ពីរ​កូ​រ៉ា​ន​រាល់ថ្ងៃ ទីស្នាក់ការ​តុលាការ​អ៊ិ​ស្លា​ម និង​ហាង​លក់​សម្លៀក​បំពាក់​ប្រពៃណី​អ៊ិ​ស្លា​ម សម្រាប់ ស្រី​ៗ ។

ករណី​មួយទៀត គឺ​នាង Umm  Abeid ចេញពី​ប្រទេស​បារាំង​ទៅ​ប្រទេស​ស៊ី​រី ។ ដំណើរ​របស់​នាង​បត់បែន​ជាងគេ គឺ​ចេញពី​ទីក្រុង​បា​៉​រី​ស ទៅ​ទីក្រុង Alger របស់​ប្រទេស​អាល់​ហ្សេ​រី រួច​ទើប​ចេញ​ទៅ​ប្រទេស​តួ​ក​គី ហើយ​ឆ្លង​ព្រំប្រទល់​ចូល​ប្រទេស​ស៊ី​រី ។ ពេល​ទៅ​ដល់​ក្រុង Raqqa នាង​បាន​ក្លាយជា​ប៉ូលិស​ស្រី​អ៊ិ​ស្លា​ម​Al Khansa  ។ បី​ខែ​ក្រោយ នាង​រៀប​ការ​ជាមួយ​សកម្មប្រយុទ្ធ isis ម្នាក់ សញ្ជាតិ​បារាំង កំណើត​អាល់​ហ្សេ​រី ហើយ​ក៏​បាន​ទទួល​របប​ដូច​ប្តី​ប្រពន្ធ​សកម្មប្រយុទ្ធ isis ផ្សេង​ទៀត​ដែរ ។ នាង​បានឱ្យ​ដឹង​ថា ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​អ៊ិ​ស្លា​ម Al Khanra អាច​អនុវត្ត​បាន​គ្រប់ពេល សូ​ម្បី​ក្រៅ​ម៉ោង​ធ្វើការ​ក៏​ដោយ ។ ឧទាហរណ៍​ដូច​ខ្ញុំ​កំពុង​ជិះ​រថយន្ត​ជាមួយ​ប្តី​ខ្ញុំ ស្រាប់តែ​ចៃដន្យ​ប្តី​ខ្ញុំ​ក្រឡេក​ឃើញ​នារី​ម្នាក់​ទទូរ​ក្រមា​លើ​ក្បាលមាន​ប៉ាក់​រូប​លម្អ​ផង គាត់​ឈប់​រថយន្ត​ភ្លាម​ដើម្បី​ឱ្យ​ខ្ញុំ​ពិន័យ​នាង​នោះ ព្រោះ​ច្បាប់​សារី​យ៉ា​អត់ឱ្យ​ប៉ាក់​រូប​អី​លើ​កន្សែង​ទទូរ​ក្បាល​ទេ ។

ក្រោយ​ពី​ប្តី​ស្លាប់​ដោយសារ​បំពេញការងារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត Umm  Abeid យកប្តី​ម្នាក់​ទៀត ជា​សកម្មប្រយុទ្ធ isis ដែរ តែ​សញ្ជាតិ​ស្វ៊ី​ស កំណើត​ស៊ី​រី តាម​សំបុត្រ​បណ្តាំ​មរណៈ​របស់​ប្តី​មុន ។ ដោយហេតុ​នៅ​ទីនោះ ឃើញ​ការ​ស្លាប់ ផុយ​ៗ​ពេក នាង​តក់ស្លុត ក៏​រត់​ចោល​ប្តី​ក្រោយ បន្លំ​ខ្លួន​ចូល​ហ្វូង​ជនភៀសខ្លួន​ទៅ​ប្រទេស​តួ​ក​គី ។ នាង​មិនដឹង​ជីវិត​ខ្លួន​ទៅ​ជា​យ៉ាងណា​ទេ ព្រោះ​កាលពី​ទៅ​ដល់​ក្រុង Raqqa នាង​បាន​ហែក​លិខិតឆ្លងដែន​សញ្ជាតិ​បារាំង​របស់​ខ្លួន​អស់​ទៅ​ហើយ ។

តាម​ការ​ឱ្យ​ដឹង​ពី​កាសែត Le Figaro របស់​បារាំង​ដែល​ចេញផ្សាយ​ថ្ងៃ​ទី​៦ ឧសភា ២០១៥ ឃើញ​ថា ស្រី​ៗ​សញ្ជាតិ​បារាំង​ដែលរ​ត់ទៅ​ប្រទេស​ស៊ី​រី ចូលរួម​ជាមួយ​ពួក isis  យ៉ាង​ហោច​ក៏​១៤០​នាក់​ដែរ  ។ ពួក​នាង​លង់​តាម​ការ​ឃោសនា ចង់​ស្វែងរក​ជីវភាព​ល្អ​ប្រសើរ ដឹង​អី​ងាកចុះងាកឡើង​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ បន្ទាប់​មក​ខ្លះ​ក៏​បាត់​ខ្លួន ខ្លះ​ទៀត​រប៉ាត់រប៉ាយ​មិនដឹង​ដល់​ណា​ដល់​ណី ។

គេ​ដឹង​ថា ដើម្បី​ទាក់ទាញ​មនុស្ស​ពី​បរទេស​ឱ្យ​ចូលរួម​ជាមួយ​ខ្លួន ពួក isis ប្រើ​គ្រប់​វិធី​ទាំងអស់ រហូត​ដល់​ឱ្យ​តុលាការ​អ៊ិ​ស្លា​ម​របស់​ខ្លួន​សម្រួល​ច្បាប់​រៀប​ការ​ឱ្យ​មាន​ភាព​សាមញ្ញ​បំផុត រហូត​ដល់​អនុញ្ញាត​ឱ្យ​រៀប​ការ​តាម​អីុ​ន​ធើ​រ​ណេ​ត​ទៀត​ផង ។ ជាមួយ​គ្នា​នេះ isis បង្កើត​មូលនិធិ​មួយ​មាន​ភារកិច្ច​រ៉ាប់រង​សោហ៊ុយ​ធ្វើ​ដ​ណើ​រ​ឱ្យ​នារី​មក​ពី​ក្រៅ ដើម្បី​រៀប​ការ​ជាមួយ​សកម្មប្រយុទ្ធ​របស់​ខ្លួន ហើយ​ចេញថ្លៃ​រៀប​ការ​ទាំងស្រុង​ទៀត ។ ដោយសារ​សម្រួល​ដូច្នេះ ទើប​ដើមឆ្នាំ​២០១៥​នេះ isis អាច​រៀប​ការ​ឱ្យ​មនុស្ស​មក​ពី​ក្រៅ​បាន​រហូត​ដល់​៨០០​គូ​។ ក្រោយ​រៀប​ការ​រួច ប្តី​ប្រពន្ធ​ថ្មោងថ្មី បាន​ទទួល​ការ​លើកទឹកចិត្ត​ឱ្យ​បង្ហោះ​រូបភាព​រៀប​ការ​របស់​ខ្លួន​តាម​អីុ​ន​ធើ​រ​ណេ​ត សំដៅ​ឃោសនា​ពី​ជីវិត​ថ្មី នៅ​ពិភព​ថ្មី​៕