ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃទី១៧ មីនា កន្លងមកថា រូបលោកមិនរំពឹងថា វិទ្យុសកម្មដែលបង្កគ្រោះថ្នាក់លេចធ្លាយចេញពីរោងចក្រនុយក្លេអ៊ែរដែលរងផលប៉ះពាល់ដោយការរញ្ជួយដីរបស់ជប៉ុននឹងមកដល់សហរដ្ឋអាមេរិកនោះទេ ។ លោកអូបាម៉ា ថ្លែងអះអាងដូច្នេះក្នុងសុន្ទរកថាមួយនៅសេតវិមាន ។ លោកប្រធានាធិបតីថ្លែងទៀតថា «យើងមិនរំពឹងថា កម្រិតវិទ្យុសកម្មដែលមានគ្រោះថ្នាក់សាយភាយដល់អាមេរិកនោះទេ មិនថានៅតំបន់ឆ្នេរសមុទ្រខាងលិចអាមេរិក រដ្ឋហាវ៉ៃ រដ្ឋអាឡាស្កា ឬទឹកដីអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក» ។
លោកអូបាម៉ា ថ្លែងទៀតថា ឥឡូវនេះមជ្ឈ មណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ និងអ្នកជំនាញការសុខភាពសាធារណៈមិនបានណែនាំដល់ពលរដ្ឋអាមេរិកឱ្យចាត់វិធានការបង្ការលើសពីអ្វីដែលបានជូនដំណឹងនោះទេ ។ ផលប៉ះពាល់នៅម៉ាស៊ីនរេអាក់ទ័រនៃរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សដែលរស់នៅតំបន់ក្បែររោងចក្រនេះហើយសហរដ្ឋអាមេរិកបានផ្តល់ការណែនាំឱ្យជម្លៀសពលរដ្ឋរបស់ខ្លួន ដែលរស់នៅចម្ងាយ៨០គីឡូម៉ែត្រពីរោងចក្រនេះ ។ ជាមួយគ្នានេះ លោកអូបាម៉ា បានទទូចដល់ពលរដ្ឋអាមេរិក ដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ឱ្យតាមដានស្ថានការណ៍នៅក្នុងប្រទេសជប៉ុនឱ្យបានដិតដល់ក្រោមគោលការណ៍របស់រដ្ឋាភិបាលជប៉ុន ៕
ចែករំលែកព័តមាននេះ