ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀស​កំពង់ចាមត្រូវ​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ព្រៃវែង​ និង​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​បាន​ចាប់​យក​អាជីព​រាវ​លៀស នៅ​តាម​ដង​ទន្លេ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ជាមួយ​នោះ​ក៏​មាន​ឈ្មួញកណ្ដាល​បាន​ចុះ​មក​ទិញ​ដល់​មាត់ច្រាំង​ទន្លេ​នៅ​ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្នុង​ក្រុង​កំពង់ចាម ដើម្បី​យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​បាន​ចាប់​យក​អាជីព​រាវ​លៀស នៅ​តាម​ដង​ទន្លេ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ជាមួយ​នោះ​ក៏​មាន​ឈ្មួញកណ្ដាល​បាន​ចុះ​មក​ទិញ​ដល់​មាត់ច្រាំង​ទន្លេ​នៅ​ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្នុង​ក្រុង​កំពង់ចាម ដើម្បី​យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ ។ សម្រាប់​តម្លៃ​វិញ​នៅ​ឆ្នាំ​២០២១​នេះ​ថោក​ជាង​ឆ្នាំទៅ ដោយសារ​តែ​មានការ​ផ្ទុះ​ឡើង​នៅ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ហឿ​ន សុខ ហេង វ័យ​២៦​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា សម្រាប់​រថយន្ត​របស់​គាត់​ដឹក​រាល់ថ្ងៃ​បាន​ក្នុង​រង្វង់​ពី​៣០​ទៅ​៤០​ធុង ដោយ​ចេញពី​ក្រុង​កំពង់ចាម​នៅ​ពេល​ល្ងាច​ដឹក​យក​ទៅ​បោះ​ឱ្យ​ម៉ូយ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង ជួន​នៅ​ម៉ោង​៩ ឬ​ទៅ​១០​យប់​ទើប​ចូល​ផ្ទះ​សម្រាក ។

លោក​សុខ ហេង ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុខរបរ​នេះ​ត្រូវ​បាន​ស្នង​តំណែង​ពី​ឪពុក​ម្ដាយ​ដែល​ពួក​គាត់​បាន​ដើរ​ទិញ​លៀស​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​យក​មក​លក់​ក្នុង​ខេត្តព្រៃវែង តែ​ដោយ​រាល់​ថ្ងៃនេះ​ឪពុក​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ ដូច្នេះ​រូបគេ​បាន​បន្ត​មុខរបរ​នេះ​ពី​ឪពុក​ម្ដាយ​ដោយ​បាន​ចុះ​ប្រមូល​ទិញ​លៀស​មក​ដល់​ក្រុង​កំពង់ចាម ។ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ដឹក បាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​សម្រាប់​ប្រាក់​ចំណេញ​វិញ​បាន​ប្រហែល​ជាង​២០​ម៉ឺន​រៀល ក្រោយ​ពី​ចាក់​សាំង​រថយន្ត និង​ការ​ហូប​ចុក​ផ្សេង​ៗ ។

នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២១ នេះ​ពេល​ណា​លាស​នៅ​កំពង់ចាម​អស់ គាត់​នឹង​ត្រូវ​ទិញ​នៅ​តាម​តំបន់​ផ្សេង​ទៀត​ក្រៅពី​ខេត្តកំពង់ចាម ព្រោះថា រដូវ​លៀស​ហើយ​ផល គឺ​ពេលវេលា​មិន​ដូច​គ្នា​ទេ ។ សម្រាប់​របរ​ដែល​ទិញ​លៀស​នេះ រូបគេ​មិនដឹង​ថា តើ​កូន​នឹង​អាច​ស្នង​របប​នេះ​ដែរ​ឬទេ0x017d7 បើសិនជា​កូន​គិត​ថា មុខរបរ​នេះ​ពិបាក​នោះ​គេ​នឹង​អាច​ឈោង​ចាប់​យក​របរ​ផ្សេង​ទៀត ដើម្បី​រក​កម្រៃ​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ។

អ្នកស្រី ឆេ​ង រស់ អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា ក្រៅពី​ទំនេរ​ដាំ​ដុះ​ស្រូវ រួចរាល់​គាត់​ឆ្លៀត​បន្ថែម​មុខរបរ​មួយទៀត គឺ​ទិញ​លៀស​ពី​មាត់ទន្លេ​ក្រុង​កំពង់ចាម​ដឹក​តាម​រថយន្តឈ្នួល​យក​ទៅ​លក់​នៅ​ម្ដុំ​មុខ​រ៉ា រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ជើង​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង​៥​ម៉ឺន​រៀល គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ ។

រាល់ថ្ងៃ​គាត់​ព្រួយបារម្ភ​ពី​ជំងឺ covid 19 ជាមួយ​នោះ​គាត់​ក៏​មាន​វិធី​ការពារ​ដោយ​ប្រើប្រាស់​ម៉ាស​សំរាប់​ពាក់ រួម​ទាំង​អាល់កុល​លាងដៃ​ជាដើម ព្រមទាំង​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​រួចរាល់​ហើយ​ដែរ ។ របរ​នេះ​បាន​ចាប់ផ្ដើម​របរ​នេះ​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ។

អ្នកស្រី​ជា សុខ​ហៀ​ង អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំទៅ​២០២០ លៀស​ដែល​គាត់​គេ​អូស​តាម​ដង​ទន្លេមេគង្គ​ក្នុង​មួយ​បាវ អាច​លក់​បាន​១៥​ម៉ឺន​រៀល តែ​មក​ដល់​ឆ្នាំ​២០២១ ពេល​ដែល​កូ​វី​ដ​ផ្ទុះ​ឡើង​ធ្វើ​ឲ្យ​តម្លៃ​លៀស​មួយ​បាវ​បាន​ធ្លាក់​ចុះ​នូវ​តែ​៥​ម៉ឺន​រៀល​ជាង​ប៉ុណ្ណោះ ។

មាន​ពេល​ខ្លះ កំពុង​តែ​អូស​តាម​ដង​ទន្លេ​ជួន​មេឃ​ខ្មៅ​ងងឹត​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ទូក​ម៉ាស៊ីន​របស់​គាត់​ត្រូវ​លិច​ក៏​មាន ។

អ្នក​រាវ​លៀស​រូប​នេះ​បញ្ជាក់​ថា ទោះបីជា​ទូក​លិច​តែ​មិន​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​មនុស្ស​នៅ​លើ​ទូក​សុទ្ធតែ​ចេះ​ហែល​ទឹក និង​មាន​ប៊ីដុង​តោង​ហែល​ទៀត​ផង ។

រាល់ថ្ងៃ​ចិញ្ចឹម​កូន​បី​នាក់ ឲ្យ​បាន​រៀនសូត្រ​នឹង​គេ ក្រែង​ថ្ងៃ​អនាគត​ពួក​គេ​ល្អ គឺ​មិន​ពិបាក​ដូច​ម្ដាយ​ដែល​ចេញ​រាវ​លៀស​រាល់ថ្ងៃ ជា​មធ្យម​អាច​រាវ​បាន​តែ​បី​បាន​លក់​បាន​១៥​ម៉ឺន​រៀល មនុស្ស​នៅ​លើ​ទូក​បី​នាក់​ត្រូវ​ចែក​គ្នា​បាន​ប្រហែល​ជាង​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ