ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​រនាំង​ដែកភ្លាម! កម្មករ កម្ម​ការី​នី​នាំ​គ្នា​រត់​ចេញពី​តំបន់​បិទ​ខ្ទប់​ជុំវិញ​រោងចក្រ​QMI

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្មករ កម្ម​ការី​នី បាន​នាំ​គ្នា​រត់​ចេញពី​តំបន់​បិទ​ខ្ទប់​ជុំវិញ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​

រាជធានី​ភ្នំពេញ ​៖ ​កម្មករ កម្ម​ការី​នី បាន​នាំ​គ្នា​រត់​ចេញពី​តំបន់​បិទ​ខ្ទប់​ជុំវិញ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI​ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដឹក​រនាំង​ដែក​ត្រៀម​បិទ​ខ្ទប់ ​។ ​នេះ​បើ​តាម​អាជ្ញាធរ មូលដ្ឋាន ក៍​ដូច​ជា​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ ផ្ទះ​ជួល​រស់នៅ តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ នោះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កម្មករ​កម្ម​ការី​នី បាន​នាំ​គ្នា​វេច​បង្វិច​រត់​ចេញ​ជា​បន្តបន្ទាប់ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី៨ ​ខែ មិថុនា ឆ្នាំ​២០២១​ បន្ទាប់​ពី អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​៣ ព្រមទាំង​ភូមិ បាន​ដឹក​រនាំង​ដែក​ទៅ​ដាក់​ពង្រាយ នៅ​ជុំវិញ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ដើម្បី​ត្រៀម​បិទ​ខ្ទប់​មុន​ចេញ​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំណត់​ជា​«​តំបន់​លឿងទុំ​»។

​តាម​ម្ចាស់​ផ្ទះ​ជួល​ម្នាក់ នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ​បានអោយ​កោះសន្តិភាព​ដឹង​នៅ​មុខ​ប្រធាន​ភូមិ​ថា កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​អស់​ប្រមាណ​៤០​ភាគរយ ចេញ​ពី​ផ្ទះ​ជួល​របស់​គាត់​ទៅ​រស់នៅ​តំបន់​ខាងក្រៅ បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ ត្រៀម​បិទ​ខ្ទប់​។

តាម​ម្ចាស់​ផ្ទះ​ជួលខ្លះ​ទៀត បានអោយ​ដឹង​ថា កម្មករ​បាន​បិទទ្វារ រត់​ចេញ​ស្ទើរ​អស់ នៅ​វេលា​ល្ងាច បន្ទាប់​ពី​ទំលាក់​រនាំង​ដែក បាន​ប្រមាណ​១​ម៉ោង និង​បាន​ចាកចេញ​ជា​បន្តបន្ទាប់​រហូត​ដល់​យប់​។

តាម​ប្រភពពី​​កម្មករ​បាន​លើក​ហេតុផល​ថា ពួក​គាត់​មិន​សុខ​ចិត្ត​រស់នៅ​ដោយ​វេទនា​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ឡើយ ព្រោះ​មិន​អាច​ចេញចូល​ទៅ​ទិញ អីវ៉ាន់ ឬ​ទៅ​ធ្វើការ​បាន​, ​ណាមួយ​មួយ​រោងចក្រ ​QMI បាន​បិទទ្វារ មិន​បាន​បើក​ប្រាក់ខែ​អោយ​កម្មករ​ទៀត តើ​មាន​ប្រាក់​ឯណាទិញ​បាយ​ហូប​។​ ដោយសារ​តែ​ស្ថានភាព​លំបាក់​បែប​នេះ​ទើប​រត់​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​មួយ​រយះ​សិន ។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ មិថុនា ឆ្នាំ​២០២១ ប្រធាន​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ ក៍បាន​បន្ត​ចុះ​ទៅ​ស្រង់​ស្ថិតិ​កម្មករ កម្ម​ការី​នី​ស្នាក់​នៅ​បន្ទប់​ជួល​តាម​ការ​ណែនាំរបស់​អាជ្ញាធរ​ខណ្ឌ​សង្កាត់ ដើម្បី​ចុះ​ជួយ​ឧបត្ថម្ភ​នៅ​ពេល​បិទ​ខ្ទប់ ក៍បាន​អោយ​ដឹង​ថា កម្មករមួយ​ចំនួន​ពិត​ជា​​បាន​រត់​ចេញពីផ្ទះ​ជួល ដែល​ត្រូវ​បិទ​ខ្ទប់​នោះ​មែន​។

គួរ​បញ្ជាក់​ថា កម្មករ​ ក​ម្ម​ការី​នី​នៅ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ជា​បន្តបន្ទាប់​រហូត​ដល់​៣០២​នាក់ កាលពី​ថ្ងៃ​ទី​៤-៥ និង​ទី​៦ ​ខែ​មិថុនា ឆ្នាំ​២០២១​។​ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី​៦ ខែមិថុនា កម្មករ កម្ម​ការី​នី​ដែល​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​ៗ និង​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅ ជុំវិញ​រោងចក្រ​នោះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី ឃើញ រថយន្ត​បើក​ស៊ី​រ៉ែ​ន​ជា​ច្រើន​គ្រឿង​ចេញចូល​ដឹក​អ្នកជំងឺ​រហូត​ដល់​យប់​ជ្រៅ ។​

ភ្លាម​ៗ អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​នោះ​ទេ ទុក​រយះ​ពេល​២​ថ្ងៃ រហូត​ដល់​រសៀល​ថ្ងៃ​ទី៨ ខែ មិថុនា ឆ្នាំ ២០២១​ ទើប​អាជ្ញាធរ បាន​ដឹក​រនាំង​ដែក​ត្រៀម​បិទ​ខ្ទប់​តាម​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន កំណត់​ផ្នែក​ខ្លះ នៃ​ភូមិ​ចោម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​“​តំបន់​លឿងទុំ​” សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ទន្ទឹម​ការ​ដាក់​រនាំង​ដែក អាជ្ញាធរ​ពុំ​បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​នោះទេ​ ទើប​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ មិថុនា ឆ្នាំ​២០២១​ អាជ្ញាធរ​ក៍បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​ទាំងស្រុង គឺ​មុន​សេចក្តីសម្រេច របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំណត់​គិត​ពី​ម៉ោង គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​ ។​ ទោះបីជា​យ៉ាងណា កម្មករ​មួយ​ចំនួន​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ហើយ ធ្វើការ​នៅ​រោងចក្រ​ក្រៅ​តំបន់​និង​មួយ​ចំនួន​ទៀត​ដែល​ជា​កម្មករ រោងចក្រ QMI បាន​នាំ​គ្នា រត់​ចេញ​មិន​តិច​ជាង​៥០​ភាគរយ​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ