ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ឡើងវិញ! តំបន់ជុំវិញរោងចក្រ QMI បន្ទាប់ពីរកឃើញកម្មករកម្មការិនី ២៩៦នាក់ ឆ្លងកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ បានដឹករនាំង ដែក ទៅបិទខ្ទប់ ផ្សារ​ត្រពាំងពោធិ៍ និងតំបន់ជុំវិញ​រោងចក្រ ហ្គេ្រន…

រាជធានីភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ បានដឹករនាំង ដែក ទៅបិទខ្ទប់ ផ្សារ​ត្រពាំងពោធិ៍ និងតំបន់ជុំវិញ​រោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI។ វិធានការ​បិទខ្ទប់នេះ បន្ទាប់ពីរកឃើញកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ សរុបចំនួន ២៩៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦មិថុនា។

​នៅវេលាម៉ោងប្រមាណ ៤និង ៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ​ អាជ្ញាធរ​សង្កាត់ និងអាជ្ញាធរ​ភូមិ បានដឹករនាំងដែក យកទៅដាក់ នៅតាមច្រកផ្លូវចេញចូលមួយចំនួនជាបណ្តើរៗ​ហើយ។

ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ​ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូល​យ៉ាងច្រើនកុះករ។

​ប្រភព​ព័ត៌មាន បាន​អោយដឹងថា មុនការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ម្ចាស់រោងចក្ររោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ហៅរោងចក្រQMI ក៏បានជូនដំណឹងជាថ្មីដល់កម្មករកម្មការិនី ឲ្យ​ឈប់​សំរាកចំនួន ១៤ថ្ងៃផងដែរ។

តាមសេចក្តីជូនដំណឹង នាយកក្រុមហ៊ុន ហ្គេ្រនធ្វីន សូមជំរាបជូនបងប្អូនកម្មករនិយោជិត​ទាំងអស់ជ្រាបថា យោងតាមសេចក្តីណែនាំរបស់សមត្ថកិច្ចចម្រុះ មានតំណាងសាលារាជធានីភ្នំពេញ, តំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្រុមហ៊ុន ត្រូវបានផ្អាកផលិតកម្ម ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ។

នៅក្នុងសេចក្តីជូនដំណឹង ក៏បានអោយដឹងទៀតថា ដោយមានការណែនាំពីស្ថាប័​នសមត្ថកិច្ច មិនអោយជួបជុំគ្នា ក្រុមហ៊ុនសម្រេចលើកពេលបើកប្រាក់ឈ្នួលខែឧសភា ទៅបើកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន សូមអំពាវនាវដល់កម្មករនិយោជិតទាំងអស់ បន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនិងតាមដានសុខភាព អោយបានត្រឹមត្រូវ បើមានបញ្ហាសង្ស័យ ដូចជា ផ្តាសាយ ក្អក។ល។សូមទៅយកសំណាកបន្ទាន់ ដោយគោរពអោយបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ពិសេស​ប្រសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំ​។

គួរបញ្ជាក់ថា រោងចក្រ ហ្គេ្រនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រQMI ជារោងចក្រកាត់ដេរ​សំលៀកបំពាក់ដ៏ធំមួយ ស្ថិតនៅទីប្រជុំជន និងផ្សារ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ​កម្មការិនី ប្រមាណ ៤ពាន់នាក់​។

នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា កម្មករកម្មការីនី បានទៅធ្វើតេស្ត នៅព្រៃទា រកឃើញវិជ្ជមានចំនួន ៨២នាក់ និងនៅថ្ងៃទី០៦ ខែមិថុនា ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តជាទ្រង់ទ្រាយធំ នៅក្នុងទីតាំងរោងចក្រ រហូតដល់យប់ជ្រៅ ហើយបានរកឃើញ វិជ្ជមានកូវីដ១៩ ចំនួន ២១៤នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន ២៨១១នាក់។ សរុបនៅក្នុងរយៈពេល ៣ថ្ងៃ រកឃើញអ្នក​វិជ្ជមានចំនួន ២៩៦នាក់។

បន្ទាប់ពីផ្ទុះនូវវិជ្ជមានកូវីដយ៉ាងច្រើននេះ ទើបអាជ្ញាធរ ក៏ដូចជា ក្រសួងសុខាភិបាល បានបិទ ខ្ទប់តំបន់ជុំវិញរោងចក្រ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងបានណែនាំអ្នកពាក់ព័ន្ធ តាមដានសុខភាព និងទៅយកសំណាក៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ