ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ដារ​ទទួល​បាន​បច្ច័យ​ពី​កឋិនទាន​ជាង​៤២​លាន​រៀល​សម្រាប់​កសាង​វត្ត

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​វត្ត​បុព្វ​សុ​វ​ណ្ណា​រាម​ដារ ហៅ​វត្ត​ដារ ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ កំពុង​តែ​មានការ​ខ្វះខាត​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម នោះ​ក៏​ត្រូវ​បាន​អង្គ​កឋិនទាន​មួយ​ផ្តួចផ្តើម​ដោយ​អ្នកស្រី ខាន់ ចា​ន្នី

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​វត្ត​បុព្វ​សុ​វ​ណ្ណា​រាម​ដារ ហៅ​វត្ត​ដារ ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ កំពុង​តែ​មានការ​ខ្វះខាត​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម នោះ​ក៏​ត្រូវ​បាន​អង្គ​កឋិនទាន​មួយ​ផ្តួចផ្តើម​ដោយ​អ្នកស្រី ខាន់ ចា​ន្នី ព្រមទាំង​កូន​ៗ​បាន​ដង្ហែរ​ចូល​នា​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ២១៥ រួម​ជាមួយ​ជាមួយ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​នាំ​បច្ច័យ​ចំនួន​ជាង​៤២​លាន​រៀល ដើម្បី​រួមចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​តទៅ​មុខ​ទៀត ។

ព្រះ​តេជគុណ ជាន ប៊ុ​ន​ធឿ​ន ចៅអធិការ​វត្ត​ដារ មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​តែងតែមាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត រួម​ទាំង​អ្នក​នៅ​ទី​ជិត​ទី​ឆ្ងាយ​បាន​រៀបចំ​បុណ្យ​កឋិនទាន​ដង្ហែ​មក​កាន់​វត្ត​ដារ  ដែល​កំពុង​តែ​ជួប​នូវ​កង្វះខាត​បច្ច័យ​សម្រាប់​កសាង​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​នេះ ។

ព្រះ​តេជគុណ ជាន ប៊ុ​ន​ធឿ​ន មាន​សង្ឃដីកា​បន្ត​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ អ្នកស្រី ខាន់ ចា​ន្នី​, លោក ស្រ៊ុ​ន ធី​, លោក ស្រ៊ី លាភ​, លោកស្រី ស្រ៊ុ​ន ស្រី​ស ព្រមទាំង​បុត្រាបុត្រី​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ បាន​រៀបចំ​អង្គ​កឋិនទាន​មួយ​ដោយ​មាន​ភាព​អធិកអធម​ដង្ហែ​ចូល​មក​កាន់​វត្ត​របស់​ព្រះ​អង្គ ។ សម្រាប់​បច្ច័យ​ដែល​ប្រមូល​បាន​សរុប​គឺ​មាន​ចំនួន​ជាង​៤២​លាន​រៀល ទាំងនេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ស្រលាញ់​នូវ​ព្រះពុទ្ធ​សាសនា​របស់​លោកស្រី ចា​ន្នី ព្រមទាំង​កូន​ៗ​។ ចំពោះ​បច្ច័យ​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​គណៈកម្មការ​វត្ត​គ្រប់គ្រង ដើម្បី​យក​ទៅ​កសាង​សាលា​ពុទ្ធិកបឋមសិក្សា ដែល​ស្ថិត​នៅ​ក្បែរ​ច្រកចូល​ក្នុង​វត្ត ។

សព្វ​ថ្ងៃនេះ​មាន​ព្រះសង្ឃ​ចំនួន​៣៥​អង្គ​និមន្ត​មក​ពី​តាម​បណ្តា​វត្ត​នានា ក្នុង​នោះ​មាន​ដូច​ជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្រុក​កងមាស ព្រមទាំង​បណ្តា​វត្ត​ផ្សេង​ៗ​ទៀត​ជា​ច្រើន​កំពុង​តែ​គង់នៅ​រៀន​ព្រះធម៌ ។

ព្រះ​តេជគុណ ជាន ប៊ុ​ន​ធឿ​ន បញ្ជាក់​ថា នា​ពេល​កន្លង​មក​អ្នកស្រី ខាន់ ច​ន្នី ព្រមទាំង​កូន​ៗ​បាន​ចូលរួម​បុណ្យ​កឋិនទាន​ជាមួយនឹង​ពុទ្ធបរិស័ទ​ផ្សេង​ទៀត​ជា​ច្រើន​នាក់ បាន​ដង្ហែ​មក​វត្ត​ដារ​សំរាប់​នៅ​ឆ្នាំ​២០១៥​នេះ​បាន​រៀបចំ​កឋិនទាន​កាន់តែ​មាន​ភាព​អធិកអធម​ឡើង​តែ​ម្តង រួម​ជាមួយ​កូន​ៗ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​កាន់តែ​មាន​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ​សាសនា ដែល​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៩០​ភាគរយ​កំពុង​តែ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ។ ព្រះ​អង្គ​មាន​ជំនឿ​មុតមាំ​ថា នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​មាន​អង្គ​កឋិនទាន​ដង្ហែ​មក​ពី​កន្លែង​ផ្សេង​ទៀត​មក​កាន់​វត្ត​ដារ ហើយ​ព្រះ​អង្គ​នឹង​ប្រឹងប្រែង​ខិតខំ​កៀងគរ​បច្ច័យ​ដើម្បី​មក​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម​សំដៅ​ឲ្យ​មានការ​រីក​ចម្រើន​ឡើង​ៗ ៕