ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​សម្របសម្រួល​ស្ថានការណ៍​កំពុង​ភ្ញាក់ផ្អើល បន្ទាប់​ពី​ការ​ចាប់​ជនអន្តោប្រវេសន៍​ចិន​ចំនួន​168​នាក់

8 ឆ្នាំ មុន

ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​បើក​កិច្ចប្រជុំ ពិភាក្សា​ដោះស្រាយ​ជាមួយ​ម្ចាស់​អាជីវកម្ម មាន​ជា​អាទិ៍​ដូច​ជា ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ កាស៊ីណូ និង​ល្បែងភ្នាល់​តាម​អន​ឡាញ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ឯម សំ​អាន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​បើក​កិច្ចប្រជុំ ពិភាក្សា​ដោះស្រាយ​ជាមួយ​ម្ចាស់​អាជីវកម្ម មាន​ជា​អាទិ៍​ដូច​ជា ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ កាស៊ីណូ និង​ល្បែងភ្នាល់​តាម​អន​ឡាញ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចម្រុះ​គ្រប់គ្រង​អាជីវកម្ម និង​លោក យន្ត មីន អភិបាលខេត្ត ។

កិច្ចប្រជុំ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រធាន​មន្ទីរ​ទេសចរណ៍ មន្ទីរ​ការងារ ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​តំណាង​ម្ចាស់​អាជីវកម្ម ។

លោកនាយ​ឧត្តមសេនីយ៍ ឯម សំ​អាន បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នា​ពេល​នេះ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​និង​ពិភាក្សា​រក​ដំណោះស្រាយ​ល្អ​ៗ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​ដោយ​វិនិយោគិន ។ ជា​ពិសេស អ្នក​វិនិយោគ​ជនជាតិ​ចិន ដែល​បាន​មក​ធ្វើ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ការ​មក​ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​មាន​ចំនួន​កើនឡើង​បន្ថែម​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍ បន្ត​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ជនជាតិ​ចិន​បាន​ចាក​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ គឺ​ក្រោយ​ពី​មានការ​ចាប់​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់ កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មក​ទៅ​ប្រទេស​ចិន​វិញ ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ជនជាតិ​បរទេស ដែល​មក​ធ្វើការ​វិនិយោគ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​វិនិយោគិន ។ ដូច្នេះ​យើង​ជួបជុំ​គ្នា​នា​ពេល​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​រក​វិធានការ​សមរម្យ​ណាមួយ ដើម្បី​ជា​ការ​កែសម្រួល​ដល់​អ្នក​វិនិយោគឯកជន ក្នុង​ការ​ចូល​មក​វិនិយោគ និង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​មានការ​រីក​ចម្រើន​បន្ត​ទៀត ។

លោក យន្ត មីន អភិបាលខេត្ត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នឹង​ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និង​អាជីវករ​ប្រកប​មុខរបរ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងអស់ ដែល​មក​ធ្វើការ​បណ្តាក់ទុន​រកស៊ី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ចេញ​អាជ្ញាប័ណ្ណ ដើម្បី​រួម​គ្នា​ដោះស្រាយ​ក្នុង​ការ​ចូល​មក​ធ្វើការ​វិនិយោគ​តាម​ផ្នែក​ជំនាញ​នីមួយ​ៗ ឱ្យ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា ទាំង​ផ្នែក​ឯកជន និង​អាជ្ញាធរ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ពិសេស​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា លោក​នឹង​បន្ត​ការ​គាំទ្រ​រាល់​វិនិយោគិន ដែល​មានច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ហើយ​លោក​អំពាវនាវ​ដល់​វិនិយោគិន​នៅ​ក្នុង​ខេត្ត​ទាំងអស់ សូម​គោរព​ទៅ​តាម​ច្បាប់​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ចៀសវាង​ការ​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​ស្វែងរក​វប្បធម៌​អន្តរាគមន៍ ដោយ​អាង​អ្នកមាន​លុយ និង​មាន​អំណាច​នៅ​ខាងក្រោយ​ខ្នង ដែល​បង្ក​បញ្ហា​ប្រាសចាក​ទៅ​នឹង​ផ្លូវច្បាប់ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​កាស៊ីណូ​សរុប​ចំនួន​១៦​កន្លែង ក្នុង​នោះ​មានច្បាប់​អនុញ្ញាត​ចំនួន​១៣​កន្លែង និង​មិន​មានច្បាប់​ចំនួន​៣​កន្លែង ។ ទីតាំង​កាស៊ីណូ​ទាំងនោះ មាននៅ​ក្នុង​សង្កាត់​លេខ​២​ចំនួន​១​កន្លែង សង្កាត់​លេខ​៣​ចំនួន​៨​កន្លែង និង​សង្កាត់​លេខ​៤​ចំនួន​៧​កន្លែង ។ 

កាល​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១០ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​កាស៊ីណូ​តែ​៦​កន្លែង​ទេ ប៉ុន្តែ​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​បើក​កាស៊ីណូ​នៅ​ភ្នំពេញ ទើប​កាស៊ីណូ​បាន​មក​ពង្រីក​ទីតាំង​ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ច្រើន ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​ទាំងនោះទេ ៕