ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា និង​វីរភាព​កម្ចាត់​សត្រូវ​ឈ្លានពាន របស់​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត

8 ឆ្នាំ មុន

ប្រវត្តិ​តស៊ូ​ប្រយុទ្ធ​កម្ចាត់​សត្រូវ​បរទេស​ឈ្លានពាន និង​ប្រវត្តិ​ស្នេហា​របស់​វីរបុរស «​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត​»​ជា​ប្រវត្តិ​ដ៏​គួរ​ឱ្យ​ជក់ចិត្ត​។ ប្រវត្តិ​នេះ​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជ្រាប​តាម​រយៈ​ស្នាដៃ​រៀបរៀង

ប្រវត្តិ​តស៊ូ​ប្រយុទ្ធ​កម្ចាត់​សត្រូវ​បរទេស​ឈ្លានពាន និង​ប្រវត្តិ​ស្នេហា​របស់​វីរបុរស «​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត​»​ជា​ប្រវត្តិ​ដ៏​គួរ​ឱ្យ​ជក់ចិត្ត​។ ប្រវត្តិ​នេះ​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជ្រាប​តាម​រយៈ​ស្នាដៃ​រៀបរៀង ចងក្រង​របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ អតីត​ជា​មន្ត្រី​នៅ  «​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​» នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ ។

១-​កុមារភាព​របស់​ម៉ឺន​មាស
ក្នុង​រជ្ជកាល​ព្រះបាទ​ម​ហិ​ន្ឋ​រាជា (​ព្រះ​ស​ត្ថា (១៥៧៦-១៥៩៥) មានស្រុក​(​មេឃុំ​)​ម្នាក់​ឈ្មោះ​សោម បម្រើ​ការងារ​នៅ​ក្នុង​ដែន​ចៅ​មឿង ក្រ​កោះ ខេត្ត​អាស​ន្ទុ​ក​(​ស្ថិត​ក្នុង​ខេត្តកំពង់ធំ​សព្វថ្ងៃ​) អ្នកផង​តែង​ហៅ​គាត់​ថា ពញា​សោម (​មិនដឹង​ប្រពន្ធ​ឈ្មោះ​អ្វី​) លោក​មេស្រុក​សោម មានកូន​ប្រុស​ម្នាក់​ឈ្មោះ​មាស ។ នៅ​ក្នុង​តំបន់​នេះ​ចៅពញា​សោម បាន​ចាត់​កុមារ​អាយុ​ស្របាល​ៗ​គ្នា​ចំនួន​៥០០​នាក់ ឱ្យធ្វើ​ជា​បរិវារ​កូន​របស់​លោក ។ ក្មេង​ទាំង​អស់នោះ ហៅ​ចៅហ្វាយ​តូច​របស់​ខ្លួន​ថា ម៉ឺន​មាស ។ កុមារ​ម៉ឺន​មាស​តែង​ហៅ​កុមារ​ទាំង​៥០០​នាក់ ប្រជុំ​គ្នា​នៅ​វាលស្រែ​ដែល​ពួក​គេ​សុទ្ធតែ​មានមុខ​ងារ​ជា​អ្នក​គង្វាលគោ ។ រៀងរាល់ថ្ងៃ​ចៅ​ម៉ឺន​មាស​តែង​ចាត់​កុមារ​១០០​នាក់​ឱ្យ​រ៉ាប់រង​រក​ស្បៀងអាហារ ម្ហូបចំណី សម្រាប់​យក​មក​ចិញ្ចឹម​ពួក​ពល​បរិវារ ៤០០​នាក់​ទៀត ដែល​តែងតែ​គោរព​ស្តាប់បង្គាប់​កុមារ​ម៉ឺន​មាស​ទុកជា «​មេ​ធំ​» ។ ឯ​កុមារ​១០០​នាក់​ដែល​ទទួល​បន្ទុក​ចិញ្ចឹម​បំប៉ន​គ្នីគ្នា​៤០០​នាក់​ទៀត​នោះ ខ្លះ​ខំ​ស្វះស្វែង​ទៅ​រក​លួច​អង្ករ​ពី​ឪពុក​ម្តាយ យក​មក​ដណ្តាំបាយ ។ ខ្លះ​ទៀត​ខំ​ដើរ​ច​ច្រប់រ​កបាច​ត្រី ចាក់​អន្ទង់ ជីក​ក្តាម កង្កែប ខ្លះ​ទៀត​បណ្តើរ​ឆ្កែ​ដេញ​សត្វព្រៃ យក​មក​ធ្វើ​ម្ហូប​ចែក​គ្នា​បរិភោគ ។ ចៅ​ម៉ឺន​មាស​បាន​ចាត់​កុមារ​ជា​បរិវារ​ទាំង​៥០០​នាក់​នោះ​ឱ្យ​បោចវល្លិ ផ្តៅ ធាងត្នោត យក​មក​ក្រង​រែង​ធ្វើ​ជា​បន្ទះ​ធំ​ប៉ុន​ផ្លិត ដោយ​មាន​ធ្វើ​ដង​ដើម្បី​ងាយស្រួល​កាន់ ។ កុមារ​ទាំងនោះ​ត្រូវ​មាន​ឧបករណ៍​ប្រភេទ​នេះ ពីរ​ម្នាក់​ៗ ទុកជា​គ្រឿង​ការពារ​ខ្លួន ។

កុមារ​ម៉ឺន​មាស​នាំ​បរិវារ​ទាំង​៥០០​នាក់ ដើរ​លុក​ក្នុង​ព្រៃ​រក​សំបុក​ឃ្មុំ សំបុក​ឪម៉ាល់ ហើយ​ដេញ​វាយ​កម្ចាត់​មេ​ឃ្មុំ មេ​ឪម៉ាល់​ដើម្បី​យក​មេ ឬ​កូន​ក្នុង​សំបុក ដុត​ចម្អិន​ចែក​គ្នា​ស៊ី​តែ​រៀងរាល់ថ្ងៃ ។ ក្នុង​យុទ្ធនាការ​វាយ​មេ​ឃ្មុំ មេ​ឪម៉ាល់​នេះ ប្រសិនបើ​មាន​ក្មេង​ណា​ធ្វេសប្រហែស​បណ្តាល​ឱ្យ​ឃ្មុំ ឬ​ឪម៉ាល់​ទិច​បាន​នោះ ចៅ​ម៉ឺន​មាស​បង្គាប់​ឱ្យ​ក្មេង​ឯទៀត​ចាប់​ក្មេង​ប្រហែស​នោះ​ចង​ធ្វើ​ទណ្ឌកម្ម​ដាក់​ឱ្យ​នៅ​មួយ​កន្លែង ។ នៅ​ពេល​រួច​ពី​ដាក់ទោស ក្មេង​ដែល​ខ្វះ​ការ​ប៉ិន​ប្រសប់​នោះ ត្រូវ​ទៅ​ហាត់​ហ្វឹកហ្វឺន​វាយបក់​ផាត់​មេ​ឃ្មុំ​-​ឪ​ម៉ាស់​ជាមួយនឹង​ឧបករណ៍​បន្ទះ​ផ្តៅ​នោះ  ដរាប​ទាល់តែ​ស្ទាត់ជំនាញ អាច​ការពារ​ខ្លួន មិន​ឱ្យ​ឃ្មុំ​-​ឪម៉ាល់​ទិច​បាន ។ លុះ​ហាត់​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ភមរី​មាន​ពិស​នេះ​ទទួល​បាន​ជោគជ័យ គ្រប់​ៗ​គ្នា​ហើយ កុមារ​មាស​ចាត់​ទុក​បរិវារ​ទាំង​៥០០​នាក់​របស់​ខ្លួន​ថា​ជា​ទ័ព​ខ្លាំងពូកែ ។ ចលនា​ហាត់ពត់លត់ដំ​របស់​កុមារ​មាស ដែល​ជា​មេបញ្ជាការ​របស់​កុមារ​ជា​កូន​ទ័ព​របស់​ខ្លួន​នោះ បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជា​ច្រើន​ខែ​-​ឆ្នាំ អាច​រាប់​បាន​ថា ពួក​គេ​មានការ​ថ្នឹក​ជំនាញ​ជា​បង្គួរ ក្នុង​ការ​រួម​រស់នៅ​ជា​សហគមន៍​តូច​មួយ ចេះ​ចិញ្ចឹម​គ្នា ចេះ​ស្តាប់បង្គាប់​គ្នា តាម​ឋានៈ​ធំ តូច ចេះ​យុទ្ធវិធី​ការពារ​ខ្លួន​ទប់ទល់​នឹង​ឧ​ប​ស័គ្គ ផ្សេង​ៗ ខ្លះ​ៗ​ហើយ ។

លុះ​ពេល​ក្រោយមក ដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​ថា ចលនា​រស់នៅ​ជា​សហគមន៍​ក្មេង​គង្វាល​នេះ​អាច​នឹង​ត្រូវ​អ្នក​ផ​ផង​ចាត់​ទុ​ុ​កថា ជា​ចលនា​ទ័ព​សម្ងាត់ ហើយ​ដែល​នឹង​បង្ក​ការ​អុកឡុក និង​ធ្វើ​ចលនា​បះបោរ យ៉ាងណា​ៗ​ទៅ​ថ្ងៃក្រោយ​នោះ លោក​ពញា​សោម ដែល​ខ្លាចក្រែង​ការណ៍​នេះ​លេចឮ​ទៅ​ដល់​ចៅ​មឿង និង​ចៅហ្វាយស្រុក​ខេត្ត​អាស​ន្ទុ​ក​នោះ លោក​មេឃុំ​ជា​ឪពុក​ក៏​នាំ​ម៉ឺន​មាស​យក​ទៅ​ផ្ញើ​នឹង​លោកគ្រូ ព្រះ​បទុម​បារមី​ស៊ី​ន ជា​ចៅអធិការ និង​ជា​មេគណ​វត្ត​ទ្រៀល ខេត្ត​បារាយណ៍ ឱ្យ​រៀន​លេខ​អក្សរ និង​ក្បួន​សិល្ប៍សាស្ត្រ ផ្សេង​ៗ​ពី​សំណាក់​លោកគ្រូ​ស៊ី​ន​ផង ។

ម៉ឺន​មាស​ជា​កុមារ មាន​ប្រាជ្ញា​ឆ្លៀវឆ្លាត នៅ​រៀន​ជាមួយ​ព្រះ​គ្រូ​មេគណ​បាន​តែ​រវាង​៣​ឆ្នាំ ក៏​បាន​ចេះ​ចាំ​ចប់​ក្បួន​ត្រៃភូមិ ត្រៃវេទ ត្រៃ​យុទ្ធ ត្រៃតា និង​សិល្ប៍​មន្ត​វិជ្ជាការ ឯទៀត​ៗ​ជា​ច្រើន​បាន​ចេះ​ចាំ​ស្ទាត់ជំនាញ ធ្វើ​ឱ្យ​ព្រះ​គ្រូ​ពេញ​ព្រះ​ទ័យ និង​ស្រឡាញ់​លើស​សិស្ស​ឯទៀត ហើយ​ចាត់​ទុក​សាមណេរ (​សិស្ស​ឆ្នើម​ទាំង​ពីរ​នេះ​បាន​បួស​ជា​សាមណេរ​ក្នុង​សំណាក់​វត្ត​ទ្រៀល ស្ថិត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​សព្វថ្ងៃ​) ។ មាស​ជា​សិស្ស​ច្បង (​ចម្បង​) ដែល​មាន​សិស្ស​ម្នាក់​ទៀត​ជា​សិស្ស​ប្អូន​ឈ្មោះ​នេន​ឡី ថ្ងៃមួយ​លោកគ្រូ បទុម​បារមី​ស៊ី​ន កំពុង​ជាប់ដៃ​លេងអុក (​ចត្រង្គ​) មាន​ឧបាសក​ជើងវត្ត​ម្នាក់​ឈ្មោះ​ប៉ា​ង​បាន​បាត់គោ ។ គាត់​ទៅ​សុំ​ពឹង​លោកគ្រូ​ស៊ី​ន​ឱ្យ​ជួយ​ចាប់​យាម​(​ទស្សន៍​ទាយ​ក្បួន​យាម​ក្រឡា​ឱ្យ​ដឹង​ថា តើ​ត្រូវ​ចោរលួច​ទៅ​ទីណា​) មើល តើ​ត្រូវ​ទៅ​តាម​រក​នៅ​ទិស​ខាង​ណា ។ ដោយ​កំពុង​ជក់ចិត្ត​នឹង​ល្បែង​អុក​ខ្លាំង​ពេក លោក​បាន​ប្រើ​នេន​ឡី ឱ្យទៅ​យក​ក្បួន​ចាប់​យាម​ពី​ក្នុង​កុដិ​ដើម្បី​ទស្សន៍​ទាយ​ឱ្យ ។ ទៅ​ដល់​ក្នុង​កុដិ នេន​ឡី​បាន​ប្រទះ​ឃើញ​តម្រា​មាស​មួយ នៅ​លើ​ខ្នង​ស្មុគ​ដ៏​សែន​ចម្លែក ។ នេន​ឡី​លួច​មើលទៅ​ឃើញ​មាន​បាលី​មន្តអាគម ពិសេស​ៗ​ជា​ច្រើន​។ ក្នុង​ចំណោម​នោះ នេន​ឡី​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ «​គាថា​ក្រួច​» ។  លោក​ក៏​ប្រឹង​ហាត់​ទន្ទេញ​ដរាប​ទាល់តែ​ចាំ​ស្ទាត់ ហើយ​សូត្រ​ប្រែកាឡា​ខ្លួន​សាកល្បង​មើល ក៏​កើតជា​សត្វ​ក្រួច នៅ​ទំ​លើ​ស្មុគ​(​ប្រអប់​ម្យ៉ាង​ធ្វើ​ពី​ស្លឹក​ត្នោត មាន​តួ មាន​គម្រប​សម្រាប់​ដាក់​វត្ថុ អ្វី​ៗ)​នោះ ។ ចំណែកឯ​លោកគ្រូ​បទុម​បារមី ដោយ​លោក​ជក់​នឹង​ល្បែង​អុកចត្រង្គ​ខ្លាំង​ពេក លោក​ភ្លេច​គិត​ពី​នេន​ឡី ដែល​ព្រះ​អង្គ​បាន​ប្រើ​ឱ្យទៅ​យក​ក្បួន​យាម​ក្រឡា ។ លុះ​បាត់​នេន​ឡី​យូរ​ពេក លោកគ្រូ​នឹក​បារម្ភ​ក្រែង​នេន​ឡី​បានឃើញ​តម្រា​មាស លោក​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​កុដិ​យ៉ាង​ប្រញាប់ ។ គ្រាន់តែ​ក្រឡេក​ឃើញ​លោកគ្រូ​ភ្លាម នេន​ឡី​ដែល​ក្លាយទៅជា​ក្រួច​នោះ ដោយ​ភ័យ​ខ្លាច លោកគ្រូ​ស្តីបន្ទោស​ដាក់​ទណ្ឌកម្ម ក៏​ពាំ​តម្រា​មាស​នោះ​ស្ទុះ​ហើរ​សំដៅ​ទៅ ភ្នំ​ជី (​ភ្នំ​មួយ​នៅ​ប៉ែក​ឦសាន​ស្រុក​កំពង់ធំ ឮ​ថា​មាន​រ៉ែ​មាស​ផង​) ក្នុង​ខេត្តស្ទឹងត្រែង​(​ជំនាន់​នោះ​) បាត់​ទៅ ។
  
   ២-​សកម្មភាព​របស់​នេន​ឡី
លុះ​ក្រួច​នេន​ឡី បាន​ហើរ​ទៅ​ដល់ទី​តាំង​ថ្មី​ហើយ គេ​ក៏​បាន​ប្រែកាឡា​ខ្លួន​មក​ជា​មនុស្ស​វិញ ។ គេ​ក៏​ចាប់ផ្តើម​មានគំនិត​ចង់​ក្លាយទៅជា​មនុស្ស​ខ្លាំងពូកែ​ម្នាក់ ។ ដំបូង​គេ​យកជាតិ​ហិង្គុល​(​សារជាតិ​មាន​ពណ៌​ក្រហម​) មក​គូរ​សាក់​បាតដៃ បាតជើង​ធ្វើ​ជា​សណ្ឋាន​រាង​កងចក្រ (​អ្នក​ដែល​មាន​រូប​សញ្ញា​កងចក្រ​នេះ​ចាត់ទុកជា​មនុស្ស​មានបុណ្យ​ខ្លាំងពូកែ​) រួច​ក៏​ប្រកាស​តាំង​ខ្លួនឯង​ជា​ស្តេច​មាន​នាម​ថា ព្រះ​បាឡី​កងចក្រ​។  ឡី បាន​សិក្សា​រៀន​បាលី​មន្តអាគម​គាថា​ដ៏ ពូកែ​ៗ​យ៉ាង​ចម្លែក​ដែល​មាន​ចែង​នៅ​ក្នុង​តម្រា​មាស​នោះ ចេះ​ចាំ​ស្ទាត់​គ្មាន​សល់ ហើយ​អាច​ប្រែកាឡា​ខ្លួន​ឱ្យទៅ​ជា​សត្វ អ្វី​ៗ​បាន​ច្រើន​សណ្ឋាន​។  លុះ​បានឃើញ​ឫទ្ធិ​អំណាច​បាឡី​កងចក្រ ពូកែ​ចម្លែក​យ៉ាងនេះ បណ្តាជន​នៅ​តំបន់​នោះ នាំ​គ្នា​គោរព​កោតខ្លាច​ចុះចូល ស្ម័គ្រ​ធ្វើ​ជា​បរិវារ​បម្រើ​ឆ្វេង​ស្តាំ យ៉ាង​គគ្រឹកគគ្រេង គិត​ចាប់តាំងពី​ខេត្ត​កំពង់សៀម រហូត​ទៅ​ទល់​នឹង​នគរ​សៀមរាប ។ សូ​ម្បី​តែ​បណ្តារាស្ត្រ​នៅ​ត្រើយ​ខាង​ជ្រោយចង្វា ខាង​មុខ​ភ្នំពេញ ក៏​បាន​សុំ​ចុះចូល​ជា​សេនា​របស់​បាឡី​កងចក្រ​ទាំងអស់ ។ ពេល​នោះ​បាឡី​កងចក្រ​បាន​បង្គាប់​ឱ្យ​សាង​បន្ទាយ ធ្វើ​សុទ្ធតែ​ថ្ម ក្នុង​ខេត្ត​គោក​សេះ (​ស្រុក​បារាយណ៍​សព្វថ្ងៃ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ទ្រៀល របស់​លោកគ្រូ​ប​ទុប​បារមី​ស៊ី​ន​នោះ​ឡើយ​) ។

តាំងពី​ក្រោយ​ពេល​ដែល​នេន​ឡី​កាឡាខ្លួន​ជា​សត្វ​ក្រួច ពាំ​តម្រា​មាស​ហើរ​ចេញពី​ក្នុង​កុដិ​បាត់​ទៅ​នោះ លោកគ្រូ​បទុម​បារមី មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ព្រោះ​ព្រះ​អង្គ​បាន​ប្រមើល​ទស្សន៍​ទាយ​តាម​ក្បួន​ហោរា​ដឹង​ថា តទៅ​ពេល​ខាង​មុខ នេន​ឡី​ច្បាស់​ជា​តាំងខ្លួន​ជា​មនុស្ស​ខ្លាំងពូកែ ហើយ​ក៏​នឹង​បង្កើត​ជា​ចលនា​បះបោរ ចម្បាំងរាំងជល់ ធ្វើ​ឱ្យ​ព្រះ​នគរ​មានទុក្ខ​កង្វល់​ជា​មិន​ខាន ។ ព្រោះហេតុនេះ​ហើយ បានជា​ព្រះ​អង្គ​បាន​ខិតខំ​បង្ហាត់បង្ហាញ​វិជ្ជា​មន្ត​សិល្ប៍សាស្ត្រ អាគម​គាថា ដ៏ ពូកែ​ៗ​ដល់​សិស្ស​សំណព្វ គឺ​នេន​មាស ឱ្យ​ចេះ​ដឹង​សព្វ​អស់ទាំង​នោះ ដែល​លោកគ្រូ​ចេះ​ទាំង​ប៉ុន្មាន ឥត​មាន​សល់ ក្នុង​គោលបំណង​រារាំង ទប់ស្កាត់ ផ្ចាញ់ផ្ចាល់​សកម្មភាព​ទុច្ចរិត​របស់​បាឡី​កងចក្រ ។

លុះ​ម៉ឺន​មាស​បាន​សិក្សា​ចេះ​ចប់​សព្វ​សិល្ប៍​គាថា មន្ត​បាលី​យ៉ាង​ជ្រៅជ្រះ​ខ្លាំងពូកែ​គួរ​ជាទី​សង្ឃឹម​ហើយ​នោះ ព្រះ​គ្រូ​បទុម​បារមី​ស៊ី​ន បាន​នាំ​សិស្ស​ច្បង​របស់​ព្រះ​អង្គ​ទៅ​ថ្វាយ​សម្តេចព្រះ​កែវ​ហ្វា ពញា​ញោម (​ព្រះ​អង្គ​គ្រងរាជ្យ ដោយ​ពុំ​សូវ​យល់​ពី​សុខទុក្ខ​របស់​រាស្ត្រ ទ្រង់​តែងតែ​ប្រព្រឹត្ត​អំពើ​អបាយមុខ ផ្សេង​ៗ មាន​ទាក់មាន់​ទាក់ទទា បរបាញ់​សត្វ និង​ចាប់​កូនក្រមុំ​អ្នកស្រុក​ធ្វើ​ជា​ល្បែង​កាមតណ្ហា​) ដើម្បី​បាន​បម្រើ​ជា​សេនា​អែប​អង្គ ។ ប៉ុន្តែ​ព្រះ​ពញា​ញោម​ទ្រង់​ពុំ​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​ម៉ឺន​មាស​ទាល់តែ​សោះ ។ ដោយ​ខ្វះ​ព្រះ​ហឫទ័យ​ប្រោសប្រណី និង​ការ​ទំនុកបម្រុង​ពី​ព្រះរាជា ជា​អ​ម្ចាស់ជីវិតលើត្បូង​នោះ យុវជន​មាស​ក៏​សម្រេចចិត្ត​និរទេស​ខ្លួន ចេញពី​ព្រះរាជវាំង ហើយ​ចរយាត្រា​តម្រង់​ឆ្ពោះទៅ​ខេត្ត​សំរោង​ទង​ឆ្វេង ហើយ​ប្រកប​របរ​រកស៊ី​ជួញដូរ​ដូច​អ្នកស្រុក​ធម្មតា​ដើម្បី​ចិញ្ចឹមជីវិត ។

៣-​ជីវិត​ផ្សងព្រេង​របស់​ម៉ឺន​មាស
ក្នុង​ដំណើរ​ត្រាច់រង្គាត់​ទៅ​តាម​ជនបទ​នានា​នោះ ថ្ងៃមួយ​ម៉ឺន​មាស​បាន​ចូល​ទៅ​ដេក​សម្រាកកម្លាំង​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​សំរោង​ទង ។ គាប់​ជួន​ពេល​នោះ មាន​សាមណេរ​មួយ​អង្គ បាន​ចូល​ទៅ​បោសសម្អាត​ក្នុង​ព្រះ​វិហារ​ក៏​បាន​ប្រទះ​ឃើញ​ម៉ឺន​មាស​កំពុង​ដេក​លក់ ដោយ​មាន​ពស់​អង្កា​ច់​មាស​មួយ រុំ​ព័ទ្ធ​ក​ម៉ឺន​មាស​ដែល​ពុំ​បានដឹង​ខ្លួន​អ្វី​សោះ ។ សាមណេរ​នោះ​ឃើញ​ដូច្នោះ​ក៏​ហាក់​ភិតភ័យ ដោយ​ពុំ​បាន​យល់​អំពី​ហេតុ​ចៃដន្យ​អ្វី​ឡើយ ក៏​ប្រញាប់​ទៅ​ទូល​ព្រះ​គ្រូ​ចៅអធិការ​វត្ត អំពី​ហេតុភេទ​ចម្លែក​ដែល​ខ្លួន​បានឃើញ ។ លុះ​លោកគ្រូ​និមន្ត​ទៅ​ដល់ទី​ដែល​ម៉ឺន​មាស​កំពុង​ដេក​លក់ មាន​ពស់​អង្កា​ច់​មាស​រុំ​ក ក៏​ដឹង​យល់​អំពី​ហេតុការណ៍​នោះ ហើយ​ទើប​លោក​យក​ទឹក​ផ្តិលសំរឹទ្ធិ​ទៅ​ប្រោះ​លើ​ពស់​នោះ​ដែល​រលា​ខ្លួន​ចេញពី​ក​ម៉ឺន​មាស ហើយ​ក៏​លូន​សំដៅ​ទៅ​ទិសអាគ្នេយ៍​បាត់​ទៅ ។ លុះ​ត្រូវ​ទឹកមន្ត​ប្រោះព្រំ​របស់​លោកគ្រូ​មេវត្ត ម៉ឺន​មាស​ក៏​ភ្ញាក់​ដឹងខ្លួន​ឡើង ហើយ​ថ្វាយបង្គំ​លោកគ្រូ​ចៅអធិការ ។ ក្រោយ​ពី​បាន​សាកសួរ​ឈ្មោះ ទីលំនៅ និង​ដំណើរ​ជីវិត​របស់​ម៉ឺន​មាស​រួច​មក លោកគ្រូ​ក៏​ទស្សន៍​ទាយ​ថាៈ «​តទៅ​ថ្ងៃ​មុខ ចៅ​ឯង​នឹង​ក្លាយទៅជា​មហា​សេនា​ដ៏​ខ្លាំងពូកែ​មួយ ចូរ​ចៅ​ឯង​ដើរទៅ​កាន់​ទិសអាគ្នេយ៍ តាមតម្រាយ​ផ្លូវ​ដែល​ពស់​លូន​នាំមុខ​ចុះ ចៅ​នឹង​បានទ្រព្យ​គាប់​ចិត្តជា​មិន​ខាន​» ។

បន្ទាប់​នោះ ម៉ឺន​មាស​ក៏​ថ្វាយបង្គំ​លា​លោកគ្រូ​មេវត្ត ទៅ​កាន់​ទិសអាគ្នេយ៍​តាម​សង្ឃដីកា របស់​ព្រះសង្ឃ​សប្បុរស​នោះ ។ លុះ​ដើរ​បាន​បន្តិច​ទៅ​ក៏​បានឃើញ​ត្រពាំង​ទឹក​មួយ រួច​ក៏​ដើរ​ហួស​ទៅ ។ ដើរ​មិន​ទាន់​បាន​ប៉ុន្មាន​ជំហាន​ផង ក៏​ហាក់​បានឮ​សំឡេង​មនុស្ស​បង្កូកហៅ​ពី​ក្នុង​ត្រពាំងមក​។ ម៉ឺន​មាស​ងាក​ក្រោយ​រក​មើល ក៏​ពុំ​ឃើញ​មាន​មនុស្ស​ទាល់តែ​សោះ ឃើញ​តែ​ក្បាល​ខ្មោច​ក្របី​មួយ​ទៅ​វិញ ក៏​គិតស្មាន​ក្នុង​ចិត្ត​ថា សំឡេង​ហៅ​អម្បាញ់មិញ​នេះ ប្រហែលជា​ខ្មោច​ក្របី​លង​ហើយ​មើលទៅ ។ ម៉ឺន​មាស​ខឹង​ណាស់ ក៏​ចាប់​លើក​ក្បាល​ក្របី​នោះ​បោក​យ៉ាង​ខ្លាំង​ទៅ​លើ​ដី​រឹង នា​មាត់​ត្រពាំង​នោះ បណ្តាល​ឱ្យ​ឆ្អឹង​ក្បាល​ក្របី​នោះ​បែកចេញ​ជា​ផ្នែក ។ ស្រាប់តែ​ម៉ឺន​មាស​បានឃើញ «​កាស​ក្របី​» មួយ​ដុះ​ម្រះ មាន​ពណ៌​ក្រហមទុំ​ទែង ។ ម៉ឺន​មាស​អរ​ណាស់ ក៏​រើស​យក​កាស​ក្របី​នោះ​ទុក ហើយ​វិល​ត្រឡប់​ទៅ​ដេក​សម្រាក​នៅ​ក្នុង​វត្ត​សំរោង​ទង​វិញ ។ ពេល​កំពុង​ដេក​លក់ យុវជន​មាស​យល់សប្តិ​ឃើញ​ព្រាយ បិសាច ដែល​រក្សា​កាស​ក្របី​នោះ មាន​សណ្ឋាន​រូបរាង​ជា តា​ចាស់​ម្នាក់ ស្លៀកពាក់​សំពត់​ស បរិសុទ្ធ​មក​ប្រាប់​ថាៈ «​ចូរ​ចៅ​ទៅ​គាស់​កំណប់​នៅ​ក្រោម​ដើម​ត្រាច ដែល​ដុះ​នៅ​នា​មាត់​ស្រះ​វត្ត​សំរោង​ទង​ចុះ ចៅ​នឹង​បាន​វត្ថុ​ពិសេស​មួយ​ជា​មិន​ខាន​»  ។ លុះ​ភ្ញាក់ពីដេក​ឡើង ម៉ឺន​មាស​ក៏​ម្នីម្នា​យក​ចុង​កាំបិត​ស្នៀត​ជីកដី​ត្រង់​តម្រុយ​នោះ​ទៅ ក៏​ប្រទះ​ឃើញ​ប្រអប់​សំរឹទ្ធិ​មួយ​យ៉ាង​ល្អ ។ លុះ​បើក​ប្រអប់​នោះ​ទៅ ម៉ឺន​មាស​ក៏​បានឃើញ តម្រា​(​ក្បួនខ្នាត​តូច ធ្វើ​ពី​សាស្ត្រា​ស្លឹករឹត មាន​មន្ត​វិជ្ជាការ​សិល្ប៍សាស្ត្រ​ដ៏​ពូកែ​)​មួយ ។ មិន​បង្អង់​ឡើយ​ចៅ​មាស​ក៏​យក​ទាំង​ក្បួន ទាំង​ប្រអប់​ទៅ​រក្សា​ទុក​ជាមួយនឹង​កាស​ក្របី ដែល​ខ្លួន​មាន​ពី​មុន​ស្រាប់​មក​ហើយ រួច​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។

តាំងពី​បាន​វត្ថុ ពិសេស​ៗ​មក​ទុក​ក្នុង​ខ្លួន​កាលណា​មក ម៉ឺន​មាស​ប្រកប​របរ​ធ្វើ​ជំនួញ​សព្វសារពើ​បាន​ចំណេញ​ច្រើន​ទ្វេ​ឡើង មួយ​ជា​ប្រាំមួយ​ជា​ដប់​ធ្វើ​ឱ្យ​យុវជន​មាស​ក្លាយ​ខ្លួន​ជា​អ្នកមាន​យ៉ាង​ឆាប់ ។ ម៉ឺន​មាស​បាន​លោះ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​យ៉​ត យក​មក​ធ្វើ​ជា​ខ្ញុំ​ក​ដរ ដើម្បី​ជួយ​ជា​កម្លាំង​ក្នុង​មុខរបរ​របស់​ខ្លួន ។ មិនយូរ​ប៉ុន្មាន ម៉ឺន​មាស​ដែល​មាន​អា​យ៉​ត​ជា​ជំនួយ​រកស៊ី​កាន់តែ​កាក់កប ខ្លាំង​ឡើង​ៗ រហូត​ដល់​មាន​គោ ក្របី ដំរី មាស ប្រាក់​សម្បូរ​ពុំ​មាន​ខ្វះ​អ្វី​ឡើយ ។

៤-​ឋានៈ​នាទី​របស់​ម៉ឺន​មាស
ដូច​យើង​ធ្លាប់​បានដឹង គ្រប់​ៗ​គ្នា​ហើយ​ថា ដំណើរ​ជីវិត​ដែល​ប្រកបដោយ​ការ​កំណត់​ទិស​ដៅ​ច្បាស់លាស់​នោះ​គឺ ៖

ក​/-​នៅ​ដំណាក់កាល​ទី​១ ៖ ត្រូវ​រិះរក​រៀន​វិជ្ជា ផ្សេង​ៗ សម្រាប់​បំពាក់បំប៉ន​ឱ្យ​ខ្លួន​នូវ​គ្រប់​សមត្ថភាព ដែល​សង្គម​ត្រូវការ ។

ខ​/-​នៅ​ដំណាក់កាល​ទី​២ ៖ ត្រូវ​ខិតខំ​ស្វះ​ស្វែងរក​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សម្មាអាជីវោ គឺ​ប្រកប​មុខរបរ​មួយ​ស្អាតស្អំ​ត្រឹមត្រូវ មិន​កេងប្រវ័ញ្ច មិន​រំលោភ​ឈ្លានពាន ឆបោក បំបាត់​បិទ​ភ្នែក​អ្នក​ដទៃ ។

គ​/-​នៅ​ដំណាក់កាល​ទី​៣ ៖ ត្រូវ​គួប​ផ្សំ​ចំណេះវិជ្ជា សមត្ថភាព និង​ទ្រព្យសម្បត្តិ ដើម្បី​ស្វែងរក​ឋានៈ​នាទី​ក្នុង​សង្គម​ដ៏​សម​ស្រប​ណាមួយ​សំដៅ​បម្រើ​សង្គម និង​បម្រើ​ជាតិ​ឱ្យ​បាន​ថ្កុំថ្កើង រុងរឿង ដោយ​ស្មារតី​ស្មោះត្រង់ និង​ប្តូរផ្តាច់ ។

ទម្រាំ​បាន​ពុះពារ​ឆ្លងកាត់​ដល់​ដំណាក់កាល​នេះ ជីវិត​ម៉ឺន​មាស​សឹង​ពោរពេញ​ទៅ​ដោយ​សេចក្តី​អំណត់ ព្យាយាម តស៊ូ​ឥត​រា​ថយ ។ មក​ដល់​ពេល​នេះ ម៉ឺន​មាស​ដែល​មាន​ប្រវត្តិ​តស៊ូ​ដាច់ខាត​នោះ ត្រូវ​បាន​ព្រហ្ម​លិខិត​រៀបចំ​ឋានៈ​មួយ​ដ៏​ស័ក្តិសម​ទៅ​នឹង​សមត្ថភាព និង​លក្ខណៈសម្បត្តិ​របស់​ខ្លួន ។

គាប់​ជួន​ពេល​នោះ ពញា​ភក្តី​តេ​ជោ ក្រឡាពាស​ឆ្វេង​(​ឋានៈ​របស់​មន្ត្រី​សក្តិ​តូច​ខាង​អាណាចក្រ​សម័យ​ជាន់​ដើម​(​វចនានុក្រម ជ​.​ណ ទំព័រ​៨១) តាម​ន័យ​ក្នុង​ឯកសារ​នេះ​ប្រហែល​ងារ​ជា​ភូឈួយខេត្ត​) ស្រុក​សំរោង​ទង លោក​អនិច្ចកម្ម​ទៅ អស់​ពួក​បណ្តារាស្ត្រ​ប្តឹង​ស្នើ​ទៅ​ចៅពញា​តេ​ជោ ស្រុក​សំរោង​ទង សុំ​អនុញ្ញាត​តែងតាំង​ម៉ឺន​មាស​ជា​ក្រឡាពាស​ឆ្វេង​ហើយ​ចៅពញា​តេ​ជោ​ចៅហ្វាយស្រុក​សំរោង​ទង (​ឋានៈ​ស្មើនឹង​ចៅហ្វាយខេត្ត​នា​ពេល​បច្ចុប្បន្ន​) យល់ព្រម​តាម​សំណើ ។ ដូច្នេះ​គហបតី​ម៉ឺន​មាស​ពេល​នេះ បាន​ក្លាយទៅជា​មន្ត្រី​ភូឈួយ​ថ្នាក់​ខេត្ត​អាស្រ័យ​ដោយ​ប្រជារាស្ត្រ​គោរព​ស្រឡាញ់​រាប់អាន និង​ដោយ​មើលឃើញ​លក្ខណៈសម្បត្តិ​ខាង​ប្រាជ្ញា​ស្មារតី និង​ខាង​សមត្ថភាព​ការងារ ក៏​ដូច​ជា​សីលធម៌​ល្អល្អះ​គួរ​ជាទី​ទុកចិត្ត ។ តាំងពី​ម៉ឺន​មាស​បាន​កាន់​តំណែង​រាជការ  ជា​អ្នកគ្រប់គ្រង​ប្រជារាស្ត្រ​ក្នុងស្រុក​នោះ​មក លោក​បាន​ខិតខំ​យកចិត្តទុកដាក់ មើល​សុខទុក្ខ​ប្រជារាស្ត្រ​បាន​កក់ក្តៅ ក្រោម​ម្លប់​បុណ្យ​សម្ភារ​របស់​ខ្លួន ធ្វើ​ឱ្យ​រាស្ត្រ​កាន់តែ​ស្រឡាញ់ គោរព​លោក​ថែម​ទៀត ។ ក្រៅពី​នេះ លោក​បាន​ខិតខំ​បំពេញ​បាន​ល្អ​នូវ​ភារកិច្ច​របស់​លោក ព្រមទាំង​ខិតខំ​គោរព​ប្រណិប័តន៍​ចៅហ្វាយ​ថ្នាក់លើ​គ្រប់​លំដាប់ ដោយ​មាន​ជំនូន​ភស្តុ​ភារ ជូន​ទៅ​លោក​ចៅហ្វាយស្រុក  បាឡាត់​ស្នង ក្រឡាបញ្ជី​ជា រឿយ​ៗ ធ្វើ​ឱ្យ​លោក​ក្លាយជា​មន្ត្រី​សំណព្វ​របស់​ថ្នាក់លើ​ជា​ចៅហ្វាយ​ទៀត​ផង ។ ដូច្នេះ​កាយវិការ​សប្បុរស​ឆ្លៀវឆ្លាត​ខាង​ការងារ ចិត្តសាស្ត្រ​គ្រប់គ្រង និង​ការងារ​ទូត យល់​ស្គាល់​អធ្យាស្រ័យ​ចំពោះ​ចៅហ្វាយ​ដូច្នេះ​លោក​បាន​ទទួល​ការ​ស្រឡាញ់​រាប់អាន​ទាំង​ពី​ប្រជារាស្ត្រ មន្ត្រី​ថ្នាក់​ក្រោម ក៏​ដូច​ថ្នាក់លើ​ដែរ ។

ក្រោយមក​ទៀត ព្រេងសំណាង​ចេះ​តែ​ញញឹម​អបអរ​ស្វាគមន៍​ចំពោះ​រូប​លោក​ជា​បន្ត ថ្ងៃមួយ​លោក​ចៅហ្វាយស្រុក​សំរោង​ទង ក៏​បាន​ទទួលអនិច្ចកម្ម​ទៅ ។ លោក​ពញា​ក្រឡាពាស មាស ក៏​បាន​ចំណាយ​ទ្រព្យធន​ផ្ទាល់ខ្លួន​លោក​ជា​ច្រើន យក​មក​ធ្វើបុណ្យ​បញ្ជូន​កុសល​ជូន​ទៅ​ខ្មោច​លោក​តេ​ជោ ចៅហ្វាយស្រុក​ជា​ចៅហ្វាយ​របស់​លោក សម​ស្រប​ទៅ​តាម​គន្លង​ប្រពៃណី ព្រះពុទ្ធ​សាសនា ។ នៅ​ពេល​ដែល​តំណែង​ជា​ចៅហ្វាយស្រុក​នៅ​ទំនេរ ពុំ​មាន​អ្នក​បន្តវេន​ដូច្នេះ អស់លោក​ក្រមការ នាម៉ឺន​សព្វ​មុខមន្ត្រី​ថ្នាក់​ខេត្ត ព្រមទាំង​អាណាប្រជានុរាស្ត្រ ក៏​ប្រជុំ​ជំនុំ​ផ្លាស់​ប្តូរ​យោបល់​គ្នា ហើយ​ក៏​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា «​ពុំ​អាច​ទុក​តំណែង​ដ៏​សំខាន់​នេះ​ឱ្យ​នៅ​ទំនេរ​បាន​ឡើយ ដូច្នេះ​មតិរួម​បាន​សុំ​តម្រូវ​ឱ្យ​លោក​ចៅពញា​ក្រឡាពាស​ឆ្វេង​មាស  ឡើង​កាន់​តំណែង​ជា​ចៅហ្វាយស្រុក​សំរោង​ទង ជា​បណ្តោះអាសន្ន រង់ចាំ​ព្រះរាជ​តម្រិះ​តែងតាំង​ជា​ផ្លូវការ​របស់​សម្តេច ព្រះ​ស្រី​សុរិយា​ពណ៌ តាម​ព្រះរាជ​ហឫទ័យ​ចុះ ។

លុះ​មានការ​ព្រមព្រៀង​គ្នា​ពី​អស់​បណ្តារាស្ត្រ និង​អស់​មុខមន្ត្រី​ក្នុង​ខេត្ត​ហើយ​នោះ ពិធីបុណ្យ​ស្រោច​ទឹកមន្ត ឡើង​កាន់​តំណែង​ថ្មី​របស់​លោក​តេ​ជោ មាស ក៏​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អ៊ឹកធឹក ដោយ​មាន​ព្រះសង្ឃ​ចូលរួម​ស្វាធ្យាយ​ពុទ្ធ​ជ័យ​មង្គល ជយ​ន្តោ​ប្រសិទ្ធី​ពរ​ជ័យ និង​ប្រគល់​ត្រា​សម្រាប់​ខេត្ត ផ្សារ​ភ្ជាប់​ជាមួយ​ពិធី​មង្គលការ​ផ្សំផ្គុំ​អ្នក​ជំទាវ​ស្រែន្យ ជា​អតីត​ភរិយា​ចៅហ្វាយស្រុក​ចាស់​នោះ​ឱ្យ​បាន​មក​ជា​ភរិយា​ធំ របស់​ឧកញ៉ា​តេ​ជោ​មាស បច្ចុប្បន្ន​ជា​ចៅហ្វាយស្រុក​ខេត្តសំរោង​ទង ក្នុង​គ្រានេះ​តែ​ម្តង​ទៅ ។

នៅ​ឆ្នាំឆ្លូវ អំឡុង​គ្រឹ​ស្ត​ក​រាជ​១៦០១ សម្តេចព្រះ​មហា​ឧភយោរាជ សុរិយោ​ពណ៌ (​ជា​ព្រះ​អនុជ​ព្រះបាទ​ម​ហិ​ន្ធ​រាជា ត្រូវ​បាន​ស្តេច​នាំ​យក​ទៅ​ស្រី​អយុធ្យា ក្រោយ​ពី​បែកបាក់​បន្ទាយលង្វែក​) ដែល​ទើបនឹង​យាង​មក​ពី​ស្រុក​សៀម​នោះ ទ្រង់​បាន​យាង​ចូល​ទៅ​គង់​ស្នាក់​នៅ​ភូមិ​ត្រើយ​ស្លា នា​ខេត្ត​កោះស្លាកែត (​បច្ចុប្បន្ន​ជា​ស្រុក​លើក​ដែក​) ។ ក្នុង​ខណៈនោះ​ចៅ​មឿង (​តំបន់​រដ្ឋបាល​ជំនាន់​ដើម ឋានៈ​ស្មើនឹង​ស្រុក​នា​ពេល​បច្ចុប្បន្ន​) ខេត្ត​ព្រៃកប្បាស មាន​ឃុំ​២៤​ជា​ចំណុះ ជា​ចៅ​មឿង​ស្ថិត​ក្រោម​អាណាព្យាបាល​ខេត្ត​បាទី ។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា ព្រះ​មហា​ឧភយោរាជ (​សុរិយោ​ពណ៌​) យាង​ទៅ​ដល់​កោះស្លាកែត​ហើយ ក៏​ម្នីម្នា​នាំ​បុត្រ ភរិយា​យក​តង្វាយ​ទៅ​សម្តែង​គារវភក្តី​ចំពោះ​ព្រះ​អង្គ​ឱ្យ​បាន​មុនគេ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ព័ត៌មាន​ក្នុង​ព្រះ​នគរ និង​សេចក្តី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​។  ចៅ​មឿង​ខេត្ត​ព្រៃកប្បាស ក្រាប​បង្គំ​ទូល​ថា «​បច្ចុប្បន្ន​នេះ សម្តេចព្រះ​កែវ​ហ្វា​ពញា​ញោម បាន​បង្ក​ឱ្យ​មានទុក្ខ​សោក​ក្តៅក្រហាយ​ដល់​ប្រជារាស្ត្រ​ជា​ច្រើន​បែបច្រើន​យ៉ាង​ណាស់​» ។ ក្នុង​ពេល​នោះ​ព្រះ​អង្គ​ទតព្រះនេត្រ​ទៅ​ឃើញ​ចៅ​មឿង ម៉ី នេះ​មាន​ចរិយា​លក្ខណៈ​ជា​មនុស្ស​សុចរិត​ស្លូតត្រង់ ទើប​ទ្រង់​តែងតាំង​ជា ឧកញ៉ា​ជ័យ​យោធា ស័ក្តិ​៨​ហ៊ូពាន់ ជា​ចៅហ្វាយស្រុក​ព្រៃកប្បាស​តាំងពី​ពេល​នោះ​វៀង​មក ។

ចំណែកឯ​ក្រមការ​ស្រុក​សំរោង​ទង​វិញ កាលបើ​បានដឹង​ថា ព្រះ​បរមបពិត្រ​ស្តេច​យាង​មក​ដល់ត្រើយ​ស្លា​ហើយ ក៏​នាំ​គ្នា​ប្រញាប់ប្រញាល់​ទៅ​ជម្រាប​ចៅហ្វាយស្រុក (​ឧកញ៉ា​តេ​ជោ​មាស​) ឱ្យ​បានដឹង​ពី​ដំណឹង​នេះ ។ លោក​ចៅហ្វាយស្រុក​មាស​បាន​នាំ​គ្រឿង​ភស្តុ​ភារ ឧបភោគបរិភោគ ជា​ច្រើន រួម​ទាំង​ដំរី​៥ សេះ​៥ យក​ទៅ​ថ្វាយ​ព្រះ​សុរិយោ​ពណ៌​ផង ។ ខណៈនោះ​ព្រះ​ចៅ​ឧភយោរាជ​ទ្រង់​ទត​ទៅ​ឃើញ រូបរាង​ឫកពា​របស់​ចៅហ្វាយស្រុក​មាស មាន​លក្ខណៈសម្បត្តិ​ស័ក្តិ​សមជា​មេទ័ព បង្គាប់បញ្ជា​ពល​រាប់​ម៉ឺន​បាន ។ ប៉ុន្តែ​ទ្រង់​ទត​ទៅ​ឃើញ​មាន​ស្លាកស្នាម ក្រហម នៅ​ជុំវិញ​ក​ប្លែក​ពី​មនុស្ស​ទូទៅ ។ ទ្រង់​ក៏​ត្រាស់​សួរ​អំពី​សភាពការណ៍​ស្រុក​ទេស​នៅ​ស្រុក​សំរោង​ទង អំពី​សុខទុក្ខ ព្រមទាំង​ការ​លំបាក និង​ការ​ងាយស្រួល​ក្នុង​កិច្ច​គ្រប់គ្រង​ខេត្ត ជា​ពិសេស​ទ្រង់​ត្រាស់​សួរ​អំពី​ប្រវត្តិ​នៃ​ស្នាម​ក្រហម​នៅ​ជុំវិញ​ក​។  ចៅពញា​តេ​ជោ​មាស ទូល​តប​ទៅ​ព្រះរាជា​វិញ  តាំងពី​ប្រវត្តិ​ខ្លួន​ជា​បុត្រា​ចៅពញា​មេឃុំ​ឈ្មោះ​សោម នៅ​ខេត្ត​អាស​ន្ទុ​ក អំពី​ជីវភាព​ជា​ក្មេង​គង្វាលគោ ដែល​ខ្លួន​បាន​ចាត់តាំង​ជា​ទ័ព​កុមារ​៥០០​នាក់ រស់នៅ​ជា​សហគមន៍​កុមារ មានការ​បែងចែក​ជា​ពួក ជា​ក្រុម ជា​កង​ប្រយុទ្ធ ជា​កង​ផ្គត់ផ្គង់​ស្បៀង សព្វគ្រប់​តាម​ដំណើររឿង​ដើម​រហូត​ដល់​ឪពុក​យក​មក​ឱ្យ​នៅ​សិក្សា​ចំណេះវិជ្ជា​ក្បួន​សិល្ប៍សាស្ត្រ មន្តអាគម​ន​ដ៏ ពូកែ​ៗ ចេះ​ចប់​សព្វគ្រប់​គ្មាន​សល់ ។ រួច​បន្ទាប់​មក លោកគ្រូ​បទុម​បារមី​បាន​នាំ​យក​ខ្លួន​មក​ថ្វាយ​ព្រះ​កែវ​ហ្វា​គ្រងរាជ្យ​(​ពញា​ញោម​) ទ្រង់​ពុំ​មានរ​វីរ​វល់​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ខ្លួន ក៏​សម្រេចចិត្ត​ដើរ​ពនេចរ ផ្សងព្រេង​ទៅ​ដល់​ស្រុក​សំរោង​ទង​ទៅ​ដេក​សំណាក់​ក្នុង​ព្រះ​វិហារ ត្រូវ​ពស់​អង្កា​ច់​មាស​រុំ​ក និង​បាន​ព្រះ​ចៅអធិការ​ប្រោះព្រំ​ឱ្យ​ពស់​លូន​ចេញ​បន្សល់​ទុក​ស្នាម​ក្រហម​រហូត​មក ។

ចៅពញា​បន្ត​រៀបរាប់​ពី​ខ្លួន​បាន​ប្រទះ​ឃើញ​កាស​ក្របី បាន​តម្រា​មាស​នៅ​ក្នុង​ប្រអប់​សំរឹទ្ធិ អំពី​មុខរបរ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កើត​កើន​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សម្បូរហូរហៀរ បាន​លោះ​ក្មេង​ប្រុស​មក​ធ្វើ​ជា​អ្នកបម្រើ​ជំនួស​ដៃជើង ជំនួស​ភ្នែក​ច្រមុះ និង​ត្រូវ​បាន​រាស្ត្រ​មន្ត្រី​ស្រឡាញ់រាប់អាន រហូត​មាន​តំណែង​ជា​ចៅហ្វាយស្រុក​សំរោង​ទង​ដូច​សព្វថ្ងៃ ។

ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សណ្តាប់ ហើយ​ទ្រង់​ពេញ​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ត្រាស់​ថា «​អើ ! «​នេះ​ជា​បុណ្យ​បារមី​របស់​អញ​ហើយ ប្រសិនបើ​ព្រះ​ចៅ​កែវ​ហ្វា មាន​ព្រះ​ទ័យ​ប្រកបដោយ​ទសពិធរាជធម៌ ទំនុកបម្រុង​អ្នក និង​ចាត់តាំង​អ្នកជា​សេនា​ដឹកនាំ​ពល​ទាហាន​នោះ​តើ​ធ្វើ​ម្តេច​អញ​នឹង​បាន​ត្រឡប់​មក​ធ្វើ​ជា​ម្ចាស់​ផែន​ដ​ដី​បាន​ដូច​គ្រានេះ?» ។

ទ្រង់​ត្រាស់​បន្ត​ថា ៖ «​អស់លោក​ក្រមការ និង​បណ្តារាស្ត្រ​ប្រជា​តែងតាំង​អ្នកជា​ចៅពញា​តេ​ជោ​នេះ ក៏​នៅ​ពុំ​ទាន់​ស័ក្តិសម​នឹង​រូបរាង ឫកពា និង​សមត្ថភាព ដ៏​ពិសេស​របស់​អ្នក​ដែរ​»​។ នា​ខណៈនោះ ទ្រង់​ត្រាស់​ហៅ​ព្រះ​អាល័ក្ស (​មន្ត្រី​ក្នុង​ព្រះរាជវាំង​ពី​ជំនាន់​ដើម មាន​ភារៈ​កាន់​បញ្ជី​កត់ត្រា​រាជទ្រព្យ​ក្នុង​ព្រះ​ឃ្លាំង និង​ច្រើន​តែ​ជា​ស្មៀនស្មេរ តែង​ព្រះរាជ​លិខិត​ផ្សេង​ៗ​ដែរ «​បច្ចុប្បន្ន អាច​ជានា​យក​ភស្តុ​ភារ​») ឱ្យ​តែង​សញ្ញាបត្រ​ជូន​ចំពោះ​តេ​ជោ​មាស​ជា​ចៅពញា​តេ​ជោ​ប៉ា​អង្គ តាំង​ជំទាវ​ស្រែន្យ​ជា​ភរិយា​ជា «​អ្នក​ជំទាវ​មហា​ទេវី​នារី​សោភ័ណ​» ឱ្យ​ជា​ធំ​លើ​ក្រមការ​ទាំងអស់ ។ ក្រៅពី​នេះ​ទ្រង់​បាន​តែងតាំង​ថ្នាក់​បន្ទាប់​ពី​តេ​ជោ​ប៉ា​អង្គ មាន ៖

ក​-​ពញា​ស្នេហា​តេ​ជោ ជា​បាឡាត់​ស្តាំ ។
ខ​-​ពញា​ពិ​ភក្តិ​តេ​ជោ ជា​បាឡាត់​ឆ្វេង ។
គ​-​ពញា​មន្ត្រី​តេ​ជោ ជា​ស្នង​ស្តាំ ។
ឃ​-​ពញា​ចក្រី​តេ​ជោ ជា​ស្នង​ឆ្វេង ។
ង​-​ពញា​វង្សា​តេ​ជោ ជា​ក្រឡាពាស​ស្តាំ ។
ច​-​ពញា​អនុជិត​តេ​ជោ ជា​ក្រឡាពាស​ឆ្វេង​។
ឆ​-​ពញា​សុភ​អក្ខរា​តេ​ជោ ជា​ក្រឡាបញ្ជី​ស្តាំ​។
ជ​-​ពញា​វិសេស​តេ​ជោ ជា​ក្រឡាបញ្ជី​ឆ្វេង ។

ហើយ​ទ្រង់​ត្រាស់​បង្គាប់​ចៅ ពញា​តេ​ជោ​ប៉ា​អង្គ​ថា «​នៅ​ក្នុង​ប្រទេស​យើង​មាន​អ្នកសិល្ប៍​តាំងខ្លួន​ជា​តួអង្គ​ខ្លាំងពូកែ (​គេ​និយម​ហៅ​ពួក​នេះ​ថា «​ថ្លើង​» បាន​ដល់​ពួក​បង្ក​ចលនា​បះបោរ​មិន​គោរព​អាជ្ញា​របស់​ប្រទេស ) ច្រើន​ណាស់ ។ អ្នក​ទាំង​អស់នោះ​មាន​មហិច្ឆតា ធ្វើ​អប្បគមន៍​បំបែក​ប្រទេស​យើង​ជា​រដ្ឋ តូច​ៗ ដោយ​តាំងខ្លួន​គេ​ជា «​ស្តេច​» ក្នុង​ក្សត្រ​បុរី​នោះ​ផង ។ អំពើ​នេះ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ធ្វើ​ឱ្យ​ប្រទេស​យើង​បាត់​អស់​នូវ​ឯកភាព​ជាតិ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ប្រមាថ​មាក់ងាយ ។ ហេតុនេះ​យើង​តែងតាំង​លោក​តេ​ជោ​ប៉ា​អង្គ​ឱ្យធ្វើ​ជា​មេទ័ព មាន​អំណាច​ជា ក្រ​ស័​ត្រ​សឹក (​ប្រើ​ក្លា​យមក​ពី​ប​ពាក្យ «​ក្សត្រ​») (​ស្តេច​សឹក​)​ឱ្យទៅ​បង្ក្រាប​ប្រាបប្រាម ព្រះ​រាម​កែវ​ព្រះ​ភ្លើង​ជា​មុន​» ។ ពេល​នោះ​ព្រះ​ឧភយោរាជ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន «​ដាវ​ស្រោម​មាស​» មួយ​ជា «​ដាវ​អាជ្ញាសឹក​» (​អាវុធ​មួយ​ប្រភេទ​ជា​តំណាង «​អំណាច​ផ្តាច់​ការ​» អាច​កាប់សម្លាប់​ជន​ណា​ដែល​ល្មើស​នឹង​អាជ្ញា​របស់​ម្ចាស់​ដាវ​) អាច​ធ្វើ​ទោស​កាប់សម្លាប់​អ្នក​រឹងទទឹង​មិន​ស្តាប់​បញ្ជា ។

ចលនា​បង្ក្រាប​ថ្លើង​របស់​តេ​ជោ​មាស
ខណៈនោះ ចៅពញា​តេ​ជោ​ប៉ា​អង្គ និង​ក្រមការ​ទាំង​ង​ប៉ុន្មាន បាន​ថ្វាយបង្គំ​លា​ចេញ​ទៅ​បន្ទាយ​ខេត្ត​សំរោង​ទង រួច​ហើយ​ក៏​បញ្ជា​ទ័ព​ឱ្យ​កេណ្ឌ​រេហ៍ពល​បាន​៣៦០០​នាក់ ព្រមទាំង​ចាត់ ៖

-​ពញា​ស្នេហា​តេ​ជោ ជា​បាឡាត់​ស្តាំ ឱ្យ​ឃុំ​ពល​៦០០​នាក់ ទ័ព​ឆ្វេង ។
-​ពញា​មន្ត្រី​តេ​ជោ ជា​ស្នង​ស្តាំ ឱ្យ​ឃុំ​ពល ៥០០​នាក់​ជា​ទ័ព​ស្តាំ ។
-​ពញា​ពិ​ភក្តិ​តេ​ជោ​ជា​ស្នង​ឆ្វេង​ឱ្យ​ឃុំ​ពល​៥០០​នាក់ ជា​មេទ័ព ។
-​ពញា​វង្សា​តេ​ជោ ជា​ក្រឡាពាស​ស្តាំ ឱ្យ​ឃុំ​ពល​៥០០​នាក់​ជា​ទ័ព​ក្រោយ ។

-​ពញា​ភក្តី​តេ​ជោ ជា​ក្រឡាពាស​ឆ្វេង ឱ្យ​ឃុំ​ពល ៥០០​នាក់ ជា​កងទ័ព​ជន្ល (​ទ័ព​សម្រាប់​បញ្ឆោត​ខ្មាំង​ឱ្យ​លុះ​ក្នុង​កល​បាយ​របស់​ខ្លួន​) ចំណែកឯ​ពញា​ប៉ា​អង្គ​ខ្លួនឯង ឃុំ​ពល​១០០០​នាក់​ជា​ទ័ព​ហ្លួង (​ទ័ព​ហ្លួង ៖ ទ័ព​ដែល​បញ្ជា​ផ្ទាល់​ដោយ​ព្រះរាជា ឬ​ព្រះរាជ​តំណាង​) ។

លុះដល់​ថ្ងៃ​១៣​កើត​ខែបុស្ស ជា​ថ្ងៃ​បាន​ឫកពា វេលា​ល្អ (​កាលពី​ជំនាន់​ដើម ពេល​លើក​រេហ៍ពល​ចេញ​ច្បាំង​សុទ្ធតែ​ឱ្យ​ហោរា​គន់គូរ រក​ឫកពា ពេលា​ល្អ​) ចៅពញា​តេ​ជោ​ប៉ា​អង្គ ឡើង​ជិះ​ដំរី​សឹក មាន​បាំង សប្បធន់ (​ឆត្រ​ធំ​ស្រ​ដៀង​នឹង​ក្លស់ ឥត​រំភាយ ឬ​មាន​រំភាយ​) មាន​រំភាយ​៣​ជាន់ មាន​ដំរី​ហែហម​ឆ្វេង​ស្តាំ អម​ដោយ​កងពល​សេះ​១៥០ លើក​ចេញពី​បន្ទាយ​ខេត្ត​សំរោង​ទង​ទៅ​ដល់​ស្ទឹង​មាន​ជ័យ ។ ចៅពញា​ប៉ា​អង្គ បង្គាប់​ឱ្យ​ចម្លង​ទ័ព​មុខ​ទៅ​បោះ​នៅ​ទួល​ព្រះ​ស្រី ហើយ​ចាត់​ឱ្យធ្វើ​បន្ទាយ​ជំរំ​ទ័ព​យ៉ាង​មាំមួន ។

ឃើញ​សភាព​ទ័ព​របស់​ខ្លួន​ហាក់​ចាញ់​ច្រាប​ដូច្នេះ កែវ​ព្រះ​ភ្លើង​កាន់តែ​ខឹង​ច្រឡោត​មួយ​កម្រិត​ទៀត ហើយ​ស្រែក​សន្ធាប់​ខ្លាំង​ទៅ​ពញា​តេ​ជោ​ប៉ា​អង្គ​ថា ៖

-​បើ​ពញា​តេ​ជោ​ឯង​ពិតជា​មេទ័ព​ពូកែ​មែន សូម​ឱ្យ​អ្នក​ចុះ​ពី​ខ្នង​ដំរី​មក​ប្រកាប់​គ្នា​ឱ្យ​រេហ៍ពល​មើល​ម្តង !

ព្រះ​រាម​កែវ​ព្រះ​ភ្លើង​ដែល​ក្លាហាន ហ៊ាន​ហៅ​តេ​ជោ​ប៉ា​អង្គ​ឱ្យ​ចុះ​មក​ប្រយុទ្ធ​ប្រកាប់​ចាក់​នឹង​ខ្លួន​នេះ ដោយ​អាង​ខ្លួន​ចេះ​កាឡា​ក្រឡាប់​ថ្ពឹន​បន្លំ​ភ្នែក​ឱ្យ​ឃើញ​ជា​រូប​ពីរ រូប​បី ទោះ​កាប់​ចាក់​យ៉ាងណា ក៏​នៅ​តែ​មិន​ត្រូវ​ចំ​រូប​ពិត​ដែរ ។

ចៅពញា​តេ​ជោ​ប៉ា​អង្គ​ឮ​ហើយ ក៏​ចុះ​ពី​ដំរី កាន់​ដាវ​ពីរ​នៅ​ដៃ​គ្រវី​ដូច​កង្ហារ​ដើរ​ចូល​ទៅ ។ ព្រះ​រាម​កែវ​ព្រះ​ភ្លើង​ក៏​កាឡាខ្លួន​ធ្វើ​ឱ្យ​មានខ្លួន​ពីរ ជួន​មានខ្លួន​បី ធ្វើ​ឱ្យ​ចៅ​តេ​ជោ​ពញា​ប៉ា​អង្គ​ភាំង​ស្មារតី មិនដឹង​កាប់​យ៉ាងណា​ឱ្យ​ត្រូវ​ចំ​រូប​ពិត របស់​កែវ​ព្រះ​ភ្លើង ទើប​ងាក​មក​សួរ​អា​យ៉​ត​ជា​បាវ​វិញ​ថា ៖

-​អា​យ៉​ត​! ក្នុង​រូប​ទាំង​បី​នេះ តើ​ណាមួយ​ជា​រូប​ពិត​របស់​វា ?

-​បាទ​ចៅហ្វាយ​! សូម​ចៅហ្វាយ​លូក​យក​ពួយ​(​ចម្រឹង​ឈើ​១​កំណាត់​ធ្វើ​ពី​ខ្លឹម​រឹង ចុង​ម្ខាង​ស្រួច​សម្រាប់​បោះ​ភ្ជាប់​ទៅ​លើ​សំបកឈើ​ដើម្បី​ជាន់ឡើង​ដើមឈើ ធំ​ៗ​ទៅ​បេះ​ឃ្មុំ​) ពី​ក្នុង​ថង់​ដែល​មាន​ជ្រលក់​លាប​ឈាមរដូវ​ស្ត្រី (​អាវុធ​សម្រាប់​បន្សាប​សិល្ប៍​)​នោះ ចោល​ទៅ​លើ​ក្បាល​នៃ​រូប​កណ្តាល​ទៅ​នឹង​ដឹង​ហើយ ។

ភ្លាម​នោះ តេ​?