ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ប្តី​ប្រពន្ធ​មន្ត្រី​យោធា​​ដណ្តើម​កាំភ្លើង​គ្នា​​បណ្តាល​ឱ្យ​ផ្ទុះ​​ស្លាប់​អ្នក​​ចូល​ទៅ​ឃាត់

15 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ មន្ដ្រី​យោធា​ប​ម្រើ​ការ​ក្នុង​​អង្គ​ភាព​​​​កង​វិ​ស្វ​ក​ម្ម​របស់​យោធភូមិ​ភាគ៤ ប្រចាំ​ការ​នៅ​តំបន់​អូរ​កូនតឹង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ម្នាក់​ បាន​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​ពោះ​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ​មីនា ខណៈ​ប្ដី​ប្រពន្ធ​ជា​យោធា​នៅ​អង្គ​ភាព​ជា​មួយ​គ្នា​ពីរ​នាក់​ផ្សេង​ទៀត ​បាន​ផឹកស្រា​ស្រវឹង ហើយ​​ឈ្លោះ​ប្រកែក​គ្នា​ជា​​ពាក្យ​សំដី​រហូត​ទាញ​កាំភ្លើង​គំរាម​​បាញ់ ហើយ​ជន​រង​គ្រោះ​ចូល​ទៅ​ឃាត់​ក៏​កើត​មានការ​ប្រទូស្ដ​រ៉ាយ​​​ដណ្ដើម​​កាំភ្លើង​​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​កើត​ឡើង​។

នាយសេនាធិកា​រ​វរ​​កង​វិស្វកម្ម​យោធ​ភូមិ​ភាគ​៤ ប្រចាំការ​នៅ​តំបន់​អូរ​កូនតឹង លោក​អនុ​សេនីយ៍​ឯក សូរ ស៊ុន កាលពី​រសៀល​ថ្ងៃ​ទី​២៧ មីនា បាន​ថ្លែងប្រាប់​តាម​ទូរ​ស័ព្ទ​ថា ជន​រង​គ្រោះ​ក្នុង​ហេតុ​​​ការណ៍​នោះ​​ឈ្មោះ​ឈិ​ន លី​អ៊ី ភេទ​ប្រុស ​អាយុ​ប្រហែល​២៨​ទៅ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោក​មន្ដ ឃុំ​ដាន​រុ​ន ស្រុក​សូទ្រ​និគម ខេត្ដសៀមរាប ជា​យោធា​ឋានៈ​ព្រិ​ន្ទ​​បាល​ឯក​បាន​ត្រូវ​របួស​ត្រង់​​ពោះ ​ហើយ​ដាច់ខ្យល់​ស្លាប់​​ក្រោយ​ពី​​ដឹក​តាម​រថយន្ដ​ទៅ​សង្គ្រោះ​បាន​ពាក់កណ្ដាល​ផ្លូវ​។ ដោយឡែក​យោធា​បង្ក​ហេតុ​​មានឈ្មោះ​ឡេ​ន ញិ​ន ឋានៈ​ព្រិ​ន្ទ​​បាល​ឯក​បម្រើ​ការ​នៅ​ក្នុង​អង្គភា​ព​វរ​​​កង​វិស្វកម្ម​ដូច​គ្នា ។

លោក​អនុ​សេនីយ៍​​ឯក​បា​នប​ញ្ជាក់ថា ​ជន​រង​គ្រោះ​និង​ជន​បង្ក​ហេតុ​ទាំង​ពីរ​នាក់​នោះ​មិន​​មាន​គំនុំ​អ្វី​នឹង​គ្នា​ទេពី​មុន​មក ប៉ុន្ដែ​នៅ​យប់​កើត​ហេតុ​ប្រពន្ធ​របស់​ឡេ​ន ញិ​ន បាន​ផឹកស្រា​ស្រវឹង ហើយ​ប្ដី​គាត់​បាន​ហាម​មិន​ស្ដាប់ ក៏​កើត​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​និង​ទាញ​កាំភ្លើង​គំរាម​បាញ់។ ខណៈនោះ​ជន​រង​គ្រោះ​ដែល​នៅ​ក្បែរ​នោះ​​ក៏​​ចូល​ទៅ​ឃាត់​បណ្ដា​ល​ឱ្យ​កើតការ​ប្រ​ទូស្ដ​រ៉ាយ​ដណ្ដើម​កាំភ្លើង​គ្នា​ទៅ​វិញ​ទៅ ​ស្រាប់​តែ​ផ្ទុះ​មួយ​គ្រាប់​ត្រូវ​ជន​រង​គ្រោះ​ត្រង់​ពោះ​តែ​ម្ដង​។​លោក​​បន្ដ​ថា ​ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​តាម​រថយន្ដ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ដោយសារ​គ្រាប់កាំភ្លើង​បាន​ត្រូវ​ចំ​ចំណុច​សំខាន់​ជន​រង​គ្រោះ​ក៏​​ដាច់ខ្យល់​ស្លាប់​​នៅ​តាម​ផ្លូវ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ដ​ទៅ​ប្រគល់​​​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​មន្ដ្រី​យោធា​ដែល​ជា​ជន​​បង្ក​​ហេតុ​ត្រូវ​បាន​សាមី​អង្គ​ភាព​ចាប់ខ្លួន​បញ្ជូន​​ទៅ​ឱ្យសមត្ថ​កិច្ច​នគរ​បាល​ខេត្ដសៀមរាប​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​ដើម្បី​ចាត់​ការ​​ទៅ​តាម​ផ្លូវច្បាប់៕