ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ផាស់​អាប់​មួយ​ចំនួន​បង្ខំចិត្ត​ដេក​តាម​ផ្លូវ​សាធារណៈ មិន​ហ៊ាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​រត់​ផាស់​អាប់​មួយ​ចំនួន​បាន​នាំ​គ្នា​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ផ្ទះ​សម្រាប់​សម្រាក​នា​ពេល​យប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ បាន​វាយលុក​កម្ពុជា​យ៉ាង​ខ្លាំងក្លា​តាម​រយៈ​ការ​ឆ្លង​សហគមន៍ ជា​ពិសេស​នៅ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​ផាស់​អាប់​មួយ​ចំនួន​បាន​នាំ​គ្នា​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ផ្ទះ​សម្រាប់​សម្រាក​នា​ពេល​យប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ បាន​វាយលុក​កម្ពុជា​យ៉ាង​ខ្លាំងក្លា​តាម​រយៈ​ការ​ឆ្លង​សហគមន៍ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​។ បញ្ហា​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ដែល​ប្រកប​មុខរបរ​រត់​ផាស់​អាប់ ត្រូវ​បង្ខំចិត្ត​នាំ​គ្នា​ដេក​តាម​ផ្លូវ​សាធារណៈ មិន​ហ៊ាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ហើយ​ខ្លះ​ទៀត​បាន​ឲ្យ​ប្រពន្ធ​កូន​វិល​ទៅ​ស្រុក​កំណើត​ផង​ដែរ​។

លោក ថង ប៊ុ​ន​សួ អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​កំពុង​តែ​យក​ទឹកលុប​មុខ​ទាំង​ព្រលឹម​ស្រាង​ៗ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ គាត់​បាន​មក​ដេក​លើ​ផ្លូវ​សាធារណៈ​ខាងលិច​រូបសំណាក់​សម្តេច​សង្ឃ​ជួនណា​ត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​មានការ​កើត​ជំងឺ​កូ​វី​ដ​១៩ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​មិន​ថមថយ​នោះ ។ កត្តា​នេះ​ហើយ វា​បាន​ប៉ះពាល់​ដល់​មុខរបរ​រត់​ផាស់​អាប់ ភ្ញៀវ​គេ​មិនសូវ​ជិះ​ដោយ​ខ្លាចរអា​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តើ​រក​លុយ​ឯណាយ​កមក​ជួល​បន្ទប់​ស្នាក់​ជួបជុំ​គ្រួសារ?

លោក ថង ប៊ុ​ន​សួ បន្ត​ថា ដោយសារ​តែ​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​នេះ​ហើយ គាត់​ត្រូវ​បង្ខំចិត្ត​ឲ្យ​ប្រពន្ធ​កូន​វិល​ទៅ​ស្រុក​កំណើត​វិញ រួច​គាត់​ឈប់​ជួល​បន្ទប់​ស្នាក់​នៅ បែរជា​មក​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ផ្ទះ ទោះជា​ពេល​យប់​មាន​ភ្លៀង ព្យុះ​បក់​បោក​ម្តង​កាល​ក៏​ដោយ ប្រសើរ​ជា​ជាង​ជំពាក់​ថ្លៃ​ជួល​បន្ទប់​គេ​ដែរ ។

លោក​ប៊ុ​ន​សួ បាន​បញ្ជាក់​ថា ៖ មិនមែន​មាន​តែ​គាត់​ទេ ដែល​ដេក​នៅ​ទីតាំង​ខាងលើ គឺ​មាន​បងប្អូន​រត់​ផាស់​អាប់​ជា​ច្រើន​អ្នក​ទៀ ត​ក៏​នាំ​គ្នា​មក​សម្រាក​នៅ​ទីតាំង​ខាងលើ​មិន​តិច​១០០​ផាស់​អាប់​ទេ ដែល​សម្រាក​នៅ​ពេល​យប់ លុះ​ព្រលឹម​ស្រាង​ៗ​ទើប​នាំ​គ្នា​ចាក់ចេញ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ។

លោក​អ៊ុំ មាស យ៉​ន អាយុ​ជាង​៦០​ឆ្នាំ ជា​អតីត​យោធា​ចូល​និវត្តន៍ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​និយាយ​ថា ៖ គាត់​បាន​ខ្ចី​លុយ​ពី​អង្គការ​មួយ​ក្នុងស្រុក​កំពង់ស្វាយ យក​មក​ទិញ​ផាស់​អាប់​រត់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ពេល​មិន​មាន​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​ភ្នំពេញ គឺ​គាត់​រក​លុយ​បាន​គួរសម​អាច​បង់លុយ​ប្រចាំខែ​ឲ្យ​អង្គការ​បាន ព្រមទាំង​ថ្លៃ​ជួល​បន្ទប់ដេក​ផង​ដែរ ។ ក្រោយ​ពី​កើត​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គ្មាន​ភ្ញៀវ​ជិះ​ផាស់​អាប់​របស់​គាត់​ទេ ថ្ងៃ​ខ្លះ​គ្មាន​ភ្ញៀវ​ជិះ​តែ​ម្តង ។

លោក​អ៊ុំ​បន្ត​ថា ទោះបីជា​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បា​នប​ន្ទូ​រ​បន្ថយ​វិធាន​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លង​រាជធានី​-​ខេត្ត​វិញ និង​អនុញ្ញាត​ឲ្យ​ប្រកប​មុខរបរ និង​អាជីវកម្ម​មួយ​ចំនួន​ក៏​ដោយ ក៏​មាន​អាជីវករ​មួយ​ចំនួន និង​អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី និង​រត់​កង់​បី​ជាដើម បាន​ត្អូញត្អែរ​អំពី​ការ​រក​ចំណូល​មិនសូវ​បាន ខណៈ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​មានការ​ថមថយ​នៅឡើយ ។ បញ្ហា​នេះ​ហើយ ទើប​គាត់​ត្រូវ​ឲ្យ​ប្រពន្ធ​កូន​វិល​ទៅ​ស្រុក​វិញ ហើយ​គាត់​សម្រេចចិត្ត​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ផ្ទះ​ស្នាក់​នៅ​ពេល​យប់ រួច​មួយ​ខែ​ពីរ​ខែ​គាត់​ទៅ​ជួប​ក្រុម​គ្រួសារ​ម្តង ។

ដោយឡែក​ប្អូនប្រុស​ជំនោ អាយុ​ជាង​២០​ឆ្នាំ រត់​រ៉ឺ​ម៉ក់​ម៉ូតូ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ដែល​កំពុង​តែ​ស្រាយ​អង្រឹង ហើយ​និយាយ​ឲ្យ​ដឹង​ថា ៖ វា​ស្រួល​ម្យ៉ាងដែរ ដែល​គាត់​មក​ដេក​នៅ​ទីតាំង​ខាងលើ ដោយ​មិនបាច់​អស់​លុយ​មួយ​រៀល​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ ស្រប​ពេល​សម័យ​កូ​វី​ដ​១៩​មិន​មានការ​ថមថយ​នោះ ។ សម្រាប់​ប្អូន​ខិតខំ​ប្រឹងប្រែង​រក​លុយ​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ និង​សន្សំ​លុយ​ទុក​ការ​ប្រពន្ធ​ផង គឺជា​រឿង​សំខាន់​ជាង​ជំងឺ​កូ​វី​ដ​១៩ ។

ប្អូនប្រុស​ជំនោ ក៏​បាន​បញ្ជាក់​ថា ៖ ឥឡូវ​ខ្ញុំ​អន់​ភ័យ ហើយ​ឥឡូវ​ខ្ញុំ​ភ័យ​តែ​ម្យ៉ាង​រឿង​អត់​លុយ​វិញ ។ ណាមួយ ខ្ញុំ​តែងតែ​មើល​ព័ត៌មាន​ថា មាន​គេ​ព្យាបាល​ជា​សះស្បើយ អ៊ីចឹង វា​ធ្វើ​ឲ្យ​ខ្ញុំ​អត់​សូវ​ជា​ភ័យ​ទេ ។ ទោះ​ខ្ញុំ​មិនសូវ​ភ័យ តែ​ខ្ញុំ​នៅ​តែ​ប្រុង​ប្រយ័ត្ន «៣​ការពារ ៣​កុំ​» ជា​និច្ច ។

គួ​រំលឹក​ផង​ដែរ​ថា ៖ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា​កន្លង​នេះ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​ទទួលភ្ញៀវ​ចូល​ទទួលទាន​ក្នុង​ហាង​ឡើង​វិញ ផ្សារ​រដ្ឋ​ទាំងអស់​បាន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ទំនិញ អាហារ​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ​ឡើង​វិញ ចាប់ពី​ថ្ងៃនេះ​ដែរ ។ ការ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រក​ចំណូល​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​ថា សំខាន់​ណាស់​សម្រាប់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ