ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទៅ​រតនគិរី​តែង​ស្កាត់​ទៅ​ទស្សនា​បឹង​កន្សែង ព្រោះ​រំភើប​តាម​រយៈ​បទ​ចម្រៀង « អក​បឹង​កន្សែង »

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ប្រសិនបើ​លោក​អ្នក​ស្តាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង «​អក​បឹង​កន្សែង​»​របស់​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត​នោះ នឹង​នឹកភ្នក​ដល់​កន្លែង​កម្សាន្ត «​បឹង​កន្សែង​» នៅ​លើ​ទឹកដី​ខេត្តរតនគិរី ។

ខេត្តរតនគិរី ៖  ប្រសិនបើ​លោក​អ្នក​ស្តាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង «​អក​បឹង​កន្សែង​»​របស់​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត​នោះ នឹង​នឹកភ្នក​ដល់​កន្លែង​កម្សាន្ត «​បឹង​កន្សែង​» នៅ​លើ​ទឹកដី​ខេត្តរតនគិរី ។

«​ជ្រោះ​ជ្រង​សែន​ជ្រៅ​ទឹក​នៅ​ស្ងៀម​នឹង ដងព្រៃ​ស្ងាត់ឈឹង​ដាក់​នាម​ហៅ​បឹង​កន្សែង សារាយ​ព្រលិត​កៀកកើយ​ប្រឡែង ថ្ងៃ​ចរ​ចាំង​សូរ្យសែង​អស់ឱ​កន្លែង​កម្សាន្ត​…» នេះ​ជា​ប្រយោគ​មួយ​ដែល​ពិពណ៌នា​ពី​ទីតាំង​ធម្មជាតិ​ពួន​កាយ​នៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​ខេត្តរតនគិរី​។ នៅ​ពេល​បាន​ស្តាប់​អត្ថន័យ​បទ​ចម្រៀង​នេះ​ភ្លាម គឺ​ក្នុង​ចិត្ត​ហាក់​គិត​អណ្តែតអណ្តូង​ថា​តើ​ទេសភាព​នៅ​បឹង​កន្សែង​មាន​ភាព​ស្រស់​ត្រកាល​យ៉ាងណា​ទៅ ?

បឹង​កន្សែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង ។ កាលពី​សម័យ​មុន​នៅ​តំបន់​បឹង​កន្សែង សំបូរ​ទៅ​ដោយ​រុក្ខជាតិ​គ្រប់​ប្រភេទ ផ្កា​រីក​ចោល​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ ។ ចំណែកឯ​នៅ​ក្នុង​ផ្ទៃ​បឹង​វិញ​ពោរពេញ​ទៅ​ដោយ​សារាយ ព្រលិត មាន​ផ្កា​រីក​រហង់ និង​មានទឹក​ត្រជាក់​ថ្លាយង់ ។ សម្រស់​ធម្មជាតិ​នៅ​បឹង​កន្សែង​ទាក់ទាញ​អ្នកទេសចរ ពិបាក​នឹង​ដកចិត្ត​រួច​ណាស់ ។

បច្ចុប្បន្ន​នៅ​បឹង​កន្សែង​មាន​សភាព​ខុស​ប្លែក​ពី​មុន ខ្លះ​ៗ ពោល​ត្រូវ​ជំនួស​ដោយ​លំនៅ​ដ្ឋា​ន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​ៗ ស្អេកស្កះ​កម្ចាត់​ភាព​ស្ងាត់ជ្រងំ​ដោយ​ព្រៃ​ធម្មជាតិ ប្រែ​មក​ជា​អឺងកង​ដោយ​សកម្មភាព​របស់​មនុស្ស​ម្នា​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា ក្តី បឹង​កន្សែង​ក៏​នៅ​រក្សា​ទុក​ភាព​ដើម​ខ្លួន​បាន​ខ្លះ​ដែរ គឺ​ផៃ្ទ​បឹង​មាន​ទឹកថ្លា​គួរ​ឱ្យ​ចង់​ងូត​លេង មាន​សារាយ ព្រលិត​…​ដដែល ពិសេស​នា​ពេល​ថ្ងៃ​រៀប​អស្តង្គត ទេសភាព​ទាំងនោះ គឺជា​មន្ត​ស្នេហ៍​អន្ទង​ចងចិត្ត​អ្នកទេសចរ​ឱ្យ​មិន​ចង់​ឃ្លាត​ចេញ ។ បើ​បាន​ទៅ​កម្សាន្ត​ហើយ​ប្រាកដជា​ចង់ទៅ​លេង​កម្សាន្ត​ម្តងទៀត តាំងពី​ព្រឹក​រហូត​ដល់​យប់ ។ អ្នកទេសចរ​អាច​ជួបជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ មិត្តភក្តិ ឬ​គូស្នេហ៍​យុវវ័យ​អង្គុយ​ទទួលទាន​អាហារ​នៅ​ក្បែរ​មាត់បឹង សម្លឹង​ផ្ទៃ​ទឹកថ្លា​ដូច​កញ្ចក់​យ៉ាង​ជក់ចិត្ត​បំផុត ។

គ្រប់ពេល​នៅ​បឹង​កន្សែង​តែងតែមាន​អ្នកទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ទៅ​កម្សាន្ត ។ អ្នកទេសចរ​បាន​ទៅ​ខេត្តរតនគិរី​តែងតែ​ចង់​ឃើញ ចង់​ស្គាល់​បឹង​កន្សែង ។

បច្ចុប្បន្ន​បើ​ទោះជា​បឹង​កន្សែង​រលុប​បាត់​ភាព​ដើម​បន្តិច​មែន ប៉ុន្តែ​នៅ​តែ​ជា​កន្លែង​កម្សាន្ត​មួ​ួ​យ​ដ៏​ពេញ​និយម ពិសេស​គេ​ចង់ទៅ​ទស្សនា​ព្រះ​សុរិយា​រៀប​លិច ។ បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​បឹង​កន្សែង​ដូច​ជា ដាក់​អំ​ពូ​ល​ភ្លើង​ជុំវិញ​បឹង និង​ចាក់​គ្រឹះ​ដាក់​បង់​អង្គុយ​លេង​ជាដើម ៕