ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​នាំ​ចូល​រថយន្ត​ទំនើប​គេចពន្ធ​

8 ឆ្នាំ មុន

មក​ដល់​សម័យនេះ​ទៅ​ហើយ សម័យ​សេដ្ឋកិច្ច​កម្ពុជា​អួត​ថា​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​មែនហើយ​ក៏​ដោយ ប៉ុន្តែ​បទល្មើស​សេដ្ឋកិច្ច​ខាង​វិស័យ​នាំ​ចូល​គេចពន្ធ​នៅ​តែ​ស្តែង​ចេញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ទ្បើ​ង​ៗ ដែល​គួរ​ឱ្យ​សង្ស័យ​ណាស់​ថា

មក​ដល់​សម័យនេះ​ទៅ​ហើយ សម័យ​សេដ្ឋកិច្ច​កម្ពុជា​អួត​ថា​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​មែនហើយ​ក៏​ដោយ ប៉ុន្តែ​បទល្មើស​សេដ្ឋកិច្ច​ខាង​វិស័យ​នាំ​ចូល​គេចពន្ធ​នៅ​តែ​ស្តែង​ចេញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ទ្បើ​ង​ៗ ដែល​គួរ​ឱ្យ​សង្ស័យ​ណាស់​ថា មាន​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធំ​ៗ ជាមួយ​ឈ្មួញ​ទុច្ចរិត​កើត​មាន​មិន​អាច​ប្រកែក​បាន ។

ជាក់ស្តែង កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខាង​គយ និង​រដ្ឋាករ​កម្ពុជា ចាប់​បាន​រថយន្ត​ទំនើប​ៗ​គេចពន្ធ ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជា​បន្តបន្ទាប់ ។ រថយន្ត​ទំនើប​ៗ​មាន​តម្លៃ​ខ្ពស់ ដែល​ស្ថាប័ន​គយ​ចាប់​បាន​នេះ ប្រាកដ​ណាស់​គេចពន្ធ​១០០% ដោយ​ឥត​ប្រកែក​បាន ។

សួរ​ថា តើ​សម័យនេះ​ហើយ រថយន្ត​ទំនើប​ៗ​គេចពន្ធ ដែល​ភាគច្រើន​អ្នកមាន​ប្រាក់ មាន​អំណាច​កំពុង​ជិះ​នេះ វា​ចូល​មក​ដោយ​របៀប​ណា ? វា​ចូល​មក​តាម​ច្រក​ណា ? ឬ​ក៏​វា​ចេះ​ដុះស្លាប​ហោះ​ចូល​ស្រុក​ខ្មែរ​ដោយ​បំបាំងកាយ ?

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​សាកសួរ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​ដឹង​ថា ពួក​អា ទំនើប​ធុន​ថ្លៃ​គេចពន្ធ​ទាំង​ប៉ុន្មាន​គ្រឿង​នេះ ជា​រថយន្ត​កាត់ត ត​ក្បាល ត​ខ្លួន ត​កន្ទុយ ដែល​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​មក​តម្លើង​ជា​ថ្មី នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពិតប្រាកដ ។ វា​មិន​អាច​​នាំ​ចូល​ទាំងមូល ដោយ​គេចពន្ធ​បាន​ទេ ។

ប្រភព​គួរ​ឱ្យ​ជឿជាក់​មួយ​ប្រាប់​កោះសន្តិភាព​ថា កន្លង​មក​ឈ្មួញ​នាំ​ចូល ឃើញ​មាន​ក្បាល​រថយន្ត មាន​កន្ទុយ មាន​គ្រឿង​ម៉ាស៊ីន មាន​ពូក​កៅអី ដាក់​ក្នុង​តុង​តឺ​ន័​រ​ធំ​ៗ​ដាច់​ដោយ​ទ្បែ​ក​ពី​គ្នា ដោយ​ពាក្យ​មាន​សុំ​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត ។ កុងតឺន័រ​ខ្លះ​ឃើញ​មាន​ក្បាល មាន​កន្ទុយ មាន​ពណ៌​ផ្សេង​ៗ​គ្នា ។ កុងតឺន័រ​ខ្លះ​ទៀត មាន​ជើង​ក្រោម មាន​កញ្ចក់​គ្រឿងបន្លាស់​ផ្សេង​ៗ ដែល​គេ​ដោះ គេ​កាត់​ចេញ ហើយ​នាំ​ចូល​ក៏​ខុសពេល​វេលា​គ្នា​ដែរ ។ មិន​បាន​នាំ​ចូលរួម​គ្នា​តែ​ម្តង​ទេ ។ ខែ​នេះ​មក​ក្បាល ខែ​ក្រោយមក​ដងខ្លួន មក​កន្ទុយ ដាច់​ដោយ​ទ្បែ​ក​ពី​គ្នា ដែល​បញ្ជាក់​ថា ជា​គ្រឿងបន្លាស់​សម្រាប់​រថយន្ត ដោយ​គ្មាន​ការ​បង់ពន្ធ​ទ្បើ​យ ឬ​ជាប់ពន្ធ​តិចតួច​ប៉ុណ្ណោះ ព្រោះ​មើលទៅ​ជា​គ្រឿងបន្លាស់​រថយន្ត​ប្រាកដ​មែន ប្រៀប​ដូច​ដែក​អេ​ត​ចាយ ។

បន្ទាប់​ពី​បាន​នាំ​ចូល​ដល់​រោង​ជាង​ធំ​ៗ​របស់​គេ​ហើយ ពួក​គេ​បាន​ប្រមូល​រថយន្ត​ដែល​កាត់​ចេញ​នោះ​តាម​លេខ​កូដ​សម្ងាត់ មក​ផ្តុំ​ផ្សា​រត​ភ្ជាប់​គ្នា​វិញ ស្អាត​ដូច​ដើម ចង់​ស្អាត​ជាង​រោងចក្រ​តម្លើងរថយន្ត​ទៀត​ផង ដែល​អ្នក​ល្មម​ៗ​មើល​អត់​ដឹង​ថា ជា​រថយន្ត​កាត់ត​ទេ ។

លុះដល់​ពេល​លក់​ចេញ​វិញ មាន​តម្លៃ​ថោក​បំផុត ព្រោះ​អត់​ពន្ធ ដែល​រថយន្ត​ប្រភេទ​គេចពន្ធ​នេះ​មាន​តែ​អ្នកមាន​អំណាច​ទេ ដែល​ហ៊ាន​ទិញ​ជិះ ដោយ​យក​ស្បែក​«​ខេមរភូមិន្ទ​» និង​«​នគរបាល​» មក​ពាក់​ជិះ​យ៉ាង​ហឺ​ហា ។

សម័យនេះ​ហើយ អ្វី​ដែល​ខុសច្បាប់ មិន​អាច​ស្ថិតស្ថេរ គង់​វង់ មាន​សេចក្តីសុខ​ជា​រៀង​រហូត​បាន​ទ្បើ​យ វា​បាន​តែ​មួយ​ពេល​ៗ​ទៅ​តាម​បរិយាកាស នៃ​សង្គម​តែ​ប៉ុណ្ណោះ ដែល​ទីបំផុត «​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច រហែក​រយីក​រយាក​» នៅ​ចំពោះ​មុខ​មហាជន ។

បាតុភូត​ដែល​កើត​មាន​ក្នុង​សង្គម​យើង ដូច​ពោល​ខាងលើ​នេះ តើ​វា​ជា​កំហុស​របស់​អ្នក​ប្រើប្រាស់ ឬ​មួយ​ជា​កំហុស​របស់​អ្នក​នាំ​ចូល​បន្លំ ឬ​មួយ​ក៏​ពាក់​ពន្ធ​ជាមួយ​អ្នក​យល់ព្រម​ឱ្យ​នាំ​ចូល ?

តើ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា ដើម្បី​បាន​យុត្តិធម៌​ក្នុង​សង្គម ? ប្រ​សិន​គ្មាន​ដំណោះស្រាយ​តាម​ច្បាប់​ឱ្យ​មាន​ភាព​សុ​ក្រិ​ត្យ​ទេ មហា​ជន​ច្បាស់​ជា​ទម្លាក់​ទៅ​លើ​សមត្ថភាព នៃ​ការ​ដឹកនាំ​សង្គម​មិន​ខាន​ទ្បើ​យ ៕