ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះតាមការស៊ែរ location ​ប្រទះ​ឃើញនាង​គូ​ដណ្តឹង​​ជិះ​ក្នុងឡានបុរសចិន ​ផ្អើ.លបែកផ្សែង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្ស័យ​ភ្លើង​ប្រច័ណ្ឌ បុរស​ម្នាក់​​បានជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ស្ទាក់​រថយន្ត​មួយគ្រឿងម៉ាក​កាម​រី​ឆ្លាម​ដែល

រាជធានីភ្នំពេញ ៖ សង្ស័យ​ភ្លើង​ប្រច័ណ្ឌ បុរស​ម្នាក់​​បានជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ស្ទាក់​រថយន្ត​មួយគ្រឿងម៉ាក​កាម​រី​ឆ្លាម​ដែលបើកបរ​ដោយជនជាតិចិន រួចដោះមួកសុវត្ថិភាព​​វា.យ​បំបែក​កញ្ចក់​រថយន្ត​នោះ បន្ទាប់​ពី​ឃើញ​នារីជា​គូ​ដណ្ដឹង​​ជិះរថយន្ត​ជាមួយ​បុរសជា​​ជនជាតិ​ចិនរូបនោះ​ ។

ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាង​មុខ​ភោជនីយដ្ឋាន​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​៤៣២​កែង​នឹង​ផ្លូវ​៩៩ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បុរសជាគូដណ្តឹងមួយរូបខាងលើនោះមិនស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាកYAMAHA QBIX ពណ៌​ខ្មៅ​លាយ​ខៀវ ។ រីឯនារីជាគូដណ្តឹងក៏មិនស្គាល់អត្តសញ្ញាណដែរ ។ ដោយឡែក​​បុរសជាជនជាតិចិន ក៏មិនស្គាល់អត្តសញ្ញាណដែរ ជាអ្នកបើកបររថយន្តមួយគ្រឿង​ម៉ាក​កាមរីឆ្លាម ពណ៌ខ្មៅ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​និង​នារី​​ជា​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣២ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ស្រប​ពេល​គ្នា​នោះ​ដែរ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកYAMAHA QBIX ដែល​ជិះ​ដោយ​បុរស​ម្នាក់ ​បាន​ដេញ​តាម​ពីក្រោយ​រថយន្ត​​មួយគ្រឿងនោះ​ផង​ដែរ ។ លុះមក​ដល់​​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ម៉ូតូ​​មួយគ្រឿង​នោះ​ក៏​បាន​​បើក​ទៅ​ឈប់​ស្ទាក់​ពីមុខ​រថយន្ត ហើយ​បុរស​ជា​បើកបរ​​ម៉ូតូ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​ ដោះ​មួក​សុវត្ថិភាព​យក​ទៅ​វា.យ​បំបែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​និង​ចំហៀង​ខាងឆ្វេង​រង​ខូចខាត ថែម​ទាំង​បាន​ឡើង​ទៅ​អង្គុយ​លើដំបូល​រថយន្ត​ទៀត​ផង​។ ភ្លាម​ៗ​នោះ​នារី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​ជនជាតិ​ចិន ក៏​បាន​ចេញ​មក​ខាងក្រៅ និង​បាន​ជជែក​គ្នា​ជាមួយ​នឹង​បុរស​ជា​​បើកបរ​ម៉ូតូ​យ៉ាង​តឹងសរសៃក ដោយ​មិនដឹង​ថា​មានរឿង​អ្វី​ជាមួយ​នឹង​គ្នា​នោះ​ទេ រ​ហូត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​​ប្រភព​​ពី​បុរស​ជា​​​អ្នក​បើកបរ​ម៉ូតូ​​ម៉ាកYAMAHA QBIX មួយរូបខាងលើ​​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​និង​នារី​ដែល​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​របស់​ជនជាតិ​ចិន​នោះ​ គឺ​ត្រូវជា​គូ​ដណ្ដឹង​នឹង​គ្នា តែ​មិន​ទាន់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នោះ​ទេ ដោយសារ​តែ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ​ប៉ុន្តែ​ពួក​គាត់​បាន​​រៀបចំ​សែនព្រេន​តាម​ប្រពៃណី​រួច​ហើយ តែ​មួយ​រយៈ​កន្លង​ទៅ​នេះ នារី​ជា​គូ​ដណ្ដឹង​របស់​​គាត់​​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុនទូរស័ព្ទ​ឯកជន​មួយ​កន្លែង ។ ពេល​ចេញពី​ធ្វើការ​ក្រុមហ៊ុន​នោះ​គឺ​ចេញ​នៅ​វេលា​ម៉ោង​៥​ល្ងាច តែ​នារី​ជា​គូ​ដណ្ដឹង គឺ​ឧស្សាហ៍​ធ្វើការ​ថែម​ម៉ោង​ដល់​យប់​ជ្រៅ និង​ចូលរួម​កម្មវិធី​ជួបជុំ​ផឹកស៊ី​ជាមួយ​ក្រុមការងារ​(​មេ​) នៅ​ខាងក្រៅ​រហូត​ដល់​យប់​ជ្រៅ​ផង​ដែរ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ធ្លាប់​បាន​សួរ​ទៅ​នារី​ជា​គូរ​ដណ្ដឹង​ដែរ​​ថា​ «​មក​ផ្ទះ​យប់​ៗ​ម្លេះ​?» ហើយ​នាង​ក៏​ឆ្លើយ​​តប​​វិញ​ថា​ «ដើម្បី​ការងារ​ចេះ​តែ​ធ្វើ​តាម​មេ​បញ្ជា​ទៅ​»​។

បុរសជាអ្នកបើកបរម៉ូតូរូបនោះបានបន្ត​ថា ​លុះដល់​ថ្ងៃ​កើតហេតុ នារី​ជា​គូ​ដណ្ដឹង​ក៏​បាន​ប្រាប់​គាត់​ថា​«ថ្ងៃនេះ​ប្រហែលជា​ម៉ោង​៩​យប់ ទើប​គាត់​ត្រឡប់​ទៅ​ផ្ទះ ព្រោះ​មានការ​ហូប​ចុក​ជួបជុំ​ក្រុមការងារ​តិចតួច​»។ ដោយសារ​តែ​ចាំ​នារី​ជា​គូ​ដណ្តឹង​យូរ​ពេក ​មិនឃើញ​នាង​ត្រឡប់​មក​ដល់​ផ្ទះ គាត់​ក៏​បាន​​ទាក់ទង​ទៅ​សួរនាំ និង​បាន​ឲ្យ​នារី​ជា​គូ​ដណ្ដឹង​ ​share location ផ្ញើមក​ឲ្យ​គាត់​។ រួច​គាត់​ក៏​បាន​ជិះ​ម៉ូតូ​តាមការ​ share ​location នោះ រហូត​ជិះ​តាម​ទាន់​ និង​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​ដែល​ត្រូវជា​មេ​របស់នារីជា​​គូ​ដណ្ដឹង​នោះ បាន​យកដៃ​ទៅ​បិ​ច​ថ្ពាល​របស់​នារី​ជា​គូដណ្ដឹង ធ្វើ​ឲ្យ​គាត់​មានចិត្ត​ប្រច័ណ្ឌ ក៏​កើតជា​ហិ.ង្សា​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ជួយ​ធ្វើការ​សម្របសម្រួល ហើយ​បុរស​ជា​ជនជាតិ​ចិន​ក៏​បាន​បើករថយន្ត​បន្តដំណើរ​តែ​ម្នាក់ឯង​ចេញពី​កន្លែង​កើតហេតុ​ទៅបាត់ ។ ដោយឡែក​ភាគី​ខាង​គូ​ដណ្ដឹង​ទាំង​ពីរ​នាក់​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ចេញ​ទៅ​បាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ