ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យោធាម្នាក់​សារភាព​សម្លា.ប់​កូន​ពីរ​នាក់ ​ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង

8 ឆ្នាំ មុន

អតីត​វរសេនីយ៍ទោ​យោធា​ផ្នែក​រដ្ឋបាល​ក្នុង​អង្គភាព​កង​វិស្វកម្ម​ម្នាក់ សារភាព​ចំពោះ​មុខ​ចៅក្រម​សាលាឧទ្ធរណ៍ថា ពិតជា​បាន​សម្លា.ប់​កូនប្រុស​អាយុ​៦​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ ប្រាកដ​មែន ។

រាជ​ធានី​ភ្នំពេញ​ ៖ អតីត​វរសេនីយ៍ទោ​យោធា​ផ្នែក​រដ្ឋបាល​ក្នុង​អង្គភាព​កង​វិស្វកម្ម​ម្នាក់ សារភាព​ចំពោះ​មុខ​ចៅក្រម​សាលាឧទ្ធរណ៍ថា ពិតជា​បាន​សម្លាប់​កូនប្រុស​អាយុ​៦​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ ប្រាកដ​មែន ។ ការ​សម្លាប់​នេះ ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែងលះ ដែល​គាត់​នឹង​សម្លាប់​ខ្លួន​តាម​ក្រោយ តែ​ត្រូវ​នគរបាល​រារាំង​ទាន់​ពេល ។

ក្នុង​សវនាការ ជនជាប់ចោទ​ស្នើ​ឱ្យ​មានការ​បន្ធូរ​បន្ថយទោស​ក្រោម​២០​ឆ្នាំ ដែល​តុលាការ​ថ្នាក់​ក្រោម​បាន​សម្រេច តែ​ចៅក្រម​យល់​ឃើញ​ថា ដាក់គុក​មួយ​ជីវិត​ទើប​សម ។

ជនជាប់ចោទ​ឈ្មោះ កែវ ឡា​ដាំង អាយុ​៤១​ឆ្នាំ បាន​និយាយ​ក្នុង​សវនាការ កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា ថា មូលហេតុ​គាត់​សម្លាប់​កូន ព្រោះ​ខឹង​ប្រពន្ធ​លែងលះ​គាត់​​ ដូច្នេះ​គាត់​គិត​សម្លាប់​ខ្លួន​តាម​ក្រោយ តែ​គាត់​នឹង​សម្លាប់​កូន​ជា​មុនសិន ​ព្រោះ​កូន​ៗ​ស្រឡាញ់​គាត់​ណាស់ តែ​គាត់​មិន​ស្លាប់​។

ក្រោយ​ការ​លើក​ឡើង​របស់​ជនជាប់ចោទ ចៅក្រម​សាលាឧទ្ធរណ៍ លោកស្រី ចាន់ ម៉ា​ឌី​ណា បាន​និយាយ​ថា «​បើ​អ្នក​ចង់​សម្លាប់​ខ្លួនឯង ហេតុ​អ្វី​សម្លាប់​កូន​ទៅ​វិញ មិន​ទុក​ឲ្យ​គ្នា​បានឃើញ​ពន្លឺព្រះអាទិត្យ​ផង? អ្នក​សុំ​ឲ្យ​តុលាការ​បន្ថយទោស ប៉ុន្តែ​អ្នក​ថា​ស្រឡាញ់​កូន បើ​អ្នក​គិត​ថា ស្រឡាញ់​កូន​មែន គួរតែ​ជាប់គុក​មួយ​ជីវិត​ទើប​សម​»​។

ហេតុការណ៍​សម្លាប់​កូន​ខ្លួនឯង​ដ៏​សាហាវ​នេះបាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា ​២០១២ នៅ​ក្នុងផ្ទះ​ល្វែង​មួយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

ពាក់ព័ន្ធ​ករណី​នេះ នា​ពេល​សវនាការ លោក អ៊ឹម វិជ្ជា ជា​តំណាង​មហាអយ្យការ បាន​ស្នើ​ឱ្យ​មាន​តម្កល់​ទោស​២០​ឆ្នាំ ដូច​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញដដែល ។

លោក អ៊ី​ន គី​ម មេធាវី​ការពារ​ជនជាប់ចោទ​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​បាន​បាត់បង់​វិចារណញ្ញាណ ដោយសារ​ខឹង​ប្រពន្ធ​លែងលះ​គាត់​កើតរោគ​ចិត្ត​។ ជំងឺ​នេះ​គាត់​គិតតែ​ចង់​សម្លាប់​ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា កូនក្តី​គ្មាន​ចេតនា​ណា​សម្លាប់​កូន​ទេ ដូច្នេះ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​មេត្តា​បន្ថយទោស​គាត់​។

ទោះបី​យ៉ាងណា ក្រោយ​ការ​សួរ​ដេញដោល តុលាការ​បាន​សម្រេច​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​​២០១៥ ខាង​មុខ​នេះ​វិញ៕