ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ក្រាល​កៅស៊ូ​១​កន្លែង​ទប់​ដង្ហើម​ស្ទើរ​ដាច់ខ្យល់ ព្រោះតែ​ក្លិន​គំនរ​សំរាម

2 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​ស្ពានថ្ម ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ធុញទ្រាន់ និង​ធ្វើការ​រិះគន់​ទៅ​លើ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​ស្ពានថ្ម ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ធុញទ្រាន់ និង​ធ្វើការ​រិះគន់​ទៅ​លើ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​ក្រុងប៉ៃលិន​ថា បើ​ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​យក​កាក​សំណល់​ផ្ទះបាយ និង​សំរាម​ស្អុយរលួយ​យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចឹម​ផ្លូវ​បែប​នេះ អាច​នឹង​បង្ក​ក្លិនស្អុយ​អា​សោច​លំបាក​ក្នុង​ការ​ដកដង្ហើម បាត់បង់​សោភ័ណ​ភាព​ជាដើម ។ ទោះបីជា​ខាង​អនាម័យ​ខេត្ត ធ្លាប់​នាំ​គ្នា​ទៅ​ប្រមូល​ឱ្យ​ស្រឡះ​ល្អ តែ​ពេល​នេះ​បែរជា​នាំ​គ្នា​យក​ទៅ​ចាក់ចោល​ដូច​កន្លែង​ទីលាន​ចាក់សំរាម​ទៅ​វិញ ។

អ្នកបើកបរ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ខាងលើ​ម្នាក់​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា ៖ ពេល​អ្នក​ភូមិ​ក្បែរ​ៗ​នេះ ធ្វើ​ដំណើរ​ចេញពីផ្ទះ​ឆ្លងកាត់​ផ្លូវ​ខាងលើ ម្នាក់​ៗ​ខំអត់​ដកដង្ហើម​ស្ទើរ​ដាច់ខ្យល់​ស្លា​.​ប់ ព្រោះតែ​ស្អុយ​ក្លិន​សំរាម កាក​សំណល់​ផ្ទះបាយ ស្រកាត្រី ក្បាល​ត្រី ឆ្អឹ​ក​គោ សំបក​ពងមាន់ ពង​ទា សំបក​បន្លែ​ផ្សេង​ៗ ដែល​គេ​យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្លាយទៅជា​ដង្កូវ​តូច​ធំ​វារ​រវីមរវាម ហើយ​ក៏​មាន​សត្វ​ឆ្កែ​នាំ​គ្នា​ចូល​ទៅ​ហែក​ថង់​ស៊ីអូ​សរាយ​ពេញ​ផ្លូវ​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​បោះចោល​សំរាម​អនាធិបតេយ្យ​បែប​នេះ បង្ក​ផល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ខ្លាំង ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សំរាម ហើយ​ពេល​ស្អុយរលួយ​ហូរ​តាម​ទឹកអូរ​ធ្លាក់​ទៅ​ក្រោម លុះ​ប្រជាពលរដ្ឋ​បូម​យក​មក​ប្រើប្រាស់ បង្ក​ជា​មេរោគ ក្លាយជា​ជំងឺ​រោគា ។ លើស​ពី​នេះ ពេល​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ គេ​ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុងប៉ៃលិន ដែល​ចេះ​តែ​បណ្តែត​ប​បណ្តោយ​ឱ្យ​ជនខិលខូច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​មានការ​ហាមឃាត់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ ខាង​លោក​ធ្លាប់​ឱ្យ​កម្លាំង​ចុះ​ទៅ​ពិនិត្យ និង​ឃ្លាំមើល​ជនខិលខូច​ដែល​យក​ទៅ​បោះ​សំរាម​ចោល​ខាងលើ ដើម្បី​យក​មក​ណែនាំ ព្រមទាំង​ផាកពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ណា ដែល​មិន​ព្រម​រាងចាល​ផង​ដែរ ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​ក៏​បាន​បញ្ជូន​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​ខាងលើ ព្រមទាំង​ជួយ​ប្រមូល​សំរាម​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ម្តង​រួច​មក​ហើយ ។

ប្រភព​បន្ត​ទៀត​ថា ខាង​លោក​ក៏​បានឱ្យ​ក្រុមការងារ​ចុះ​តាមដាន​សកម្មភាព​បោះចោល​សំរាម​អនាធិបតេយ្យ​ខាងលើ​នេះ​ដែរ បើសិនជា​ឃើញ​ប្រជាពលរដ្ឋ​ទាំងនោះ នឹង​ធ្វើការ​ណែនាំ​ម្តង​ទៅ​ពីរ​ដង បើ​មិន​ព្រម​ស្តា​ប់លោក​នឹង​ហៅ​មក​ធ្វើ​កិច្ចសន្យា​រាងចាល​នៅ​មន្ទីរ ដោយ​ផាកពិន័យ​ផង​ដែរ ។

លើស​ពី​នេះ លោក​ក៏​នឹង​ឱ្យ​ខាង​ក្រុមការងារ​យក​ស្លាក​ទៅ​ដាក់​ត្រង់​កន្លែង​ចាក់សំរាម​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចញញើត និង​អនុវត្ត​តាម​ការ​ណែនាំ ដើម្បី​កុំឱ្យ​ខូច​សោភ័ណ​ភាព​ក្រុងប៉ៃលិន ប៉ះពាល់​ដល់​បរិស្ថាន បង្ក​ជា​ក្លិនស្អុយ នាំ​ឱ្យ​កើត​ជំងឺ​ដល់​អ្នក​រស់នៅ​ក្បែរ​នោះ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​កាត់​ត្រង់​កន្លែង​សំរាម​នោះ​ដែរ ៕