ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ៅ ធនិន នាំ​យក​ស្រូវពូជ​១០​តោន​ចែក​កសិករ​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ស្រូវពូជ IR 504 ទម្ងន់​១០​តោន ដែល​កសិករ​និយម​ហៅ​ជា​ភាសា​វៀតណាម​ហៅ​ថា ណាំ​ខុ​ង​បូ​ង របស់​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ត្រូវ​បាន​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត នាំ​យក​ទៅ​ចែក​ជូន​

ខេត្តពោធិ៍សាត់ ៖ ស្រូវពូជ IR 504 ទម្ងន់​១០​តោន ដែល​កសិករ​និយម​ហៅ​ជា​ភាសា​វៀតណាម​ហៅ​ថា ណាំ​ខុ​ង​បូ​ង របស់​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ត្រូវ​បាន​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​កសិករ​ចំនួន​២៥០​គ្រួសារ ជំហាន​២ សម្រាប់​ធ្វើស្រែ​ចុងរដូវ​នៅ​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង កាលពី​ថ្ងៃ​ទី​៧ ខែ វិច្ឆិកា ២០១៥ ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​លើ​ខ្នង​ប្រឡាយ​ភូមិ​ផ្សារ​អណ្ដែត ឃុំ​អូរ​តា​ប៉ោង ដោយ​មានការ​ចូលរួម​ពី​បណ្ដា​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ថា ដោយសារ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា ភ្លៀង​ធ្លាក់​តិចតួច​ដោយ​កន្លែង និង​កន្លែង​ខ្លះ​ទៀត​ពុំ​មាន​ភ្លៀង​សោះ ដូច​ជា​នៅ​ឃុំ​អូរ​តា​ប៉ោង និងឃុំ​ស្វាយដូនកែវ​នេះ​ជាដើម ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ជួប​បញ្ហា​រាំង​ស្ងួត រហូត​មក​ដល់​ពាក់កណ្តាល​ខែកញ្ញា​ទើប​មាន​ភ្លៀង​ធ្លាក់​គ្រប់​ទីកន្លែង ។ ដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត បាន​នាំ​យក​ស្រូវពូជ IR 504 ទម្ងន់​១០​តោន​មក​ចែក​ជូន​ប្រជា​កសិករ​ទាំង​២៥០​គ្រួសារ ជំហាន​២ សម្រាប់​បន្ត​ធ្វើ​ស្រូវ​ចុងរដូវ​បន្ថែម​ទៀត ។ នេះ​គឺជា​ការ​ព្រួយបារម្ភ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ជំនាញ​ចំពោះ​ប្រជា​កសិករ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទូ​ទាំង​ខេត្ត ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ឃើញ​ថា ឆ្នាំ​នេះ​ការងារ​បង្កបង្កើន​ផល សម្រេច​បាន​១០៨.៣២៩​ហិ​កតា លើ​ផែនការ​១០០​ពាន់​ហិ​កតា ក្នុង​ចំនួន​នោះ​ស្រូវ​ជួប​គ្រោះ​រាំង​ស្ងួត​៤៩.៨៨២​ហិ​កតា ដោយ​រង​ប៉ះពាល់​មធ្យម និង​ធ្ងន់ធ្ង​២៤.៣២៧​ហិ​កតា ។ ចំពោះ​ការងារ​ប្រមូល​ផល​ស្រូវ គិត​មក​ដល់​ដើមខែ​វិច្ឆិកា ២០១៥ ទូ​ទាំង​ខេត្ត ស្រូវ​កំពុង​បែក​ផ្កា​ជាង​៧៦​ពាន់​ហិ​កតា កំពុង​ទុំ​ជា​បណ្តើរ​ៗ​ជាង​៣១​ពាន់​ហិ​កតា និង​ច្រូតកាត់​បាន​ជាង​១៣​ពាន់​ហិ​កតា ដោយ​ក្នុង​មួយ​ហិ​កតា​ទទួល​បាន​ទិន្នផល​ជាង​៣​តោន​ទៅ​៥​តោន ។

ប្រជា​កសិករ ដែល​មក​ទទួលយក​ស្រូវពូជ IR 504 ទាំង​២៥០​គ្រួសារ មក​ពី​ឃុំ​អូរ​តា​ប៉ោង​៤​ភូមិ ស្មើនឹង​១២៥​គ្រួសារ និង​មក​ពី​ឃុំ​ស្វាយដូនកែវ​៥​ភូមិ ស្មើនឹង​១២៥​គ្រួរ​សារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ស្រូវ​៤០​គីឡូក្រាម ដោយ​អម​នូវ​សារុង​ម្នាក់​មួយ​ជា​អំណោយ​របស់​លោក​អភិបាលខេត្ត និង​លោក​ជំទាវ ។

ក្រោយ​ពី​ចែក​ជូន​រួច ប្រតិភូ​បាន​អញ្ជើញ​ទៅ​កាន់​ភូមិ​តា​ណៃ​ជាប់​ព្រំប្រទល់​ជាមួយ​ភូមិ​អ្នកតា​ទ្វា ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​ស្ថាបនា​ស្ពាន​ឆ្លងស្ទឹង​មួយ​កន្លែង មាន​ប្រវែង​ជាង​៥០​ម៉ែត្រ ហើយ​ត្រូវ​បាន​លោក​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពិនិត្យ និង​សិក្សា​ជា​មុន​សិន ដើម្បី​មាន​គម្រោង​ធ្វើការ​សាងសង់ ៕