ខេត្តបន្ទាយមានជ័យ ៖ លោក ឡុង ពុន អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី នៅថ្ងៃទី៧ វិច្ឆិកា ២០១៥នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមការងារ ចុះជួយឃុំតាឡំ ដោយបាននាំយកអំណោយជាស័ង្កសី និងឈើ ទៅជូនលោកយាយ ហាស់ ផង់ អាយុ៧២ឆ្នាំ ជាជនចាស់ជរា រស់នៅមានកូន និងចៅ ក្នុងបន្ទុកចំនួន៥នាក់(ស្រី៣នាក់) មានជីវភាពក្រីក្រ រស់នៅភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក ឡុង ពុន អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានអំពីលំនៅដ្ឋានរបស់លោកយាយ ហាស់ ផង់ ដែលមានជញ្ជាំងធ្លុះធ្លាយ ពិសេសដោយអនុវត្តនូវគោលការណ៍លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការកែសម្រួលផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ពីប្រក់ដំបូលស្បូវជាស័ង្កសីនោះ ដោយឡែកផ្ទះលោកយាយ ហាស់ ផង់ គាត់មានដំបូលស័ង្កសីរួចជាស្រេច ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺជញ្ជាំងស្លឹកមានសភាពចាស់ធ្លុះធ្លាយមើលពីម្ខាងឃើញទៅម្ខាង ។ លោកបានដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមការងារចុះជួយឃុំតាឡំ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរីផងដែរនោះ បាននាំយកអំណោយជាឈើចំនួន១៦ដើម និងស័ង្កសីចំនួន៣៥សន្លឹក ដែលជាអំណោយផ្ទាល់របស់លោក និងក្រុមការងារ យកមកប្រគល់ជូនលោកយាយ ដើម្បីជួសជុល និងបាំងជញ្ជាំងផ្ទះឲ្យបានជិតល្អ ៕
ចែករំលែកព័តមាននេះ