ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ បង្ក្រាប​គ្រឿង​ញៀន​​​ចាប់​មេ​ខ្លោង​ពីរ​នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​បញ្ហា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​សន្និ​សីទ​កាសែតបង្ហាញ​​មុខ​មេ​ខ្លោង​​ជួញ​ដូរគ្រឿង​ញៀន​​២​​នាក់​ ​គ្រឿង​ញៀន​ជាង​១​គីឡូ​ក្រាម ​អាវុធ​ខ្លី​១​ដើម ​និង​​រថយន្ត​​​ទំនើប​​ចំនួន​២​គ្រឿង​ ។ លោក​ឧត្តម​សេនីយ៍​ទោ យ៉ា គឹម​អ៊ី មេ​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ​នៅ​ក្នុង​សន្និ​សីទ​​កាសែត​​បាន​ចង្អុល​បង្ហាញ​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន និង​គ្រឿង​ញៀន ព្រម​ទាំង​​សម្ភារ​ជា​ច្រើន​ទៀត​​​ដាក់​នៅ​លើ​តុ​ ​ហើយ​លោក​ឧត្តម​សេនីយ៍​​​មិន​បាន​មាន​ប្រសាសន៍​លំអិត​ប្រាប់​​អ្នក​កាសែត​នោះ​ទេ ​ដោយ​សំអាង​​ទៅ​លើ​របាយ​ការណ៍​​ដែល​បាន​ចែក​ជូន​អ្នក​កាសែត​​គ្រប់​​ជ្រុង​ជ្រោយ​​អស់​ទៅ​ហើយ អំពី​សកម្ម​ភាព​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ។

យោង​តាម​អង្គ​ហេតុ​ក្នុង​របាយ​ការណ៍​បាន​សរសេរ​ថា កម្លាំង​ការិយា​ល័យ​​ព័ត៌​មាន​ទូទៅ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ដោយ​បាន​ការ​ផ្តល់​ព័ត៌​មាន​ពី​ម្ចាស់​ផ្ទះ​សំណាក់​មួយ​ ហើយ​បាន​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​មាន​ជ័យ ​កាល​ពី​​ថ្ងៃ​​ទី​១៥ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​២២​និង​៣០​នាទី បាន​​​ចុះ​បង្ក្រាប​ និង​ឃាត់​ខ្លួន​​មនុស្ស​ចំនួន​៥​នាក់ ។ ក្នុង​នោះ​មាន​១-ឈ្មោះ​​លឹម ចន្ថា ២-ឈ្មោះ​ទូច វាសនា ៣-ឈ្មោះ​​ឌួង សុខ​គីម ​៤-ឈ្មោះ​​ខឹម ដាណេ ហៅ​ស្រី​ស្រួច និង​៥-ឈ្មោះ​​ស៊ី​សុវត្ថិ ជាតិ​​សុទ្ធិនូ ហៅ​ណុច ពី​បទ​សង្ស័យ​​ជួញ​ដូ​រ ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ប្រើ​ប្រាស់​អាវុធ​​​ខុស​ច្បាប់​​នៅ​ផ្ទះ​សំណាក់​មួយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្រុម​ទី​៣ ភូមិ​ដើម​អំពិល ​សង្កាត់​​ច្បារអំពៅ​​ទី​១ ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ ។

ក្នុង​របាយ​ការណ៍​បាន​ឱ្យ​ដឹង​បន្ត​​ថា សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ជាក់​ស្តែង​នូវ​ថ្នាំ​​ញៀន​ប្រភេទ​ម្សៅ​ពណ៌ស ចំនួន​១២​កញ្ចប់​​ធំ និង​១​កញ្ចប់​តូច​មាន​ទម្ងន់​​១.២១៦​ក្រាម ។ ថ្នាំ​​គ្រាប់​​ពណ៌​ផ្កា​ឈូក​ចំនួន​១.៦០០​​គ្រាប់ ទម្ងន់​១៣០,៨​ក្រាម អាភៀន​ទម្ងន់​២០,៣​ក្រាម អាវុធ​​ខ្លី​១​ដើម​ម៉ាក​ប្រាហា ​បង់​១​មាន​​​៣​គ្រាប់ រថយន្ត​ចំនួន​២​គ្រឿង ម៉ាក​សេលី​កា ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-8339 និង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-2817 ប្រាក់​​ដុល្លារ​ចំនួន​២៤.០៩៤​ដុល្លារ និង​១.៨១៧.០០០​រៀល ​ព្រម​ទាំង​សំភារ​សម្រាប់​ជក់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ។

​តាម​ចម្លើយ​របស់​ឈ្មោះ​លឹម ចន្ថា ដែល​ជា​ជន​សង្ស័យ​បាន​ឱ្យ​ដឹង​ថា ខ្លួន​ពិត​ជា​អ្នក​ទទួល​គ្រឿង​ញៀន​សម្រាប់​ធ្វើ​ការ​ជួញ​ដូរ​មែន ​ដែល​គ្រឿង​ញៀន​​ទាំង​នេះ​ខ្លួន​ទទួល​បាន​​ពី​ឈ្មោះ​ខ្លា ​ដែល​ជា​គូ​កន​របស់ខ្លួន ។ ឈ្មោះ​លឹម ចន្ថា បាន​បន្ត​ថា ​នៅ​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​​២០១១ វេលា​ម៉ោង​​ប្រមាណ​៨​យប់ មុន​ពេល​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ឈ្មោះ​ខ្លា​ណាត់​ជួប​តាម​ទូរស័ព្ទ​ថា​ ឱ្យ​ទៅ​​ជួប​គ្នា​នៅ​ស្ថានីយ​ប្រេង​ក្បែរ​ផ្ទះ​សំណាក់​យីហោ​សម្បត្តិ​ទិព្វ ។ ​ក្រោយ​ពេល​ណាត់​​គ្នា​រួច​ ខ្លួន​ក៏​​ជិះ​ម៉ូតូ​ឌុប​តែ​ម្នាក់​ឯង​ទៅ​ចាំ​ឈ្មោះ​ខ្លា ​នៅ​ទី​ដែល​បាន​ណាត់ លុះ​​ក្រោយ​​មក​ប្រហែល​មួយ​ម៉ោង​ ឈ្មោះ​​ខ្លា​បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​​កាមរី​ឆ្លាម ពណ៌ខ្មៅ មិន​ចាំ​ស្លាក​លេខ ព្រម​ទាំង​មាន​មនុស្ស​ប្រុស​ម្នាក់​ទៀត​​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ក្រហម បិទ​គូទ​មក​ជួប​ខ្លួន​ ព្រម​ទាំង​ប្រគល់​កញ្ចប់​ថ្នាំ​ញៀន និង​​​​រថយន្ត​​ឱ្យ​​​មក​ខ្លួន​យក​​ទៅ​ផ្ទះ​សំណាក់​សម្បត្តិ​ទិព្វ ។ ​ក្រោយ​ពេល​ជួប​គ្នា​ពួក​ខ្លួន​បាន​ធ្វើ​​ដំណើរ​ទៅ​ផ្ទះ​សំណាក់​តាម​​ការ​ណែ​នាំ​របស់​​ឈ្មោះ​ខ្លា ខ្លួន​បាន​ទៅ​ជួប​គ្នា​នៅ​ក្នុង​បន្ទប់​លេខ​៤០៨ ក្នុង​ផ្ទះ​សំណាក់​​សម្បត្តិ​ទិព្វ ។ ខណៈ​ពេល​អង្គុយ​​បាន​ប្រហែល​​១០​នាទី ឈ្មោះ​ស្នា (ទូច វាសនា) បាន​មក​ដល់​ហើយ​បាន​ប្រគល់​លុយ​ចំនួន​២២.០០០​ដុល្លារ​ឱ្យ​មក​ខ្លួន ​តែ​លុយ​នោះ​ខ្លួន​មិន​បាន​រាប់​ចំនួន​​ទេ ។ ព្រម​ជា​មួយ​គ្នា​នោះ ខ្លួន​ក៏​ប្រគល់​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹក​កក​ ពណ៌ស ចំនួន​៥​កញ្ចប់​ធំ​ឱ្យ​ទៅ​ឈ្មោះ​ស្នា ​បន្ទាប់​​ពី​ទទួល​បាន​ថ្នាំ​ញៀន​ហើយ​ឈ្មោះ​ស្នា ក៏​ចុះ​ទៅ​បាត់​ទៅ ។ ឈ្មោះ​លឹម ចន្ថា បាន​បញ្ជាក់​​បន្ថែម​ទៀត​​ថា ចំពោះ​​អាវុធ គ្រឿង​ញៀន និង​រថយន្ត​​ជា​របស់​ឈ្មោះ​ខ្លា​ទាំង​អស់​ ដោយ​​ឈ្មោះ​នោះ​បាន​​ប្រាប់​ខ្លួន​ថា ​យក​មក​ពី​ខេត្ត​​ស្ទឹង​ត្រែង ៕