ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​សហការី បាន​នាំ​យក​អំណោយ​មនុស្ស​ធ៌​ម​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ

ខេត្តពោធិ៍សាត់ ៖ នា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​សហការី បាន​នាំ​យក​អំណោយ​មនុស្ស​ធ៌​ម​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេចខ្ទី​អស់​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា កន្លង​ទៅ  នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។

លោក ខូ​យ រី​ដា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ផ្ទះសម្បែង​ និង​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ដែល​បណ្ដាល​មក​ពី​គ្រោះ​អគ្គិភ័យ​នេះ ។ នេះ​គឺជា​គ្រោះភ័យ​នៃ​គ្រោះ​មហន្តរាយ ដែល​កន្លង​មក​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ក្រៅ​ខេត្ត​ដែរ តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​ ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ព្រោះ​ពាក្យចាស់​ពោល​ថា «​សូវ​លិច​ទូក​កណ្ដាលទន្លេ កុំឱ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​»​។

លោក ខូ​យ រី​ដា ថ្លែង​ថា កាកបាទក្រហមកម្ពុជា​គឺជា​ស្ថាប័ន​មនុស្សធម៌​ ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន បាន​ខិតខំ​ទាក់ទង​ និង​ស្វែងរក​ថវិកា ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ពី​គ្រប់​ទីកន្លែង​ទាំង​ក្នុង ​និង​ក្រៅប្រទេស សម្រាប់​ទុក​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​គ្រប់​ប្រភេទ​ ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ ខ្យល់ព្យុះ​រលំ​ផ្ទះ គ្រោះ​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេង​ៗ ដោយ​ឈរ​លើ​គោលការណ៍​ទាំង​៧​ប្រការ មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​ពូជសាសន៍​អ្វី​ឡើយ ពោល​គឺ​ឱ្យ​តែ​ប្រជាពលរដ្ឋ​រង​គ្រោះ សុទ្ធតែ​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ពី​កាកបាទក្រហម​ថ្នាក់​កណ្ដាល​ និង​ថ្នាក់​ខេត្ត ស្រុក ក្រុង ស្មើ​ៗ​គ្នា ។

ជាក់ស្ដែង ថ្ងៃនេះ​គ្រាន់តែ​ដឹង​ថា​ បងប្អូន​ពីរ​គ្រួសារ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ភ្លាម សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក ម៉ៅ ធនិន ប្រធានកិត្តិយស​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចាត់​ឱ្យ​រូប​លោក និង​សហការី នាំ​យក​អំណោយ​មនុស្សធម៌​មក​ផ្ដល់​ជូន​ជា​បន្ទាន់​ ។ ទោះបី​អំណោយ​នេះ​តិចតួច​ក្ដី តែ​វា​មាន​តម្លៃ​ណាស់​សម្រាប់​យើង​ដែល​អស់រលីង​ពី​ខ្លួន ជា​ការ​ដោះ​ទ័ល​មួយ​រយៈ​ខ្លី​ដែល​យើង​មិន​ទាន់​អាច​រក​អ្វី​មក​ហូប​បាន​ភ្លាម​ៗ ពិសេស​បញ្ជាក់​ពី​ការ​គិតគូរ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​យើង ។

គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នេះ​ជា​បងប្អូន​បង្កើត​នឹង​គ្នា គឺ​ឈ្មោះ ថោ​ង តូ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ និង​ឈ្មោះ ថោ​ង ថេ​ត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម តង់​១ មី​១​កេស ទឹកត្រី​២​យួរ ទឹក​ស៊ី​អ៊ីវ​២​យួរ ត្រីខ​១០​កំប៉ុង ឃី​ត​មួយ​កញ្ចប់​ធំ និង​ប្រាក់​២០​ម៉ឺន​រៀល ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​កន្លង​ទៅ វេលា​ម៉ោង​១២​ថ្ងៃត្រង់ មាន​គ្រោះ​អគ្គិភ័យ​ដែល​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​តទៅ​ទៀត ឬ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ ៕