ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​សាងសង់​រោង​ឆ្មាំ​2​ខ្នង​ទៀតនៅ​លើ​ខ្នងភ្នំ​គូលែន ដើម្បី​ពង្រឹង​ការងារ​អភិរក្ស

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្នំ​គូលែន គឺជា​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ ទន្ទឹម​នឹង​នេះ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជា​អតិបរមា

ខេត្តសៀមរាប ៖ ភ្នំ​គូលែន គឺជា​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ ទន្ទឹម​នឹង​នេះ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជា​អតិបរមា អាជ្ញាធរ​ជាតិ​អប្សរា​ខិតខំ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​អភិរក្ស​ប្រាសាទ និង​វត្ថុ​បុរាណ​នានា​ដែល​មាននៅ​លើ​រមណីយដ្ឋាន​ភ្នំ​គូលែន ធ្វើ​យ៉ាងណា​ឱ្យ​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ លោក​ឈាន រ​ដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទី​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរនៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​មន្ត្រី បុគ្គលិកក្រោម​ឱវាទ​ទៅ​សិក្សា​រក​ទីតាំង​ចំនួន​២ ដើម្បី​សាងសង់​រោង​ឆ្មាំ​ចំនួន​២​ខ្នង​ទៀត នៅ​លើ​ភ្នំ​គូលែន សម្រាប់​ឱ្យ​បុគ្គលិក​បច្ចេកទេស និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​បំពេញការងារ ក៏​ដូច​ជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​កិច្ចប្រជុំ ICC អង្គរ លើក​ទី​២៤ នា​ថ្ងៃ​ទី​៤ និង​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​តម្រូវ​ឱ្យ​ពង្រឹង​ផ្នែក​ធនធានមនុស្ស និង​ធនធាន​សម្ភារ​ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ​នេះ ប្រកបដោយ​ជោគជ័យ ។

ជា​លទ្ធផល​ក្រុមការងារ​រកបាន​ទីតាំង​ចំនួន ២ ដែល​មាន​លក្ខខណ្ឌ​សម​ស្រប​អាច​សាងសង់​រោង​ឆ្មាំ​បាន គឺ​នៅ​តំបន់​ការពារ​ប្រាសាទរោង​ចិន និង​នៅ​តំបន់​ការពារ​ស្រះ​ដំរី ។
 កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាងសង់​រោង​ឆ្មាំ​១​ខ្នង និង​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវ​ទេសចរ​ចំនួន​១​ខ្នង​រួច​ហើយ នៅ​ក្នុង​តំបន់ «​ព្រះ​អង្គ​ធំ​» ត្រង់​វាល​ស្តេច​គម្លង់ ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ ADF កំណត់​តំបន់ និង​បោះបង្គោល​ព្រំ​ការពារ​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​លើ​ភ្នំ​គូលែន​បាន​ចំនួន ៥​តំបន់ និង​ដាំ​កូន​ឈើ​ចំនួន​៥.០០០​ដើម នៅ​តំបន់​ការពារ​ប្រាសាទ​អ្នកតា ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​បុគ្គលិក​ប​ចេ្ច​ក​ទេស​ផែ្ន​ក​បុរាណវិទ្យា​ចំនួន​៣​នាក់ និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​ចំនួន​៤៨​នាក់ ឱ្យ​បំពេញការងារ​នៅ​ទីនោះ ៕