ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខកខាន​បុណ្យអុំទូក តែ​មាន​ពិធី​ប្រគំ​តន្ត្រី​បម្រើ​ការ​កម្សាន្ត​របស់​មហាជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មិន​ប្រារព្ធ​ឡើង​នៅ​ក្នុងឆ្នាំនេះ​ក្តី ប៉ុន្តែ​កម្មវិធី​ប្រគំ​តន្ត្រី​នានា​នឹង​រៀបចំ​ឡើង ។ ការ​ប្រគំ​តន្ត្រី​ទាំងនោះ​នឹង​ជា​ការ​កម្សាន្ត​មួយ​ផ្នែក​

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មិន​ប្រារព្ធ​ឡើង​នៅ​ក្នុងឆ្នាំនេះ​ក្តី ប៉ុន្តែ​កម្មវិធី​ប្រគំ​តន្ត្រី​នានា​នឹង​រៀបចំ​ឡើង ។ ការ​ប្រគំ​តន្ត្រី​ទាំងនោះ​នឹង​ជា​ការ​កម្សាន្ត​មួយ​ផ្នែក​សម្រាប់​មហាជន​ដែល​ប្រាថ្នា​ចង់​ដើរ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យអុំទូក ព្រមទាំង​កម្ចាត់​ភាព​ស្ងប់ស្ងាត់ ខណៈ​គ្មាន​ភាព​អឹុក​អ​ធឹ​ក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​គម្រោង​ប្រគំ​តន្ត្រី​នោះ ដោយ​ថ្លែង​ថា «​អាជ្ញាធរ​ត្រូវ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ឱ្យ​ច្រើន​នៅ​ភ្នំពេញ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ។ អ្នកចម្រៀង​ល្បី​របស់​កម្ពុជា​ទាំងអស់​ត្រូវ​យក​មក​ច្រៀង​កម្សាន្ត​ក្នុង​ឱកាស​នោះ​ផង​ដែរ ដោយ​ខ្ញុំ​ជា​អ្នក​ប៉ា​វ​ខាង​សិល្បៈ​» ។

នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៣ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​បែប​នោះ ហើយ​ថា​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៥​នេះ មិនមែន​មក​ពី​ហេតុផល​នយោបាយ​ទេ ។ វា​មក​ពី​ទឹកទន្លេ​នៅ​មុខ​ព្រះ​បរមរាជវាំង​មាន​កម្រិត​ទាប ក្រោម​៥​ម៉ែត្រ មិនមែន​ខ្លាច​បាតុកម្ម​ដូច​ជា​គេ​លើក​ឡើង​នោះ​ទេ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចំអក​ថា បើសិនជា​អ្នកវិភាគ ឬ​អ្នកនយោបាយ រាប់​ទាំង​តំណាងរាស្ត្រ​មួយ​ចំនួន​របស់​គណបក្សប្រឆាំង​អះអាង​ថា ទោះជា​ទឹកទន្លេ​មាន​កម្រិត​ទាប ក៏​អាច​ប្រណាំងទូក​បាន​ដែរ​នោះ សូម​ឱ្យ​អ្នក​ទាំងនោះ​ទៅ​អុំ ដោយ​សម្តេច​ជា​អ្នក​រៀបចំ និង​ចេញ​លុយ ។

ការពារ​ការ​សម្រេច​ផ្អាក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឧទាហរណ៍​មួយ​ចំនួន​ថា ដូច​ជា​នៅ​ខេត្តកំពង់ធំ ដោយសារ​តែ​ទឹក​មាន​កម្រិត​ទាប មិន​អាច​នាំ​ទូកង​មក​ភ្នំពេញ​បាន​ទេ ។ មិនតែប៉ុណ្ណោះ​កីឡាករ​អុំទូក​ក៏​មិន​មាន​ដែរ ព្រោះ​ជាប់រវល់​ធ្វើស្រែ ។

ការ​ផ្គត់ផ្គង់​ទូក​.​ង​មួយ​គ្រឿង​សម្រាប់​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ ក្នុង​កម្រិត​ប្រមាណ​១​ម៉ឺន​ដុល្លារ ហើយ​ការ​ចំណាយ​លើ​ការ​រៀបចំ​ព្រះរាជ​ពិធី​អុំទូក​ទាំងមូល​ក៏​មិន​តិច​ដែរ ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បង្វែរ​ប្រាក់​ទាំងនោះ​សម្រាប់​ទិញ​ប្រេង​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​កសិករ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​វិញ ។

ថ្ងៃ​ទី​២៤,២៥ និង​ទី​២៦ វិច្ឆិកា មិន​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ប៉ុន្តែ​នៅ​ភ្នំពេញ មានកម្ម​វិធី​ប្រគំ​តន្ត្រី ដូច្នេះ​មហាជន​អាច​ចូលរួម​ទស្សនា​កម្សាន្ត​បាន ៕