ខេត្តកំពង់ចាម ៖ ផ្ទះស្តុកឈើគ្រញូងមួយកន្លែងនៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ បានត្រូវកម្លាំងសមត្ថកិច្ចចម្រុះរួមមានរដ្ឋបាលព្រៃឈើមេមត់ កងរាជអាវុធហត្ថ នគរបាល រួមជាមួយលោកមួង សារិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បើកប្រតិបត្តិការចុះឆែកឆេរកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ មីនា ដោយរឹបអូសបានឈើគ្រញូងចំនួនជាង៦០០ កំណាត់ដែលគេត្រៀមនាំចូលទៅកាន់ប្រទេសវៀតណាម ។ ទោះបីជាបែបណា ម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធបានរត់គេចខ្លួនបាត់ស្រមោល ។
តាមលោកងួន ប៊ុណ្ណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ មានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋានថា «នៅផ្ទះរបស់ឈ្មោះជា ជឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើមានលក់ឈើគ្រញូងខុសច្បាប់រាប់រយកំណាត់់» លោកក៏ដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់មេមត់ចុះទៅជាបន្ទាន់ដោយឡោមព័ទ្ធផ្ទះនោះតាំងតែពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ មីនា ដោយមិនអនុញ្ញាតឱ្យម្ចាស់ផ្ទះដឹកជញ្ជូនឈើចេញទៅណាបានទេ ។ ក្នុងពេលម្ចាស់ផ្ទះឃើញកម្លាំងរដ្ឋបាលព្រៃឈើ ក៏ប្រមូលយកឈើគ្រញូងដាក់ជាគំនរ រួចចាក់សាំងដុតបំផ្លាញចោលអស់មួយផ្នែក បង្កជាផ្សែងហុយទ្រលោមទៅលើអាកាស ហើយឈ្មួញរូបនេះនិងប្រពន្ធបាននាំគ្នារត់គេចចូលទៅក្នុងព្រៃបាត់តែម្តងតាមខាងក្រោយផ្ទះ ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចមិនទាន់ហ៊ានចូលឆែកឆេរទ ដោយរង់ចាំការចូលរួមពីស្ថាប័នសាលាដំបូងខេត្ត លុះពេលបានដីកាឆែកឆេរហើយ ក៏ចាប់ផ្តើមចូលទៅឆែកឆេរលំនៅឋានរបស់ឈ្មួញនេះនាវេលាម៉ោង២ រសៀលថ្ងៃដដែល (២៨មីនា) ដែលមានទំហំប្រហែលជា២០ម៉ែត្របួនជ្រុងព័ទ្ធជុំវិញទៅដោយដែកសង្កសី ។ ក្នុងពេលឆែកឆេរនោះ សមត្ថកិច្ចឃើញមានឈើគ្រញូងចំនួន ជាង៦០០កំណាត់ដែលគេត្រៀមនាំទៅលក់នៅប្រទេសវៀតណាម ហើយបានរឹបអូសយកមកដាក់នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើមេមត់ ។
លោកងួន ប៊ុណ្ណារ៉ា បានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវឈ្មួញឈ្មោះជឿននេះរកស៊ីប្រមូលទិញឈើគ្រញូងពីគ្រប់ទិសទីជាច្រើនខែមកហើយ ហើយបើទោះជារត់គេចខ្លួនយ៉ាងណាក្តី ក៏នៅតែកសាងសំណុំរឿង និងសុំដីកាតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ដែរ ។ គួររំលឹកថា កាលពីដើមឆ្នាំ២០១០ នៅឃុំទន្លូង ស្រុកមេមត់ ធ្លាប់បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកមួយដោយកម្លាំងសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើអាវុធហត្ថ ទាហាន នគរបាលនិងស្ថាប័នសាលាដំបូងខេត្ត បានចុះឆែកឆេរតាមឃ្លាំងស្តុកឈើជាច្រើនកន្លែងរឹបអូសបានឈើគ្រញូងរាប់រយម៉ែត្រគូបដែលមានតម្លៃរាប់លានដុល្លារ ៕
ចែករំលែកព័តមាននេះ