ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​នាក់​ទៀត ពេល​ធ្វើ​ដំណើរ​មក​ក្នុង​ខេត្ត​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១ ក្រុម​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​ករណី ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

ខេត្ត​ប៉ៃលិន ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១ ក្រុម​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​ករណី ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

ទី​១- ឈ្មោះ សុង រ៉ា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ខោអាវ​ជជុះ​ផ្សារ​កូន​ដំរី រស់នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ទី​២- ឈ្មោះ សូ ញាក់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ (​ប្តី​) ជនជាតិ​ខ្មែរ និង​ទី​៣- ឈ្មោះ ថា វី ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ប្រពន្ធ​) ជនជាតិ​ខ្មែរ ទាំង​ពីរ​នាក់ ធ្វើ​ចំការ រស់នៅ​ភូមិ​ធ្លោ​ក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភព​បន្ត​ទៀត​ថា ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ ៖ គឺ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា វេលា​ម៉ោង​៦​ព្រឹក ស្ត្រី​ឈ្មោះ សុង រ៉ា បាន​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ម៉ា​ឡៃ ឆ្ពោះទៅ​ផ្ទះ​ប្អូន​នៅ​ភូមិ​កូន​ដំរី ឃុំ​និមិត្ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់​ទីនោះ​បាន​១​យប់ (​ផ្ទះ​ប្អូន​ខាងក្រោយ​កា​រ៉ា​ស​សាំង​កូន​ដំរី​)​។ លុះ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ស្ត្រី​ឈ្មោះ សុង រ៉ា បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិ​កូន​ដំរី ឃុំ​និមិត្ត សំដៅ​មក​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​យក​ខោអាវ​មក​លក់​នៅ​ផ្សារ​ព្រំ ។ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ព្រំប្រទល់​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ក្រុម​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខា​ភាព​ភ្នំ​កុយ បាន​ធ្វើតេស្ត​រហ័ស​ចំនួន​៣​លើក រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក្រុមការងារ​ក៏​បាន​បញ្ជូន​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍ ខេត្តបាត់ដំបង លទ្ធផល​វិជ្ជមាន​ដដែល ។

ប្រភព​ដដែល​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា បុរស​ឈ្មោះ សូ ញាក់ និង​ប្រពន្ធ​ឈ្មោះ ថា វី បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក Mazda ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5445 ពណ៌​ស អ្នក​រួម​ដំណើរ​០៥​នាក់ ចេញពី​ភូមិ​ធ្លោ​ក​វៀន ឃុំ​ធ្លោ​ក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ឆ្ពោះ​មក​ភូមិ​អូរ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បាន​ឈប់​កន្លែង​ចាក់​សាំង​នៅ​ម្តុំ​ពុកឆ្មា មាន​លក់​សត្វ​ស្លាប (​ខេត្តបាត់ដំបង រួច​បន្តដំណើរ​ចូល​តាម​ច្រក​រ៉ែ​ដែក ស្រុក​សំឡូត មក​ខេត្ត​ប៉ៃ លិ​ន វេលា​ម៉ោង​៥​ល្ងាច​) ។

គួរ​បញ្ជាក់​ថា អ្នក​ប៉ះពាល់​ជាមួយ ឈ្មោះ សុង រ៉ា គឺ​មានឈ្មោះ ពៅ រស់នៅ​ភូមិ​កូន​ដំរី ឃុំ​និមិត្ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​អ្នកបើកបរ​រថយន្ត ដោយ​មាន​អ្នក​រួម​ដំណើរ​៤​នាក់ ។ បច្ចុប្បន្ន មន្ត្រី​សុខាភិបាល ខេត្ត​ប៉ៃលិន បាន​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​ហើយ ។

ចំណែក​អ្នក​ប៉ះពាល់​ជាមួយនឹង​ឈ្មោះ សូ ញាក់ ភេទ​ប្រុស និង​ប្រពន្ធ ឈ្មោះ ថា វី មាន​ដូច​ជា ៖ ទី​១- ឈ្មោះ ញ៉​ង ផេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​២- ឈ្មោះ ហូរ រ៉េ​ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ទី​៣- ឈ្មោះ មាន ធា​រ៉ា ភេទ​ប្រុស អាយុ​០៨​ឆ្នាំ ទី​៤- ឈ្មោះ មាន បញ្ញា ភេទ​ប្រុស អាយុ​០២​ឆ្នាំ ទី​៥- ឈ្មោះ លី ស្មា​អែ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​៦- ឈ្មោះ ម៉ា​ន់ ទួន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៧- ឈ្មោះ អុង ចាន់​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​៨- ឈ្មោះ វ៉ា​ន ស៊ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៩- ឈ្មោះ អេ​ង ឆ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ទី​១០- ឈ្មោះ តាត ណៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​១១- ឈ្មោះ សុក ខឿន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។

គួរ​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា ឈ្មោះ សុង រ៉ា មិន​ទាន់​បាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​នោះ​ទេ ដូច្នេះ​មិន​ទាន់​មានការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ទាំងអស់​ខាងលើ​ឡើយ​។ ដូច្នេះ​សូម​តាមដាន​សុខភាព ត្រូវ​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​សុខាភិបាល ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ