ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា​ឡើង​ខ្ពស់​ជាង​មុន ជាពិសេស​នា​ពេល​ល្ងាច

2 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​មេឃ​ខ្មៅ​ងងឹត មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ មិន​អាច​បន្ត​ចុះ​ងូតទឹក​ស្ទឹង​លេង​បាន​ទេ ព្រោះ​ទឹក​ហូរ​ខ្លាំង​អាច​នឹង​ធ្វើ​ឱ្យ​អ្នកលេង​ទឹករ​សាត់អណ្តែត​ទៅ​តាម​កម្លាំង​ទឹក ឬ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត តែងតែ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​តាម​មាត់​ស្ទឹង ដែល​គេ​បាន​សង់​ខ្យុ​ស​រួចរាល់ ឬ​អង្គុយ​លើ​ផ្ទាំង​ថ្ម ជា​ពិសេស​ស្ទឹង​តា​រាប នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍ ស្ថិត​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តែ​ពេល​គេ​សង្កេត​ឃើញ​មេឃ​ខ្មៅ​ងងឹត មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ មិន​អាច​បន្ត​ចុះ​ងូតទឹក​ស្ទឹង​លេង​បាន​ទេ ព្រោះ​ទឹក​ហូរ​ខ្លាំង​អាច​នឹង​ធ្វើ​ឱ្យ​អ្នកលេង​ទឹករ​សាត់អណ្តែត​ទៅ​តាម​កម្លាំង​ទឹក ឬ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។ ទោះបីជា អ្នក​នោះ​ចេះ​ហែល​ទឹក​ស្ទាត់ជំនាញ​យ៉ាងណា ក៏​ទប់​មិន​ឈ្នះ​នោះ​ដែរ ជា​ពិសេស​ពេល​ល្ងាច​ដែល​មានទឹក​ជន់​ឡើង គឺ​គេ​មិន​ហ៊ាន​ចុះ​ហែល​ទឹក​លេង​នោះ​ទេ ។

បើ​តាម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ នៅ​រដូវប្រាំង​ទឹកស្ទឹង​ប​រយ៉ា​ខា មិន​ជ្រៅ​នោះ​ទេ គឺ​មាន​ទឹកតែ​នៅ​បាត​ស្ទឹង​ប៉ុណ្ណោះ មាន​សភាព​ថ្លាយង់​ដូច​ជា​កញ្ចក់ អាច​មើលឃើញ​កំទេច​ដុំ​ថ្ម​នៅ​ក្នុង​បាត​ស្ទឹង ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​បូមទឹក​យក​ទៅ​ប្រើប្រាស់ និង​បោក​សំលៀក​បំពាក់ ឬ​បូម​ស្រោច​ដំណាំ​ផង​ដែរ ។ តែបើ​នៅ​រដូវវស្សា នា​ពេល​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ គឺ​ទឹកស្ទឹង​ឡើង​ខ្ពស់ ហើយ​ក៏​ហូរ​នាំ​មក​នូវ​កំទេច​ដី បណ្តាល​ឱ្យ​ល្អក់កករ លំបាក​ក្នុង​ការ​ងូត ឬ​ដង​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្ទឹង​ប​រយ៉ា​ខា ទោះបីជា​រដូវប្រាំង រាំង​ស្ងួត​យ៉ាងណា ក៏​ទឹក​មិន​រីង​ដែរ ព្រោះ​មាន​ប្រភព​ហូរ​មក​ពីលើ តាំងពី​ប្រទេស​ថៃ ដែល​អាច​ឱ្យ​គេ​បូម​ប្រើប្រាស់​បាន​ខួបប្រាំងខួបវស្សា ជា​ពិសេស​អ្នក​ដែល​មាន​ដីចំការ​នៅ​ជាប់​នឹង​ស្ទឹង​នេះ អាច​បូម​ស្រោច​ដំណាំ​ដាំ​ដុះ ដូច​ជា​បន្លែ ឬ​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត ។ លើស​ពី​នេះ ស្ទឹង​ប​រយ៉ា​ខា​នេះ ក៏​ហូរ​នាំ​មក​នូវ​ត្រី​តូច​ធំ ពី​ផ្នែក​ខាងលើ ចុះ​មក​ក្រោម អាច​ឱ្យ​គេ​ដាក់​មង ឬ​អង្គុយ​ស្ទូច​លេង​កម្សាន្ត​យក​ទៅ​ធ្វើ​ម្ហូបអាហារ​បាន​ថែម​ទៀត ។

ម្យ៉ាងវិញទៀត នៅ​រដូវវស្សា​នេះ គេ​សង្កេត​ឃើញ ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រែង​ត្បូង ក៏​នាំ​គ្នា​ធ្វើ​តែ​នៅ​តាម​មាត់​ស្ទឹង​ប៉ុណ្ណោះ ខណ​:​ទឹក​ច្រើន​ជាង​មុន មិន​អាច​កកាយ​ដី​រ៉ែ​បាត់​ស្ទឹង​យក​មក​រែង​ត្បូង​បាន​ឡើយ ព្រោះ​ទឹក​ហូរ​ខ្លាំង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ទឹកស្ទឹង​ប​រយ៉ា​ខា មាន​ប្រភព​ហូរ​មក​ពី​ប្រទេស​ថៃ បន្ត​ហូរ​ធ្លាក់​ទៅ​ក្រោម​ចូល​ទៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ហើយ​បើសិនជា​នៅ​ខេត្ត​ប៉ៃលិន មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​រាល់ថ្ងៃ អាច​នឹង​ធ្វើ​ឱ្យ​ទឹក​ជន់​លិចលង់​ផលដំណាំ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង ក៏​បន្ត​ជន់​លិចទៅ​ដល់​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ