ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កំពូល​ត្រីភាគី​កូរ៉េ​ខាងត្បូង ចិន ជប៉ុន ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ

8 ឆ្នាំ មុន

យោង​តាម YONHAP ថា បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​កូរ៉េ​ខាងត្បូង ជប៉ុន និង​ចិន សេចក្តីថ្លែងការណ៍​រួម​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​មួយ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​វិមាន​ប្រធានាធិបតី

យោង​តាម YONHAP ថា បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​កូរ៉េ​ខាងត្បូង ជប៉ុន និង​ចិន សេចក្តីថ្លែងការណ៍​រួម​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​មួយ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​វិមាន​ប្រធានាធិបតី គឺ​វិមាន​ពណ៌​ខៀវ ហើយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​៣​នឹង​ខិតខំ​ធ្វើ​ឱ្យ​សម្រេច​នូវ​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​ដោយ​គោរព​ស្មារតី​បែរ​ឆ្ពោះទៅ​រក​អនាគត និង​ទស្សនៈ​ត្រឹមត្រូវ​លើ​រឿង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​៣ ។

ស្តី​ពី​បញ្ហា​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ត្រីភាគី ប្រទេស​ទាំង​៣ គ្រាន់តែ​អះអាង​ពី​គោលការណ៍​នៃ​ទស្សនៈ​ត្រឹមត្រូវ​មួយ​លើ​រឿង​ប្រវត្តិសាស្ត្រ និង​ស្មារតី​បែរ​ឆ្ពោះទៅ​រក​អនាគត ដោយ​ពុំ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​បន្ថែម​ទៀត​ឡើយ ។ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬ​បញ្ហា​ដែនដី​ឯទៀត​ៗ​ពុំ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​ជួប​គ្នា​កំពូល​ត្រីភាគី​លើក​ទី​៦​នេះ​ឡើយ ។

ប្រទេស​ទាំង​៣​ក៏​ព្រមព្រៀង​គ្នា​ដែរ ធ្វើ​សកម្មភាព​រួម​នានា ដែល​សំដៅ​ឱ្យ​ការ​ចរចា​៦​ភាគី​ស្តី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង អាច​ដំណើរការ​ឡើង​វិញ​ដោយ​ឆាប់រហ័ស ។

លោកស្រី PARK ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ក្រោយ​កិច្ចប្រជុំ​កំពូល​នេះ​វាយតម្លៃ​ថា ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ស្តារ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី ហើយ​ធានា​សន្តិភាព និង​ភាព​រុងរឿង​នៅ​អាស៊ី​ភាព​ឦសាន ។

ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង មេដឹកនាំ​ទាំង​៣​រូប​អះអាង​ជា​ថ្មី​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ពង្រីក​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។ ប្រទេស​ទាំង​៣​អះអាង​រួម​គ្នា​ថា ប្រឆាំង​រាល់​សកម្មភាព​ដែល​រំលោភ​បំពាន​លើ​ដំណោះស្រាយ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ទាក់ទិន​ដល់​ការ​បន្ត​កិច្ចប្រជុំ​កំពូល ត្រីភាគី លោកស្រី PARK ប្រកាស​ថា យើង​នឹង​ធ្វើ​ដោយ​ទៀងទាត់​នូវ​ការ​ជួប​គ្នា​កំពូល​ត្រីភាគី​នេះ ហើយ​យើង​នឹង​ពង្រឹង​តួនាទី​របស់​លេខាធិការដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី TCS ហើយ​យើង​នឹង​ពង្រីក​រចនាសម្ព័ន្ធ​នៃ​ការពិគ្រោះ​យោបល់​អន្តររដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៣ ។

ស្តី​ពី​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ទាំង​៣ ព្រមព្រៀង​គ្នា​ជំរុញ​ការ​ចរចា​ស្តី​ពី​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​សេរី​រវាង​ប្រទេស​ទាំង​៣ ដើម្បី​ស្វែងរក​ច​លករ​ថ្មី​ៗ​នៃ​កំណើន ហើយ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជា​សាកល និង​តំបន់ ៕