សិល្បៈ​និងវប្ប​​​ធម៌ » កំសាន្ដ

ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ ធ្វើ​ឱ្យ​កក្រើក​សង្វៀន​អាស៊ី​អាគ្នេយ៍

ដោយ ៖ ផាត់ តារារដ្ឋ   

ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១៥:៥២   (02-11-2015 15:52)

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​១ វិច្ឆិកា ម្សិលម្ង៉ៃ កីឡាករ​កម្ពុជា​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ ត្រូវ​គេ​កត់​សម្គាល់ថា កន្ត្រាក់​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អ្នក​ទស្សនា​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អ្នក​ទស្សនា​ទាំងចាស់ទាំងក្មេង​សុទ្ធតែ​បាន​បង្ហាញ​ពី​អារម្មណ៍​ជក់ចិត្ត ព្រោះតែ​ភាគី​ម្ខាង​ៗ​បើក​ឆាកប្រយុទ្ធ​ខ្លាំងក្លា​រៀងខ្លួន ហើយ​មាន​ភាព​រស់​រវើក​ពេញ​រយៈពេល​៥​ទឹក ។

គ្មាន​អ្នក​ណា​មិន​កត់សម្គាល់​នោះ​ទេ​ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ​Deth Div (​ដេ​ត​ឌី​វ​) កាលពី​ព្រឹក​ម្សិលមិញ ។ គូ​នេះ​ស្រូប​បាន​សន្ធឹក​គាំទ្រ​ខ្លាំង​ណាស់ ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​រវាង​កីឡាករ​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា និង​កីឡាករ​ថៃ ដែល​ជា​គូ​ឯក និង​ជា​គូ​ដែល​មានការ​ឃ្លាំមើល​ភាគច្រើន ក៏​មិន​អាច​ប្រដូច​សំឡេង​គាំទ្រ​ចំពោះ​ពួក​គេ​បាន​ដែរ ។ អ្នក​ទស្សនា​នៅ​ក្នុង​ស្ទូ​ឌី​យោ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សុទ្ធតែ​ផ្ដល់​សម្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​លាន់​ពេញ​សង្វៀន ដោយសារ​តែ​ការ​ប៉ះ​គ្នា​របស់​គូ​នេះ មាន​ភាព​រស់​រវើក និង​មាន​កម្រិត​វាយលុក​ដាក់​គ្នា​ខ្លាំង​តាំងពី​ដើម​ដល់​ចប់ ។ កីឡាករ​បង្គោល​ក្រហម​កម្ពុជា និង​បង្គោល​ខៀវ​របស់​ថៃ មិន​បាន​សំចៃ​ទុក​ស្នៀត​ដែល​គ្រូ​ចែក​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ដែល​មក​ពី​ភាគី​ម្ខាង​សុទ្ធតែ​ចង់​ឈ្នះ​រៀងខ្លួន និង​ចង់​ការពារ​មុខមាត់​ជា​ជើង​ខ្លាំង​ដូច​គ្នា ។ ជាក់ស្ដែង កីឡាករ​ខ្មែរ​ពេជ្រ ម្ទេស​ខ្លាំង ដែល​ពេល​កន្លង​មក​កម្រ​ទុក​ឱកាស​ឲ្យ​កីឡាករ​ថៃ​ឆ្លង​ផុត​៣​ទឹកបាន​បន្ថែម​កម្លាំង​វាយលុក​យ៉ាង​ខ្លាំង ទប់​នឹង​កីឡាករ​ថៃ​ដែល​ជា​គូបដិបក្ខ​របស់​ខ្លួន ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ការ​វាយ​សម្រុក​ដាក់​គ្នា​លាន់​ដូច​ផ្គរ​រន្ទះ ហើយ​ភាគី​ម្ខាង​ៗ​ក៏​បញ្ចេញ​អស់​សមត្ថភាព​ប្រទាញ​យក​សំឡេង​គាំទ្រ​ឲ្យ​ផ្ទុះ​ខ្លាំង​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​មិន​មាន​ភាគី​ណាមួយ​បែក​រយះ​លើ​រេញ ។ សំឡេង​ទះដៃ និង​សម្រែក​ហ៊ោកញ្ជ្រៀវ​បាន​រុញ​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​ក្លាយជា​គូ​ជក់ចិត្ត​គ្មាន​២ ហើយ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ទៀត​ក៏​មិន​មាន​គូប្រកួត​ណាមួយ​មានការ​គាំទ្រ​លើសលប់​ដូច​អ្វី​ដែល​បាន​លេចឡើង​ចំពោះ​គូ​នេះនោះ​ដែរ ។ អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល​ស្មើគ្នា​ដែល​ហាក់​ទទួល​បាន​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា ។

លោក​រាជ សូ​ផែន ប្រធាន​គណៈកម្មការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រកួត​រវាង​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ​Deth Div គឺជា​ការ​ប្រកួត​ដ៏​កម្រ​ដែល​អាច​កន្ត្រាក់​បាន​សំឡេង​គាំទ្រ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​ដែល​ធ្លាប់​ធ្វើ​ឡើង​។ លោក​ថ្លែង​កោតសរសើរ​ចំពោះ​កីឡាករ​ទាំង​ពីរ និង​ស្នើ​ឲ្យ​កីឡាករ​កម្ពុជា ប្រឹងប្រែង​បំប៉ន​សមត្ថភាព​ឲ្យ​មាន​កម្លាំង​ស៊ុ​ហ្វ​គ្រប់គ្រាន់​បែប​នេះ ដើម្បី​ឲ្យ​ការ​ប្រកួត​មាន​ភាព​រស់​រវើក​ដូច​ពេជ្រ ម្ទេសខ្មាំង ពេល​ប៉ះ​កីឡាករ​ថៃ​កាលពី​ថ្ងៃអាទិត្យ​នោះ ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​អះអាង​ថា ការ​ផ្គូផ្គង​ឲ្យ​ជើង​ខ្លាំង Deth Div ប៉ះ​ជាមួយ​ម្ទេសខ្មាំង គឺជា​អ្វី​ដែល​លោក​ពេញចិត្ត ។ ផ្អែក​តាម​លទ្ធផល​លោក​ថា​គូ​នេះ​មាន​កម្រិត​ប៉ុនគ្នា​ទាំង​កម្ពស់ កម្លាំង និង​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំងមូល មាន​ភាព​ក្ដៅ​គគុក​ពេញ​រយៈពេល​៥​ទឹក ។ លោក​ក៏​បាន​សម្ដែង​ការ​លើកទឹកចិត្ត​ចំពោះ​ការ​ប្រកួត​អន្តរជាតិ​គូ​ផ្សេង​ផង​ដែរ បើ​ទោះជា​ការ​ប្រកួត​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​ដោយ​មិន​អាច​កន្ត្រាក់​សំឡេង​គាំទ្រ​បាន​ខ្លាំង​ដូច​ការ​ប្រកួត​របស់​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ ។

ដោយឡែក​ចំពោះ​ឡុ​ង សុ​ភី ដែល​បាន​ឡើង​ប្រកួត​ជា​លើក​ដំបូង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​Tom Tan ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។ គូ​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​ខ្លាំងក្លា​ណាស់​ដែរ បើ​ទោះជា​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​មិនសូវ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ដូច​ការ​ប្រកួត​របស់​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ​។ កីឡាករ​កម្ពុជា​ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​វាយ​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ​ភូ​ឡា​ង (Phuo Lang) ដោយ​ពិន្ទុ​ផង​ដែរ កាលពី​ថ្ងៃអាទិត្យ​នោះ ៕