ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្សាតាមអនឡាញ ៖ ឪពុកម្តាយមានកូនរៀនសាលាឯកជន ថា ចំណាយច្រើនតែគុណភាពមិនសូវល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធ្មេចបើកៗ ឆ្នាំសិក្សា ២០២០-២០២១ ជិតបញ្ចប់ទៅទៀតហើយ ពិសេសការសិក្សារបស់សាលាឯកជន ។ ដោយសារបានបើកបវេសនកាលមុនសាលារដ្ឋ សាលាឯកជន…

រាជធានីភ្នំពេញ ៖ ធ្មេចបើកៗ ឆ្នាំសិក្សា ២០២០-២០២១ ជិតបញ្ចប់ទៅទៀតហើយ ពិសេសការសិក្សារបស់សាលាឯកជន ។ ដោយសារបានបើកបវេសនកាលមុនសាលារដ្ឋ សាលាឯកជន បានឈានដល់ការប្រឡងឆមាសទី ២ ក្នុងពេលឆាប់ៗខាងមុននេះ គឺការសិក្សាឆ្នាំសិក្សា ២០២០-២០២១ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមានមាតាបិតាសិស្សមួយចំនួន បារម្ភពីគុណភាពសិក្សា របស់កូនៗ ថាមិនមានគុណភាពនោះឡើយ ខណៈដែលពួកគាត់នៅតែចំណាយប្រាក់ខ្ពស់លើការសិក្សារបស់កូនជាដដែល មិនខុសពីពេលមិនមានកូវីដ ១៩ នោះឡើយ ។ 

លោក សុធា មានកូនពីរនាក់បានសិក្សានៅសាលាឯកជនមួយនៅភ្នំពេញ ។ លោកថាក្នុង ១ ឆ្នាំសម្រាប់កូនលោកពីរនាក់នេះ ម្នាក់ៗលោកត្រូវបង់ថ្លៃសាលា ២ ពាន់ដុល្លារ ។ «ធ្មេចបើកៗ ពួកគេបានប្រាប់ខ្ញុំថា កំពុងត្រៀមប្រឡងឆមាសទី ២ ។ ពួកគេរៀនជិតចប់មួយឆ្នាំទៀតហើយ ប៉ុន្តែខ្ញុំយល់ថាពួកគេមិនចេះអ្វីឡើយ ដោយសារពេញមួយឆ្នាំនេះ ភាគច្រើនរៀនតាមអនឡាញ» ។

បុរសម្នាក់នេះបានស្នើសុំឲ្យសាលារៀនបញ្ចុះតម្លៃខ្លះ ប៉ុន្តែលោកមិនដឹងថា យ៉ាងណានោះទេ ។ «កាលពីឆ្នាំ ២០២០ ម្តងហើយ យើងបានបង់ថ្លៃសិក្សាពេញមួយឆ្នាំហើយ កូវីដ ១៩ បានមកដល់ កូនៗបានប្តូរពីការសិក្សាផ្ទាល់ទៅរៀនតាមអនឡាញ ប៉ុន្តែសាលាមិនបានបញ្ចុះតម្លៃអ្វីទំាងអស់ ឆ្នាំនេះអុីចឹងទៀត» លោក សុធា ត្អូញត្អែរ ។ 

កូវីដ ១៩ បានធ្វើឲ្យការសិក្សានៅកម្ពុជាក៍ដូចជានៅបណ្តាប្រទេសដទៃ ប្តូរពីការសិក្សាដោយផ្ទាល់មករៀនតាមអនឡាញ ។ ការសិក្សាតាមអនឡាញបានធ្វើឡើងពីរឆ្នាំជាប់គ្នាចុងក្រោយនេះ ។ គេនៅមិនទាន់ដឹងថា តើក្រសួងអប់រំមានផែនការបើកសាលាឲ្យរៀនផ្ទាល់ឡើងវិញនៅពេលណានោះទេ ខណៈដែលសាលាឯកជនជិតបញ្ចប់ការសិក្សាមួយឆ្នាំទៅហើយនោះ ។ 

កាលពីពេលថ្មីៗនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំ ក្រសួងតាមប្រព័ន្ធអនឡាញដើម្បី គិតគូរអំពីឧបសគ្គ និងផលលំបាកនានា ដែលគ្រូបង្រៀន និងសិស្សានុសិស្សជួបប្រទះក្នុងដំណើរការនៃការសិក្សាពីចម្ងាយ ដើម្បីស្វែងរកដំណោះស្រាយ ជួយសម្រួលធ្វើយ៉ាងណាឱ្យការងាររៀន និងបង្រៀនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ។ ក្រសួងបានលើកឡើងពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិការណ៍នៃការបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ជំហានដំបូងគឺ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យានៅទូទាំងប្រទេស ជាមុនសិន ។ ក្រសួងថែមទំាងអះអាងថា ខ្លួនខិតខំគ្រប់មធ្យោ បាយដើម្បីផ្តល់ការសិក្សាដល់សិស្សានុសិស្សនៅក្នុងបរិបទកូវីដ ១៩ រាតត្បាតនេះ ។

កន្លងមកមានថ្នាក់ដឹកនាំសាលាឯកជនមួយបាននិយាយប្រាប់សារព័ត៌មាន កោះសន្តិភាព ថា នៅក្នុងពេលកូវីដ ១៩ នេះ សាលារបស់លោកបានខាតបង់ថវិការាប់មុឺនដុល្លារក្នុងមួយខែ ។ ខាតថវិកាដោយសារសេវាកម្មរបស់សាលាជាច្រើនបានផ្អាកសកម្មភាពដូចជាសេវាអាហារ ដឹកជញ្ជួន តែសាលាបានធ្វើការចំណាយកាន់តែខ្ពស់លើការបំពាក់ឧបករណ៍បច្ចេកវិទ្យា និងប្រាក់ខែបុគ្គលិកដើម្បីផ្តល់ការសិក្សាពីចម្ងាយប្រកបដោយគុណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ