ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ លើ​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ទៀត​នៅ​ខេត្ត​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្រុម​ឆ្លើយ​តប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​រក​ឃើញ​វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ លើ​ឈ្មោះ គេង រ៉ា​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​អ្នកលក់​សំបក​កង់​រថយន្ត​ក្រុមហ៊ុន Wing Force​។

ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ឈ្មោះ គេង រ៉ា​វី បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តតាកែវ​, ខេត្តកំពត និង​ខេត្ត​កែប ដោយ​បើកបរ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 2 AJ-7498 ហើយ​បាន​សម្រាក​នៅ​ខេត្ត​កែប​១​យប់ (​មិន​ចាំ​ឈ្មោះ​ផ្ទះសំណាក់​)​។ នៅ​ថ្ងៃ​ទី​០៨ ខែឧសភា បាន​ចេញដំណើរ​ពី​ខេត្ត​កែប បន្ត​ទៅ​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​សម្រាក​នៅ​ទីនោះ​១​យប់ (​មិន​ចាំ​ឈ្មោះ​ផ្ទះសំណាក់​)​។ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា បាន​ចេញដំណើរ​ពី​ឃុំ​វាល​រេញ ឆ្ពោះទៅ​កាន់​ខេត្តកោះកុង ហើយ​សម្រាក​នៅ​ទីនោះ​១​យប់ (​មិន​ចាំ​ឈ្មោះ​ផ្ទះសំណាក់​)​។ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ចេញពី​ខេត្តកោះកុង មក​រាជធានី​ភ្នំពេញ ហើយ​ស្នាក់​នៅ​ទីនោះ​មួយ​យប់​។

នៅ​ថ្ងៃ​ទី​១១ ខែឧសភា បាន​ចេញដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពង់ធំ និង​សៀមរាប សម្រាក​នៅ​ខេត្តសៀមរាប​មួយ​យប់ (​មិន​ចាំ​ឈ្មោះ​ផ្ទះសំណាក់​)​។ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ បាន​ចេញដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​កាន់​ខេត្តព្រះវិហារ សម្រាក​នៅផ្ទះ​សំណាក់​ឈ្មោះ ម៉ា​លី​ម៉ា​១​យប់​។ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ចេញដំណើរ​ពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​កាន់​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ សម្រាក​នៅផ្ទះ​សំណាក់ សោភា​១​យប់​។ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា បាន​ចេញពី​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដោយ​ត្រូវ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន​។

ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ព្រំប្រទល់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ក្រុម​ឆ្លើយ​តប​បន្ទាន់ មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​ធ្វើតេស្ត​រហ័ស​០២​លើក រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្រុមការងារ​បាន​បញ្ជូន​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ខេត្តបាត់ដំបង លទ្ធផល​វិជ្ជមាន​ដដែល​។ អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ ជួន វុ​ទ្ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នកលក់​សំបក​កង់​រថយន្ត​ក្រុមហ៊ុន Wing Force ដែល​មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ជាមួយនឹង​ឈ្មោះ​ខាងលើ ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ថា ៖ បុរស​ទាំង​ពីរ​ខាងលើ មិន​ទាន់​បាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដូច្នេះ​ពួក​គាត់​មិន​ទាន់​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាច់ញាតិ ឬ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​នៅឡើយ​ទេ​។ រដ្ឋបាល​ខេត្ត​ប៉ៃលិន សូម​អំពាវនាវ​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​ទាំង​ពីរ​នាក់​ខាងលើ ជា​ពិសេស​ផ្ទះសំណាក់​តាម​បណ្តា​ខេត្ត ដែល​បុរស​ទាំង​ពីរ ធ្លាប់​បាន​ស្នាក់​នៅ​ក្នុង​រយៈពេល​ធ្វើ​ដំណើរ​សូម​តាមដាន​សុខភាព និង​ត្រូវ​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​សុខាភិបាល ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត​រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ផង​)៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ