រាជធានីភ្នំពេញ៖ ស្ថាប័នចំនួនពីរ ចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ប្រតិបត្ដិការសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs)នៅកម្ពុជា តាមរយៈការផ្តល់ជំនួយខ្នាតតូច និងផ្នែកប្រព័ន្ធអេឡិចត្រូនិច ដើម្បីជាមធ្យោបាយនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ។
សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយអង្គការ UNDP បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ សហការពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងភាពជាដៃគូថ្មី ដែលគម្រោងនេះនឹងអាចពង្រីកការគាំទ្រ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៥០ បន្ថែមទៀត តាមរយៈសកម្មភាពចំនួនពីរគឺ កម្មវិធីបណ្ដុះគំនិតធុរកិច្ច និងកម្មវិធីផ្ដល់ជំនួយខ្នាតតូច ។
ជុំវិញភាពជាដៃគូនៃ គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម លើសកម្មភាពគម្រោងចំនួនពីរ ដែលសកម្មភាពទាំងនេះរួមមានកម្មវិធីភ្ញាស់ (បញ្ចូលសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងការគាំទ្រជំនាញ និងការត្រៀមលក្ខណៈចាំបាច់) និងកម្មវិធីជំនួយខ្នាតតូច គឺការគាំទ្រការនៃផ្លាស់ប្តូរឌីជីថល ។ ក្រៅពីនេះភាពជាដៃគូ នឹងពង្រឹងសមត្ថភាពដែលមានស្រាប់ ទាំងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈការភ្ជាប់បណ្តាញសហគមន៍មូលដ្ឋាន និងជំនាញអន្តរជាតិ និងជំរុញលើកទឹកចិត្តដល់វិធីច្នៃប្រឌិតថ្មី នៃកម្មវិធីសម្រាប់ប្រព័ន្ធអេកូឡូស៊ីទាំងមូល តាមរយៈការគាំទ្រពីវិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយសហគ្រាសធុនតូចសហគ្រាសធុនតូច និងមធ្យម និងអេឡិចត្រូនិចនៅកម្ពុជា។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាលោកឧកញ៉ា តែ តាំងប៉មានប្រសាសន៍ថាពាក់ព័ន្ធការប្រើប្រាស់ផ្នែកអេឡិចត្រូនិក សមាជិកសមាគមមានធនធានខ្សោយនៅឡើយ ក្នុងនោះនារយៈពេលកន្លងមក សមាគមបានបង្កើតវគ្គបណ្តុះបណ្តាលនៅតាមបណ្តុំសហគ្រាសគ្រប់ខេត្ត-ក្រុង ដើម្បីជម្រុញឱ្យសមាជិកនៅក្នុងសមាគម ទទួលបានបច្ចេកវិទ្យាថ្មីៗទាំងនោះ សម្រាប់ទំនាក់ទំនងក្នុងពាណិជ្ជកម្ម ឬការសម្រួលបង់ពន្ធតាមអនឡាញ។ ដូច្នេះការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក គឺមានសារៈសំខាន់ណាស់ និងជាកាតលីករថ្មី ដើម្បីជំរុញប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរផងដែរ ។
គួររម្លឹកថានាពេលកន្លងមកនេះ UNDP និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានរួមគ្នាបង្កើតជាសមាសធាតុសំខាន់មួយ នៃគម្រោងពន្លឿនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ភាពជាដៃគូរួមគ្នានេះ មានគោលបំណងជំរុញឱកាសក្នុងស្រុក និងអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈវេទិកាឌីជីថល និងបង្កើតការងារថ្មីជាង ១ពាន់កន្លែង នៅឆ្នាំ ២០២២ ក្នុងនោះសម្រាប់គំនិតផ្តួចផ្តើមរួមគ្នានេះ សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ ត្រូវបានរំពឹងថា នឹងទទួលបានជំនួយ រួមជាមួយការបណ្តុះបណ្តាលផ្នែកអេឡិចត្រូនិច ៕
ចែករំលែកព័តមាននេះ