ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានអ៊ី​ស្រា​អែ​ល បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន កំពុង​ភៀសខ្លួន​ចេញ(វីដេអូ)

2 ឆ្នាំ មុន

​ហ្គា​ហ្សា​ស្ទ្រី​ប ៖ យោធា​អ៊ី​ស្រា​អែ​ល បាន​បង្កើន​ការ​វាយលុក​របស់​ខ្លួន ទៅ​លើ​តំបន់​ហ្គា​ហ្សា ខណៈ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន បន្ត​បាញ់​រ៉ុក្កែត ចូល​ទឹកដី​អ៊ី​ស្រា​អែ​ល នៅ​ថ្ងៃ​ទី​៥ នៃ​សង្គ្រាម…

​ហ្គា​ហ្សា​ស្ទ្រី​ប ៖ យោធា​អ៊ី​ស្រា​អែ​ល បាន​បង្កើន​ការ​វាយលុក​របស់​ខ្លួន ទៅ​លើ​តំបន់​ហ្គា​ហ្សា ខណៈ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន បន្ត​បាញ់​រ៉ុក្កែត ចូល​ទឹកដី​អ៊ី​ស្រា​អែ​ល នៅ​ថ្ងៃ​ទី​៥ នៃ​សង្គ្រាម ។ យោធា​អ៊ី​ស្រា​អែ​ល បាន​និយាយ​ថា កងកម្លាំង​អាកាស និង​បង​ទ័ពជើងគោក បាន​ចូលរួម​នៅ​ក្នុង​ការ​វាយប្រហារ កាលពី​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​មិន​បាន​វាយលុក​ចូល​តំបន់​ហ្គា​ហ្សា​ទេ ។

វី​ដេ​អូ​ពី​ទីក្រុង​ហ្កា​ហ្សា បាន​បង្ហាញ​ថា ផ្ទៃមេឃ​នា​ពេល​យប់ ពោ​ពេញ​ដោយ​ពន្លឺ​គ្រាប់កាំភ្លើង ដែល​បាញ់​ចេញពី​កាំភ្លើង​ធំ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល ។

មនុស្ស​១១៩​នាក់ ត្រូវ​បាន​សម្លាប់ នៅ​តំបន់​ហ្គា​ហ្សា និង​០៨​នាក់​បាន​ស្លាប់ នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ កន្លង​មក

ការ​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត របស់​ប៉ា​ឡេ​ស្ទី​ន និង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល នៅ​ស​ប្តា​ហ៍​នេះ ធ្វើ​អោយ​តំបន់​ហ្គា​ហ្សា និង​អ៊ី​ស្រា​អែ​ល កាន់តែ​អាក្រក់​ទៅ​ៗ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ។

ដោយ​ការ​ភ័យ​ខ្លាច​ការ​លុក​ចូល​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល នៅ​តំបន់​ហ្គា​ហ្សា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន បាន​និង​កំពុង​ភៀសខ្លួន​ចេញពី​តំបន់ ដែល​នៅ​ជិត​ព្រំដែន​ជាមួយ​អ៊ី​ស្រា​អែ​ល ។ អ្នកស្រុក​ដែល​បាន​ចាក​ចេញពី​ស្រុក Shejaiya ក្នុង​ទីក្រុង Gaza ។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និយាយ​ថា គ្រាប់កាំភ្លើង​បាន​ធ្លាក់​ទៅ​លើ​ផ្ទះ​របស់​ពួក​គេ ។

ចំណែកឯ​អ៊ី​ស្រា​អែ​ល បាន​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​មួយ​យប់ ដើម្បី​បំផ្លាញ​បណ្តាញ​ផ្លូវ​រូង​ក្រោម​ដី របស់​ក្រុម​ហា​ម៉ាស ដែល​វា​ត្រូវ​បាន​គេ​ហៅ​ថា​“​មេត្រូ​” ប៉ុន្តែ​គ្មាន​កងទ័ព​ណាមួយ​បាន​ចូល​ទៅ​កាន់​តំបន់​ហ្គា​ហ្សា​ទេ ។

សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែម​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ ឧសភា​នេះ មាន​គ្រាប់​ផ្លោង​ចំនួន ២២០​គ្រាប់​ទៀត ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​ថា ប្រតិបត្តិការ​យោធា​អ៊ី​ស្រា​អែ​ល ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ចាំបាច់​នឹង​បន្ត ។ លោក​បាន​បន្ថែម​ថា ក្រុម​អ៊ី​ស្លា​មហា​ម៉ាស ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា យើង​នឹង​ត្រូវ​ចំណាយ​ច្រើន ដូច​ជា​ក្រុម​ភេរវ​ករ​ផ្សេង​ទៀត​ដែរ ។

រីឯ អ្នកនាំពាក្យ​យោធា​ហា​ម៉ាស វិញ​បាន​និយាយ​ថា ក្រុម​នេះ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​បង្រៀន “​យោធា​របស់​អ៊ី​ស្រា​អែ​ល ឲ្យ​ស្គាល់​ថ្នាំខ្លាំង​” ប្រសិនបើ​សម្រេចចិត្ត​បន្ត​ការ​លុកលុយ​នៅ​មូលដ្ឋាន ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ យោធា​អ៊ី​ស្រា​អែ​ល បាន​កោះហៅ​កងទ័ព​ចំនួន ៧,០០០​នាក់ និង​ដាក់​ពង្រាយ​កងទ័ព​ថ្មើរជើង និង​រថក្រោះ នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ជាមួយ ហ្គា​ហ្សា ។ សេចក្តីថ្លែងការណ៍​របស់​មេទ័ព​អ៊ី​ស្រា​អែ​ល និយាយ​ថា ការ​វាយលុក​ចូល​ក្នុង​តំបន់​ហ្គា​ហ្សា គឺជា​ជម្រើស​មួយ ដែល​ត្រូវ​តែ​ពិចារណា ប៉ុន្តែ​ការ​សម្រេចចិត្ត​មិន​ទាន់​ត្រូវ​បាន​ធ្វើ​នៅឡើយ​ទេ ។

នៅ​ពេល​ការ​ប្រយុទ្ធ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ឧសភា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បាន​អំពាវនាវ​ឲ្យ​មានការ​ដកខ្លួន​ចេញ​ជា​បន្ទាន់ និង​បញ្ឈប់​នូវ​ភាព​សត្រូវ​នឹង​គ្នា នៅ​ហ្គា​ហ្សា និង​អ៊ី​ស្រា​អែ​ល ។

ក្រសួងសុខាភិបាល ក្នុង​តំបន់​ហ្គា​ហ្សា បានអោយ​ដឹង​ថា មាន​កុមារ ២៧​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សម្លាប់ ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា បាន​ចាប់ផ្តើម ហើយ​ជន​ស៊ី​វិល​ជា​ច្រើន​ទៀត​បាន​ស្លាប់ ។ ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា ៦០០​នាក់​ផ្សេង​ទៀត ក៏​បាន​រង​របួស ផង​ដែរ ។

មន្ត្រី​យោធា​អ៊ី​ស្រា​អែ​ល និយាយ​ថា មនុស្ស​រាប់​សិប​នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គា​ហ្សា គឺជា​ពួក​សកម្មប្រយុទ្ធ ហើយ​ការ​ស្លាប់​ខ្លះ គឺ​បណ្តាល​មក​ពី​គ្រាប់​រ៉ុក្កែត ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ខុស​គោលដៅ​ខ្លួនឯង ។

នៅ​ទីប្រជុំជន Sderot របស់​អ៊ី​ស្រា​អែ​ល ក្បែរ​តំបន់​ហ្គា​ហ្សា ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​សម្លាប់​ដែរ នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត ធ្លាក់​ចំ​បាន​ឆាបឆេះ​ផ្ទះ ហើយ​អំបែង​គ្រាប់ បាន​ទម្លុះ​ទីជម្រក​ដែល​ពួក​គេ​កំពុង​លាក់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ