ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​ជា​ច្រើន​ក្នុង​ខេត្តកំពត​បន្ត​អភិវឌ្ឍន៍​ទោះ​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​ក្ដី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ វិស័យ​ជា​ច្រើន​ត្រូវ​បាន​ជាប់​គាំង​តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជា​ច្រើន​ក្នុង​ទឹកដី​ខេត្តកំពត​ត្រូវ​បាន​មើលឃើញ​ថា នៅ​តែ​បន្ត​ដំណើរការ​អភិវឌ្ឍ​ទោះ​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក្ដី ។ បើ​តាម​លោក​កែវ សុ​ជាតិ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ វិស័យ​ជា​ច្រើន​ត្រូវ​បាន​ជាប់​គាំង​តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជា​ច្រើន​ក្នុង​ទឹកដី​ខេត្តកំពត​ត្រូវ​បាន​មើលឃើញ​ថា នៅ​តែ​បន្ត​ដំណើរការ​អភិវឌ្ឍ​ទោះ​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក្ដី ។

បើ​តាម​លោក​កែវ សុ​ជាតិ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia ប្រចាំ​ខេត្តកំពត​បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ក្នុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន ក្នុង​ប្រទេស​ត្រូវ​បាន​ផ្អាក​ដំណើរការ តែ​សម្រាប់​នៅ​ក្នុង​ខេត្តកំពត គម្រោង​ជា​ច្រើន​នៅ​តែ​បន្តសកម្មភាព​សាងសង់ ដើម្បី​បញ្ចប់​ទៅ​តាម​ផែនការ ជាក់ស្ដែង​គម្រោង​អភិវឌ្ឍន៍​អគារ​ខ្ពស់ គម្រោង​សាងសង់​សណ្ឋាគារ និង​បុរី​លំនៅ​ឋាន​ក្នុង​ខេត្តកំពត​នៅ​តែ​មាន​សកម្មភាព​ដដែល ។

លោក​បន្ត​ថា គម្រោង​មួយ​ចំនួន​ជា​គម្រោង​ដែល​គេ​ទុន​ស្រាប់ ដូច្នេះ​ទោះបីជា​មាន​វិបត្តិ​ក៏​ម្ចាស់​គម្រោង​មាន​ទុន​សម្រាប់​បង្ហើយ​គម្រោង​ដែរ តែ​ក្នុង​នោះ​ក្នុង​ខេត្តកំពត​ក៏​មាន​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ​ក្នុង​ពេល​បិទ​ខ្ទប់​ដោយសារ​តែ​ម្ចាស់​គម្រោង​ជា​អ្នក​នៅ​ភ្នំពេញ និង​មិន​អាច​មក​មើល​ការ​សាងសង់​បាន​ទើប​បញ្ជា​ឱ្យ​មានការ​ផ្អាក​សិន តែ​មាន​តិចតួច​ប៉ុណ្ណោះ ។ លោក​ថា​៖« វា​ពិតជា​មាន​គម្រោង​ខ្លះ​គាំង​មែន តែ​មិនមែន​ច្រើន​នោះ​ទេ ដោយសារ​តែ​ម្ចាស់​លុយ​មិន​អាច​បង្វិល​លុយ​មក​បន្ត​ដំណើរការ​គម្រោង​ធ្វើ​ឱ្យ​កម្មករ សាងសង់​ត្រូវ​ផ្អាក​សិន តែ​ក្រោយ​ពេល​ចប់​ការ​បិទ​ខ្ទប់​គេ​ឃើញ​ថា​ដំណើរការ​សាងសង់​ចាប់ផ្ដើម​ឡើង​វិញ » ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​វិបត្តិ​នៃ​កូ​វី​ដ​១៩​នេះ​ដែរ នៅ​ក្នុង​ខេត្តកំពត​នៅ​តែ​ទទួល​បានការ​អភិវឌ្ឍ​គម្រោង​ថ្មី​ៗ ជា​ពិសេស​គម្រោង​អភិវឌ្ឍន៍​ពី​វិនិយោគិន​ក្នុងស្រុក​ដូច​ជា គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​ទីក្រុង​ថ្មី​នៃ​ខេត្តកំពត គឺ​ក្រុង​បូកគោ គម្រោង​អភិវឌ្ឍន៍​ផ្ទះ​លំហែកាយ នៅ​ក្បែរ​មាត់​ព្រែក​ជាដើម ។ ដោយឡែក​សកម្មភាព​នៃ​ការ​ទិញ​លក់​ដី​ថ្វី​ត្បិត​តែ​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​នៅ​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់ តែ​តម្លៃ​វិញ​គឺ​មិន​មានការ​ធ្លាក់​ចុះ​នោះ​ទេ បើ​ទោះបីជា​អ្នកទិញ​ទាមទារ​បញ្ចុះតម្លៃ​យ៉ាងណា​ក្ដី ។

លោក​ខូ​ល័​រ តាន់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​កន្លែង​នៅ​ក្បែរ​ជើងភ្នំ​បូកគោ បានឱ្យ​ដឹង​ថា សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ជា​ពិសេស​នៅ​ក្រុង​ថ្មី​គឺ​ក្រុង​បូកគោ​បាន​ធ្វើ​ឱ្យ​លោក​និង​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​តែ​បន្ត​ដាក់​ទុន​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​បែប​នេះ​ក្ដី ។ លោក​បន្ត​ថា ការ​បង្កើត​រដ្ឋបាល​ក្រុង​បូកគោ​ក្នុង​ខេត្តកំពត គឺជា​ការ​ទាក់ទាញ វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចូល​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ទឹកដី​នៃ​ក្រុង​ថ្មី​នេះ ខណៈ​តំបន់​នេះ វា​មាន​សក្ដានុពល​ស្រាប់​ហើយ ជាក់ស្ដែង​វា​មាន​រមណីយដ្ឋាន​ភ្នំ​បូកគោ ដ៏​ល្បី​មាន​សមុទ្រ មាន​ព្រែក​និង​ព្រៃ​ព្រឹក្សា​ជា​ច្រើន​ទៀត​សម្រាប់​អភិវឌ្ឍន៍​ជាទី​ក្រុង​បៃតង ហើយ​វា​នឹង​ក្លាយជា​ទីក្រុង​បៃតង​ដ៏​មាន​សក្ដានុពល​សម្រាប់​ទាក់ទាញ​វិនិយោគិន​និង​ភ្ញៀវ​ទេសចរ ជាតិ​និង​អន្តរជាតិ ។

លោក​គឹ​ម សង្គ្រាម​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​នៅ​ក្នុង​ខេត្តកំពត​ក៏​បាន​បញ្ជាក់​ថា សក្ដានុពល​មួយ​ចំនួន​ក្នុង​ខេត្តកំពត បាន​ធ្វើ​ឱ្យ​វិនិយោគិន​នៅ​តែ​សម្លឹង​មើល​ទីតាំង​នេះ​សម្រាប់​អភិវឌ្ឍន៍ ក្នុង​នោះ កំពត​បាន​និង​កំពុង​សាងសង់​កំពង់​ផែ​ទេសចរណ៍​ទឹក​ជ្រៅ​មួយ​ដែល​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ និង​នាវា​ធំ​ចូល​ចត ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​ទឹកដី​ខេត្តកំពត​និង​ពី​កំពត​ទៅ​កាន់​ក្រុងព្រះសីហនុ គឺ​សុទ្ធតែ​ជា​ចំនុច​ទាក់ទាញ​វិនិយោគិន​ចូល​ស្វែងរក​ការ​វិនិយោគ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ