ក្រុងប៉ោយប៉ែត ៖ ហេតុការណ៍មួយបានកើតឡើងធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុកព្រមទាំងសមត្ថកិច្ចកាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី២៧ មីនា ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈយុវជនម្នាក់បានទាត់ឆ្នាំងចាន និងធ្វើឱ្យពងមាន់ពងទាបែកខ្ចាត់ខ្ចាយនៅក្នុងផ្សារ ។ ជាមួយនេះក៏មានដំណឹងថា បានគ្រវាសដៃត្រូវម្តាយពេលចូលទៅចាប់ឃាត់កូនមិនឱ្យបំផ្លាញរបស់របររហូតដួលសន្លប់បញ្ជូនចូលមន្ទីរពេទ្យទៀតផង ព្រោះតែរឿងសុំលុយម្តាយមិនបាន ។
រឿងរ៉ាវដែលបានកើតឡើងហើយអ្វីដែលស្មានមិនដល់ទៀតនោះ គឺកូនប្រុសរូបនេះក្រោយពីធ្វើសកម្មភាពរួច អត់មើលម្តាយទេ បែរជាគេដើរចូលបន្ទប់ជួលដាក់គន្លឹះពីក្នុង ហើយធ្វើពុតជាស្រវឹងដោយដេកផ្កាប់មុខលើគ្រែ មិនខ្វល់ពីប៉ូលិសដែលចោមរោមហៅពីខាងក្រៅឬប្អូនស្រីបង្កើតរបស់គេយំផងហៅផងថាម្តាយសន្លប់នៅឯមន្ទីរពេទ្យឱ្យទៅជួយមើលនោះទេ ។ មិនតែប៉ុណ្ណោះ គេបែរជាចាក់ធុងបាស់ចម្រៀងខ្លាំងៗលាន់រំពងមកខាងក្រៅ ធ្វើឱ្យអ្នកចោមរោមមើលហួសចិត្តគ្រប់គ្នា ។
តាមប្រភពព័ត៌មានបានប្រាប់ថា ជនម្នាក់នេះឈ្មោះឌី ហៅប្រុស អាយុជាង២០ឆ្នាំ ជាសន្តិសុខបម្រើការងារនៅធនាគារអេស៊ីលីដានៅក្រុងប៉ោយប៉ែត ។ រីឯស្ត្រីជាម្តាយដែលស្ថិតនៅក្នុងគ្លីនិកបាននិយាយទាំងទឹកភ្នែកសុំកុំឱ្យប៉ូលិសចាប់កូនគាត់អី ព្រោះកូនប្រុសនេះមិនបានវាយគាត់ទេ គឺគាត់ភ័យដួលសន្លប់ដោយខ្លួនឯង ។ ចំណែកកម្លាំងប៉ូលិសដោយចាំយូរពេក ក៏ដកថយវិញអស់ដោយនិយាយថា ចាំធ្វើលិខិតហៅតាមក្រោយ ។ បើតាមអ្នកស្រុកបានប្រាប់ថា គ្រាន់តែប៉ូលិសដកអស់ជននោះក៏ដើរចេញពីបន្ទប់ទិញបារីជក់យ៉ាងរំភើយ ៕





ចែករំលែកព័តមាននេះ