ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​សៀម​រាម​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​ថ្មី​ម្នាក់​ទៀត ដែល​ចេញពី​តំបន់​ក្រហម​នៅ​ភ្នំពេញ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់​ទៀត​។ រដ្ឋបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់​ទៀត​។

រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ នេះ ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ទៅ​លើ​ឈ្មោះ ឆុង សូលី​ដា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ដឺ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១​។ ដោយសារ​តែ​ឈ្មោះ ឆុង សូលី​ដា និង​អ្នក​រួម​ដំណើរ បាន​ចេញពី​តំបន់​ក្រហម​នៃ​រាជធានី​ភ្នំពេញ ទើប​ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយមក​ឈ្មោះ ឆុង សូលី​ដា រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ថា លុះ​មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៧៩​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២០​នាក់ ស្លា​.​ប់​១​នាក់ និង​៥៨​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ «៣​ការពារ ៣​កុំ​» និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។

បុគ្គល​ទាំងឡាយ​ណា​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការ​ពិន័យ​អន្តរការណ៍ ឬ​ផ្តន្ទាទោស​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ