រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការក្របួចបានមុខសញ្ញាឆក់ទូរស័ព្ទដៃ តាំងពីម៉ោង៦ព្រឹករហូតដល់យប់ ទើបក្របួចម្នាក់ រួមនឹងបក្សពួកចំនួន៩នាក់ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យគាំពាមាតានិងទារក ហៅពេទ្យជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូមួយគ្រឿងម៉ាកCRS ពណ៌ក្រហម មិនចាំស្លាកលេខ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone X max ពីស្ត្រីម្នាក់បានសម្រេចនៅចំណុចសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយជនសង្ស័យក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា លុះរហូតដល់ម៉ោងកើតហេតុ កម្លាំងជំនាញព្រហ្មខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ ទើបរកឃើញម៉ូតូភិនភាគដូចម៉ូតូធ្វើសកម្មភាពខាងលើនេះ ចំណែកជនសង្ស័យវិញបានដឹងខ្លួនថា មានសមត្ថកិច្ចដេញតាម ក៏បានជិះម៉ូតូគេចពីផ្លូវសហព័ន្ធរុស្ស៊ី កាត់មកតាមផ្លូវទំនប់70 តែក៏ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ បានបោះដៃបន្តទៅខាងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ក៏នាំគ្នាដេញតាមកាក់ ជនសង្ស័យបន្ត។ ប៉ុន្តែគ្រានោះ ជនសង្ស័យបានបើកម៉ូតូឡើងស្ពាន ហើយក៏ស្រាប់តែបើកចុះត្រឡប់ក្រោយវិញ ក៏ត្រូវបានសមត្ថកិច្ចដេញតាមរហូតទៅដល់ក្នុងមន្ទីរពេទ្យជប៉ុន ។ នៅពេលនោះ ជនសង្ស័យបានទុកម៉ូតូចោល រួចក៏ឡើងទៅជាន់ទី២ ក្នុងមន្ទីរពេទ្យ រួចក៏សង្ងំលាក់ខ្លួន តែត្រូវបានសមត្ថកិច្ចឡើងទៅតាមចាប់បានដល់ជាន់ទី២ នៃមន្ទីរពេត្យតែម្តង ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីចាប់បានជនសង្ស័យយកទៅសួរនាំ និងធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីដែលជាបក្សពួកបានចំនួន៩នាក់បន្ថែមទៀត ក្នុងនោះស្រីចំនួន២នាក់ នៅក្នុងផ្ទះសំណាក់តារាពេជ្រ ម៉ូឌេន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ព្រមទាំងធ្វើការដកហូតបានម៉ូតូចំនួន៤គ្រឿងផងដែរ ។
ក្រោយពេលកើតហេតុខាងលើនេះ ក្រុមជនសង្ស័យ រួមនឹងវត្ថុ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ