ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ អនុវត្តវិធានការបែងចែក ៣តំបន់ «តំបន់ក្រហម» «លឿងទុំ» និង «តំបន់លឿង» រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-២៧ឧសភា

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ វិធានការរដ្ឋបាល​ ដែលត្រូវអនុវត្ត​ក្នុងភូមិ​សាស្ត្រក្រុង​ព្រះសីហនុ ត្រូវចាប់ផ្តើម​​អនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។…

ខេត្តព្រះសីហនុ៖ វិធានការរដ្ឋបាល​ ដែលត្រូវអនុវត្ត​ក្នុងភូមិ​សាស្ត្រក្រុង​ព្រះសីហនុ ត្រូវចាប់ផ្តើម​​អនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ នោះគឺការបែងចែក​ជា ៣តំបន់ សម្រាប់អនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺ «តំបន់ក្រហម» «តំបន់​លឿងទុំ» និង «តំបន់​លឿង»​។

តាមសេចក្តីសម្រេចថ្មី តំបន់លឿងទុំ ក្នុងក្រុងព្រះសីហនុ រួមមាន៖ សង្កាត់​លេខ១ ( ១-ផ្សារ និងតំបន់​ជុំវិញផ្សារយាទូចញូវស្តារ ២-ផ្សារ​ និងតំបន់ជុំវិញផ្សារយូស៊ីន ៣-ផ្សារ និងតំបន់ជុំវិញផ្សារទំនប់រលក )។ សង្កាត់លេខ២ ( ផ្នែកខ្លះនៃភូមិ១ និងផ្សារ​ និងតំបន់ជុំវិញផ្សារពាណិជ្ជកម្ម )។ សង្កាត់លេខ៤ ( ផ្នែកខ្លះនៃភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤  និងភូមិ៥ )។​

រីឯតំបន់លឿង រួមមាន៖ ទីតាំងទាំងមូលនៃ​សង្កាត់លេខ១ លើកលែងតែតំបន់លឿងទុំ។ ទីតាំងទាំង​មូល​នៃសង្កាត់លេខ២ លើកលែងតែតំបន់លឿងទុំ។ ទីតាំងទាំងមូលនៃសង្កាត់​លេខ៣។ សង្កាត់លេខ៤ ( ភូមិ៤ និងផ្នែកខ្លះនៃភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ )។

សេចក្តីសម្រេច បង្ហាញថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រ ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» គឺបុគ្គល​គ្រប់រូប ត្រូវបានហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ។ ក្នុងករណីមានការបំពានវិធានការហាមឃាត់​ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្ត​វិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការ​ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំង​ការឃាត់ទុកជាបណ្តោះអាសន្ន​នូវមធ្យោបាយធ្វើដំណើរនេះ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត​ក្នុងករណីចាំបាច់ ដូចតទៅ៖ ការធ្វើ​ដំណើររបស់កម្មករ និយោជិត ឬបុគ្គលិក ដើម្បី​បម្រើ​ឲ្យសកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ ដែលត្រូវបានអនុញ្ញាត ត្រូវភ្ជាប់​ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ និងប័ណ្ណសម្គាល់ ដែលចេញដោយអង្គភាពសាមី។ ការអនុញ្ញាតនេះ ត្រូវ​ប្រព្រឹត្តិ​ទៅក្នុងពេល​ព្រឹកចន្លោះម៉ោង ៦ ដល់ម៉ោង ៨ និងនៅពេលល្ងាច ចន្លោះពីម៉ោង ៥ល្ងាច​ ដល់ម៉ោង ៧យប់​។

នៅតំបន់លឿងទុំ ក៏ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការ​ចាំបាច់ប្រចាំថ្ងៃ។ ត្រូវហាមឃាត់​រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់មួយចំនួន ដូចជា ការជួបជុំ​ក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសព ដោយគោរពតាម​ការ​កំណត់របស់អាជ្ញាធរ​មានសមត្ថកិច្ច ជាដើម។​

នៅតំបន់លឿងទុំ ក្នុងក្រុងព្រះសីហនុ ក៏បានកំណត់ អនុវត្តបម្រាមគោចរ ដោយ​ផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម​នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ លើកលែងតែករណីមួយចំនួន ដូចជា ការធ្វើដំណើរ​របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម​ ឬប័ណ្ណ​អនុញ្ញាត​។ ការធ្វើដំណើរដោយមូលហេតុ​សុខភាពបន្ទាន់ ជាដើម។

នៅតំបន់លឿង ក្នុងក្រុងព្រះសីហនុ ក៏បានកំណត់ហាមឃាត់នូវរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។ តំបន់លឿង ក៏ត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន​នូវរាល់ការធ្វើចរាចរណ៍ និង​រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងតែក្នុងករណីមួយចំនួន ដូចជា ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរ​ដោយមូលហេតុសុខភាពបន្ទាន់ ការដឹកជញ្ជូនទំនិញ ជាដើម។​

សេចក្តីសម្រេចរបស់​រដ្ឋបាលខេត្តព្រះសីហនុ ក៏បានកំណត់ថា ក្នុងករណី​រកឃើញមានអ្នកជំងឺកូវីដ១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន​ណាមួយ…។ល។ ត្រូវកំណត់ទីតាំង​នោះ ជា «ទីតាំងក្រហម» ទោះបី​ទីតាំងនោះ ស្ថិតនៅក្នុងតំបន់ណាមួយក៏ដោយ។

សូមរម្លឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ បានអនុវត្តវិធានការបិទខ្ទប់ខេត្តទាំងមូល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ រហូតដល់​ក្រោយ​ រាជរដ្ឋាភិបាល សម្រេចបើក​ខេត្តឡើងវិញ កាលពីថ្ងៃទី២៦មេសា ទើបខេត្តព្រះសីហនុ បើកព្រំដែន​ខេត្តឡើងវិញ តែបានបិទខ្ទប់​ក្រុងព្រះសីហនុ ដោយសារតែមានការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន​។

មកដល់ពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ចេញវិធានការថ្មី ១៤ថ្ងៃទៀត ដោយបង្រួម​តំបន់បិទខ្ទប់ ដែលបែងចែក​ជា ៣តំបន់ ហើយ​តំបន់បិទខ្ទប់ ក៏ត្រូវបានបង្រួម មកនៅតូចជាង​​ពេល​មុន​៕