ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងៗនាំគ្នា ចងអង្រឹងនឹងដើមពោធិ៍ ភ្ជាប់នឹងដៃព្រះពុទ្ធបដិមា រលំសង្កត់ បាត់បង់ជីវិតម្នាក់

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ក្មេងៗ​ បាន​ចងអង្រឹងអង្គុយលេងជាប់ដៃព្រះ​ម្ខាង ទៅ​នឹង​ដើម​ពោធិ៍ បណ្តាល​​​​ឲ្យ​ដួល​ព្រះពុទ្ធបដិមាករ សង្កត់លើ បណ្តាល​ឲ្យបាត់បង់ជីវិត​ម្នាក់​។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង…

ខេត្តកំពង់ធំ៖ ក្មេងៗ​ បាន​ចងអង្រឹងអង្គុយលេងជាប់ដៃព្រះ​ម្ខាង ទៅ​នឹង​ដើម​ពោធិ៍ បណ្តាល​​​​ឲ្យ​ដួល​ព្រះពុទ្ធបដិមាករ សង្កត់លើ បណ្តាល​ឲ្យបាត់បង់ជីវិត​ម្នាក់​។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០:៥០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដើមពោធិ៍ នៅក្នុងវត្តសាគ្រាម ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្មេងប្រុស ដែល​រងគ្រោះថ្នាក់នោះ ឈ្មោះ កែវ បៃ អាយុ ១១ឆ្នាំ នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ។

ឪពុក​ក្មេងរងគ្រោះ ឈ្មោះ ឌី ដិនណា អាយុ ៣៥ឆ្នាំ បាន​ឲ្យដឹងថា ផ្ទះរបស់គាត់ នៅទល់មុខវត្តសាគ្រាម ហើយកូនប្រុសរបស់​គាត់ តែងតែដើរ មកលេងក្រោមដើមពោធិ៍ ក្នុងវត្ត​ ជាមួយក្មេងៗក្នុងភូមិជារៀងរាល់​ថ្ងៃ។ នៅថ្ងៃកើតហេតុ ក្រោយពីហូប​បាយថ្ងៃរួច គាត់ធ្វើការ​ដូចធម្មតា មិនបាន​តាមមើលកូន​ដើរលេងទេ ដល់ម៉ោងប្រហែលជាង ១០ ស្រាប់តែមានក្មេងៗ ក្នុងភូមិ រត់មកប្រាប់គាត់​ថា «ពូៗ អាបៃ ត្រូវព្រះស៊ីម៉ង់ត៍ ដួលសង្កត់​លើហើយ! ជួយវាផង»។

លឺដូច្នេះ គាត់ក៏រត់មកមើល ឃើញអ្នកភូមិជាច្រើនអ្នក នាំគ្នាលើកបីកូនប្រុសគាត់ យកមកឲ្យ​គាត់។ ពេលនោះ គាត់​ក៏លើកយកកូនទៅដាក់លើឡាន បើកចេញទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដើម្បីជួយសង្រ្គោះ។ ពេលទៅដល់គ្រូពេទ្យ​ប្រាប់​ថា កូនគាត់ បានស្លាប់បាត់​ទៅហើយ។

ចំណែកកុមារា ឈ្មោះ វុន សុវ៉ាត់ អាយុ ១៦ឆ្នាំ ធ្លាប់បួសនៅវត្តសាគ្រាម ឃុំសាគ្រាម និយាយថា កាលខ្លួននៅជាលោកសង្ឃ ខ្លួន និងក្មេងៗ តែងនាំគ្នា មកលេងចងអង្រឹង ជាប់ពីដៃព្រះ ទៅដើម​ពោធិ៍​ជាញឹកញាប់។​ ថ្ងៃមួយខ្លួន និងក្មេងៗ ៥ ទៅ ៦នាក់ បាននាំគ្នា មកលេងទីនោះទៀត ហើយខ្លួនបានចងអង្រឹង និងដៃព្រះ ទៅដើមពោធិ៍ ដើម្បីអង្គុយលេង ហើយនាំគ្នា អង្គុយលើអង្រឹង ៣នាក់ ស្រាប់តែរលំព្រះមកលើសង្កត់ពួកខ្លួន។ ពេលនោះ ខ្លួនបានរត់ចេញទាន់។ ឯ ២នាក់ទៀត ត្រូវព្រះសង្កត់ម្នាក់ ជាប់ជើង ឯម្នាក់ទៀត សង្កត់ជាប់ស្មា នៅពីក្រោមជាប់ខ្លួន បានឲ្យក្មេង ២នាក់ ដែលមកលេងជាមួយ មកជួយលើកព្រះ​ចេញ ដើម្បីឲ្យពីរនាក់លូនចេញម្ដង​បន្តិច​ៗ។ ដោយសារព្រះនោះ ធ្វើពីស៊ីម៉ងត៏ ខ្លួនបង្ហើបបានបន្តិចម្ដងៗ បានរួចខ្លួនទាំង២ ហើយក៏ឈប់មកលេងទីនោះតែម្ដង។

ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញស្រុក សហការជាមួយប៉ស្តិ៍ និងអាជ្ញាធរ​មូលដ្ឋាន ចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យ​សាកសព ឃើញថា សពមានស្លាកស្នាមបែក ជារាងផ្កាយចំលើ​ខ្ទង់ច្រមុះ ប្រវែង ៦​ស.ម ទទឹង ៣ស.ម ទ្រុត​ធ្លុះដល់ឆ្អឹង​លលាដ៍។ ក្រៅពីនេះ មិនមានស្នាមអ្វី គួរកត់សម្គាល់ឡើយ។

ប៉ូលិស សន្និដ្ឋានថា សពកុមារ​រងគ្រោះ ស្លាប់ដោយសារព្រះ​ធ្វើអំពីថ្ម ដួលសង្កត់លើ ពុំមានពាក់​ព័ន្ធ​បទល្មើសព្រហ្មទណ្ឌឡើយ ។ មូលហេតុ ដោយសារចងអង្រឹងដេកលេងជាប់ដៃព្រះ ទៅនឹងដើមពោធិ៍ ដួល​ព្រះ​​សង្កត់​​លើ ​ក្រោយ​​ពិនិត្យ​​​ចប់ បាន​ប្រគល់​សាកសព​ ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ