ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ ថយនៅភ្នំពេញ តែខេត្ត និងករណីពលករមកពីថៃ កើន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីឆ្លងសហគមន៍ តាមរយៈព្រឹត្តិការណ៍ ថ្ងៃ២០កុម្ភៈ នៅក្នុងប្រទេសកម្ពុជាយើង ហាក់បានថមថយ និងឈានទៅគ្រប់គ្រងបានហើយ​​។ នៅភ្នំពេញ ថយចុះច្រើនជាងគេ។…

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីឆ្លងសហគមន៍ តាមរយៈព្រឹត្តិការណ៍ ថ្ងៃ២០កុម្ភៈ នៅក្នុងប្រទេសកម្ពុជាយើង ហាក់បានថមថយ និងឈានទៅគ្រប់គ្រងបានហើយ​​។ នៅភ្នំពេញ ថយចុះច្រើនជាងគេ។ តែនៅតាមបណ្តាខេត្តមួយចំនួន ហាក់ដូចជា កើនឡើង​ ជារៀងរាល់ថ្ងៃ ខណៈដែល​ចំនួនពលករ​ខ្មែរ ធ្វើដំណើរ​ចូលមកពីប្រទេសថៃ នា​ប៉ុន្មានថ្ងៃនេះ រកឃើញកើតកូវីដ ​ហាក់ដូចជា​កម្រើក​ឡើងវិញ​។​

កាលពី​ថ្ងៃទី១៣ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ​អ្នកឆ្លងកូវីដ១៩​ថ្មី នៅទូទាំងប្រទេស​ ចំនួន ៤៤៦នាក់ ជាសះស្បើយ ៩៨០នាក់ និងមានអ្នកស្លាប់ ៦នាក់ កាលពីថ្ងៃទី១២ ខែឧសភា។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១១៤១នាក់។ ក្នុងនោះ ជាសះស្បើយ ៩៥១៩នាក់ និងស្លាប់សរុប កើនឡើងដល់ ១៤២នាក់​។

របាយការណ៍​តាមបណ្តារាជធានីខេត្ត ដែលបានបង្ហោះតាមហ្វេសប៊ុក កាលពី​ថ្ងៃទី១៣ឧសភា បង្ហាញថា នៅភ្នំពេញ បន្ត​មានអ្នកឆ្លងច្រើនជាងគេ​ដដែល តែបានថយចុះបើធៀបនឹងបណ្តាថ្ងៃមុនៗ។ នោះគឺនៅថ្ងៃទី១២ ខែឧសភា នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ ចំនួននេះ បាន​ថយចុះបើធៀបនឹងថ្ងៃទី១១ឧសភា​។ ថ្ងៃទី១១ឧសភា ដែលមានអ្នកឆ្លងកូវីដ​ចំនួន ២៧៩នាក់ និងថ្ងៃមុនៗ ក៏សុទ្ធតែចូលខ្ទង់​ជាង ២០០នាក់​។

ក្រៅពីនោះ កាលពីថ្ងៃទី១២ឧសភា នៅខេត្តតាកែវ ក៏បាន​រកឃើញអ្នកឆ្លងកូវីដ ៧នាក់ និងស្លាប់ម្នាក់។ នៅខេត្តកំពង់ចាម ១៣នាក់ ខេត្តបាត់ដំបង ៤នាក់ និងនៅខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៧នាក់។ នៅខេត្តព្រះសីហនុ មានអ្នកឆ្លង ៧០នាក់។ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៣នាក់ទៀត ជាករណីឆ្លងសហគមន៍​ ជាដើម​។

របាយការណ៍ពីខេត្តនៅជាប់ព្រំដែនថៃ ក៏ដូចជា​ ក្រសួងសុខាភិបាល ក៏​បានបង្ហាញពីចំនួន​ពលករ​ខ្មែរ ឆ្លងដែន​មកពីថៃ រកឃើញឆ្លងកូវីដជាបន្តបន្ទាប់​។ ក្នុងនោះ នៅថ្ងៃទី១២ឧសភា ក្នុងចំណោម​​អ្នកឆ្លងថ្មី សរុប ៤៤៦នាក់ គឺមានករណីនាំចូលពីក្រៅប្រទេស ចំនួន ១៥នាក់។ ករណីនាំចូលពីក្រៅប្រទេសនេះ សំដៅលើ​អ្នកធ្វើដំណើរចូលកម្ពុជាតាមយន្តហោះ និងពលករខ្មែរ ធ្វើដំណើរ​ចូលកម្ពុជា តាមព្រំដែន​គោក​ ដែលមានច្រើនជាងគេ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ជាដើម​។​

ជាវិធានការ​របស់រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីក្រៅប្រទេស ចូល​មកកម្ពុជា គឺ​តាមផ្លូវអាកាស ត្រូវបានអនុវត្តវិធានការត្រួតពិនិត្យសុខភាព ធ្វើតេស្តយកសំណាក រកកូវីដ១៩ នៅពេលចុះពីយន្តហោះ ហើយយកអ្នកដំណើរទាំងអស់ ទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅសណ្ឋាគារ ឬនៅកន្លែង ​ដែលក្រសួងសុខាភិបាល រៀបចំ​។​ អ្នកដំណើរ​ចូលកម្ពុជា តាមផ្លូវអាកាស ត្រូវបានគ្រប់គ្រងបានល្អ​។

ចំណែក​នៅតាមព្រំដែនគោក ក៏អ្នកដំណើរទាំងអស់ ពិសេសពលករខ្មែរយើង ត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងនាំទៅធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំង​ធ្វើតេស្ត​ រកមេរោគកូវីដ១៩។ វិធានការរឹតបន្តឹងនេះ ត្រូវបាន​អនុវត្តចាប់តាំងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលប្រទេស​​ថៃ ផ្ទុះការឆ្លងរាលដាល​កូវីដ ក្នុងសហគមន៍​។ វិធានការទាំងនោះ ត្រូវបានអនុវត្តបន្តដល់សព្វថ្ងៃ​។

ជាបន្តបន្ទាប់ មុន​ពេល​កម្ពុជាផ្ទុះការឆ្លងសហគមន៍​២០កុម្ភៈ គឺ​ចំនួន​ពលករខ្មែរ មកពីថៃ ត្រូវបានរកឃើញឆ្លងកូវីដ១៩ ត្រឹមតែ ៩០នាក់ប៉ុណ្ណោះ។ ចំនួន​នេះ កើនឡើងតិចតួច អំឡុងពេល​ផ្ទៃក្នុងប្រទេស​ ឆ្លងរាលដាលខ្លាំង​ក្នុងសហគមន៍​។

ប៉ុន្តែ​ក្នុងអំឡុងពេលចុងក្រោយនេះ ពេលដែលការឆ្លងសហគមន៍​ ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ ហាក់បានថមថយ ដែលរាជរដ្ឋាភិបាល ឈានទៅគ្រប់គ្រងបាន ពិសេសនៅភ្នំពេញ ក៏បានថយ​ចុះជាបន្ត​បន្ទាប់ ​បែរជា​​នៅតាមបណ្តាខេត្តមួយចំនួន ហាក់ដូចជា កើនឡើងបន្តិច។ ចំណែក​​ពលករខ្មែរ ឆ្លងដែន​មកពីប្រទេស​ថៃ ហើយរកឃើញឆ្លងកូវីដ ក៏​ហាក់ដូចជា កម្រើកឡើងវិញ។​

ដូច្នេះ​អំឡុងពេល​ដែលកូវីដនៅ​​ផ្ទៃក្នុងប្រទេស​ រាងថមថយ ហើយ​តាមបណ្តាខេត្តខ្លះ ក៏​ហាក់កើនឡើងវិញនេះ​ អាជ្ញាធរសមត្ថកិច្ចយើង ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ រួមមាន៖ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ​ សូមបង្កើន​ការទប់​ស្កាត់​​ ធ្វើយ៉ាងណា កុំ​ឲ្យប្រជាពលរដ្ឋខ្មែរយើង ឆ្លងដែន​ខុសច្បាប់ ចេញចូល​តាមច្រករបៀងនានា ព្រោះថា បើពលរដ្ឋខ្មែរយើង ចេញចូលតាមច្រកព្រំដែនផ្លូវកា​រ តាមច្បាប់ត្រឹមត្រូវ​ គឺមិនជាបញ្ហាទេ ដោយសារតែ​មានយន្តការនៃការត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក​យ៉ាង​ហ្មត់ចត់​។​

ដើម្បី​រឹតបន្តឹងវិធានការនេះ ត្រូវបន្ថែមកម្លាំងយាមល្បាត តាមបន្ទាត់ព្រំដែន​។ ក្នុងនោះ ក៏ត្រូវរកឲ្យឃើញអ្នកឆ្លងដែនខុសច្បាប់ ហើយនាំទៅធ្វើចត្តាឡីស័ក ព្រមទាំង​សួររកឲ្យឃើញ​​ពីដំណើរឆ្លងដែនខុសច្បាប់ ដើម្បីតាមរកមេខ្យល់​ ឬក៏អាជ្ញាធរសមត្ថកិច្ច នៅច្រកព្រំដែនណា ដែលនាំផ្លូវ និង​អនុញ្ញាតចេញចូលដោយខុសច្បាប់នេះ​។ ក្នុងនោះ មេខ្យល់​ នាំពលករចេញចូល​ឆ្លងដែនខុសច្បាប់ ក៏ត្រូវចាប់​ឲ្យបាន​ ដូចកន្លងមក មិនតិចនាក់ទេ ត្រូវបាន​ចាប់ខ្លួន បញ្ជូនទៅកាត់ទោស នៅតុលាការ ក្នុងករណីនាំពលករឆ្លងដែនខុសច្បាប់នេះ។

ពលករ​ឆ្លងដែនមកថៃ មិនមែន​ចេះបំបាំងកាយ ឬចេះជ្រែកដីឡើយ។ វាទាល់តែមានមេខ្យល់នាំផ្លូវ ឬក៏អាជ្ញាធរសមត្ថកិច្ច នៅព្រំដែន បិទភ្នែក​បិទច្រមុះ បើកដៃ​ឲ្យឆ្លងកាត់ព្រំដែន ទើបអាច​ចេញចូល​ទៅមកប្រទេស​ថៃបាន​។

ក្នុងកាលៈទេសៈយើងពេលនេះ ក្នុងពេល​ផ្ទៃក្នុងប្រទេស មិនទាន់កាត់ផ្តាច់ និងបញ្ចប់​ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈផង ហើយបើ​នៅតាមព្រំដែន​​ កម្រើកឡើងវិញនូវការឆ្លងរាលដាលជំងឺកូវីដ​ តាម​រយៈ​​​ពលករ​​ខ្មែរ​​យើង​ ឆ្លង​ដែន​មក​ពី​ថៃ​ ​រកឃើញ​ឆ្លង​កូវីដ​១៩​ ទៀត​នោះ គឺ​ជា​​បន្ទុក​ថ្មី​ថែម​មួយ​កម្រិត​ទៀត​​។ បើអ្នកឆ្លងដែនទាំងនោះ ចូលមក រកឃើញ​នៅទល់ដែន មិនជាបញ្ហា​ចោទ​ប៉ុន្មាន​ទេ តែបើអ្នកឆ្លងដែនទាំងនោះ រួចធ្លាយ​ ធ្វើដំណើរ រហូតចូល​មកដល់ស្រុកកំណើត តាមបណ្តាខេត្តនានា នោះគឺជាបញ្ហា។ បញ្ហា ដែលបង្ក​ឲ្យមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែល​នៅតាមបណ្តាខេត្ត ក៏កំពុងទប់ស្កាត់​ និងបន្តរកឃើញ​អ្នកកើតជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ៕