ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ យកគ្រឿងចក្រ ទៅជីកដី ៣កន្លែង ក្នុងសង្កាត់បរយ៉ាខា ដឹកដីប្រណាំងគ្នា បណ្តាលឱ្យហុយទ្រលោម ប្រជាពលរដ្ឋលំបាកទ្រាំយ៉ាងខ្លាំង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបរយ៉ាខា ភូមិបរតាំងស៊ូ និងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានអ៊ូរទាំ រឿងឈ្មួញ…

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបរយ៉ាខា ភូមិបរតាំងស៊ូ និងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានអ៊ូរទាំ រឿងឈ្មួញ ៣នាក់ បានយកគ្រឿងចក្រ ទៅជីកកកាយដី ដឹកប្រណាំងគ្នា នៅលើផ្លូវក្រាលកៅស៊ូ យកទៅលក់តាមភូមិ បណ្តាលឱ្យហុយ ចូលផ្ទះពួកគាត់ លំបាកក្នុងការរស់នៅ។ ករណីនេះ ត្រូវបានប្រធានមន្ទីររ៉ែ និងថាមពល ព្រមទាំង​អភិបាលក្រុងប៉ៃលិន សន្យាថា នឹងបញ្ជូន​មន្ត្រីជំនាញទៅពិនិត្យ និងណែនាំ​ឲ្យម្ចាស់រណ្តៅដី ដោះស្រាយ​ កុំ​ឲ្យធ្លាក់ជ្រុះដីលើផ្លូវទៀត​។

ម្ចាស់រថយន្ត មិនបានបូមទឹកស្រោច ឬយកស្បៃគ្របដី នៅលើរថយន្តដឹកដីនោះឡើយ។ ពោលគឺ​ចំហរធ្លុង បណ្តាល​ឲ្យជ្រុះ​ដី​ពេញផ្លូវកៅស៊ូ​តែម្តង។

គ្រឿងចក្រ ជីកកកាយដី ចំនួន ៣កន្លែង ដឹកលក់យ៉ាងគគ្រឹកគគ្រេង រាល់ថ្ងៃ នៅក្នុងភូមិបរយ៉ាខា និងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរផ្លូវក្រាលកៅស៊ូខាងលើ បានរៀបរាប់ទាំងត្អូញត្អែរថា មានក្រុមឈ្មួញ ៣នាក់ បាននាំគ្នាសម្រុកជីកកកាយដី ដឹកលក់យ៉ាងគគ្រឹកគគ្រេង ហើយថែមទាំងបើករថយន្តល្បឿនលឿន ដូចបើកបរប្រណាំងប្រជែងគ្នា នៅលើដងផ្លូវចង្អៀត ប្រញាប់យកទៅ​លក់នៅតាមភូមិ គឺអស់រយ:ពេលជិត ១០ថ្ងៃមកហើយ បណ្តាលឱ្យកំទេចធូលីដីហុយ ចូលផ្ទះសម្បែង ស្ទើរដកដង្ហើមមិនរួច។ អ្នកភូមិ ក៏កើតជំងឺផ្តាសាយ ក្អក ជាពិសេសពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព ខណ:ឃើញរថយន្តដឹកដីទាំងនោះ បើកក្នុងល្បឿន លឿនខ្លាំង ទាំងពេ ល​មានដីនៅលើរថយន្ត និងពេលបើកបររថយន្តទទេ ឆ្ពោះទៅកន្លែងដឹកដីជាដើម។

ចំណែកពេលដែលមានភ្លៀងធ្លាក់ម្តងៗ បណ្តាលឱ្យកំទេចដីនោះ ក្លាយទៅជាភក់ជ្រាំ លុះអ្នកភូមិបើកបរម៉ូតូ ចេញចូលតាមដងផ្លូវនេះ បណ្តាលឱ្យរអិល ស្ទើរតែដួលម៉ូតូ បង្កគ្រោះថ្នាក់ផងដែរ។

ពួកគាត់ ក៏សំណូមពរឱ្យម្ចាស់គ្រឿងចក្រទាំង ៣នាក់ខាងលើ ប្រាប់តៃកុងឱ្យបន្ថយល្បឿន ព្រោះជាកន្លែងផ្លូវតូចចង្អៀត ហើយមានមនុស្សចេញចូលច្រើន។ ម្យ៉ាងវិញទៀត សូមឱ្យម្ចាស់រថយន្តគ្របដីខាងលើ ពេលដឹកយកទៅលក់ដូរនៅតាមភូមិ ដើម្បីកុំឱ្យហុយ ឬធ្លាក់ទៅលើផ្លូវថ្នល់ នាំឱ្យមានបញ្ហាដល់អ្នកធ្វើដំណើរលើផ្លូវជាមួយគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តប៉ៃលិន បានឱ្យដឹងថា  ឈ្មួញទាំង ៣នាក់ខាងលើ គឺគេបានសុំច្បាប់ទៅខាងមន្ទីរលោកអស់ហើយ។ តែបើសិនជាមានការដឹកដីកំពប់ទៅលើផ្លូវថ្នល់ ឬមានការហុយធូលីទៅលើផ្ទះប្រជាពលរដ្ឋ ខាងលោកចាត់ឱ្យមន្រ្តីជំនាញ ចុះទៅពិនិត្យមើល ដើម្បីធ្វើការអប់រំណែនាំ។

ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក៏បានឱ្យដឹងថា ខាងលោក ក៏នឹងចាត់ឱ្យមន្រ្តីជំនាញចុះទៅពិនិត្យមើល ព្រមទាំងណែនាំឱ្យអ្នកដឹកដី ធ្វើតាមច្បាប់ទម្លាប់ត្រឹមត្រូវ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន និងធ្លាក់កំទេចធូលីដីទៅលើផ្លូវថ្នល់ ប៉ះពាល់ដល់ការធ្វើដំណើរផងដែរ៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ