ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​ក​ទទួល​ជោគជ័យ​នៅ​កម្ពុជា​កើតឡើង​ដោយសារ​កត្តា​សំខាន់​អ្វីខ្លះ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា ​ក្រុមហ៊ុន​ និង​យីហោ​ល្បី​ៗ​របស់​សហ​ដ្ឋ​អា​មេ​រិ​ក​កំពុង​ទទួល​បាន​ជោគជ័យ​ និង​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា​ ។​តើ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទាំងនេះ​កើតឡើង​ដោយសារ​កត្តា​សំខាន់​អ្វីខ្លះ? ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​មាននៅ​កម្ពុជា បើ​តាម​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​កត្តា​សំខាន់​ៗ​ចំនួន​៤​។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា ​ក្រុមហ៊ុន​ និង​យីហោ​ល្បី​ៗ​របស់​សហ​ដ្ឋ​អា​មេ​រិ​ក​កំពុង​ទទួល​បាន​ជោគជ័យ​ និង​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា​ ។​តើ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទាំងនេះ​កើតឡើង​ដោយសារ​កត្តា​សំខាន់​អ្វីខ្លះ?

ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​មាននៅ​កម្ពុជា បើ​តាម​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​កត្តា​សំខាន់​ៗ​ចំនួន​៤​។

លោក​បណ្ឌិត គី​សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣​ឧសភា​នេះ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ដែល​ជោគជ័យ​របស់​សហរដ្ឋអាមេរិក​មាន ដូច​ជា​ក្រុមហ៊ុន​កូកាកូឡា​, ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​រួម​និង​ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេង​តៀត​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា​«​យើង​សង្កេត​ឃើញ​ភាព​ជោគជ័យ​របស់​សហរដ្ឋអាមេរិក​នេះ​ដោយសារ​៖១)- ប្រជាពលរដ្ឋ​ខ្មែរ ទោះបី​មាន​ប្រាក់​ចំណូល​ទាប​មែន តែ​គាត់​គិត​ទៅ​លើ​គុណភាព​ជា​ចម្បង​។​អីចឹង​ទាំងនេះ​គឺជា​កើត​ចេញ​មក​ពី​កត្តា​សហរដ្ឋអាមេរិក មាន​កម្លាំង​សេដ្ឋកិច្ច​លឿន ដើរ​ឈានមុខ​គេ​ហើយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក អីចឹង​បើ​យើង​មើលទៅ​លើ​បរិបទ​របស់​ពលរដ្ឋ​កម្ពុជា នៅ​តែ​ស្រលាញ់​សហរដ្ឋអាមេរិក ស្រលាញ់​គុណភាព​មុខទំនិញ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​

លើស​ពី​នេះ ភាព​ជោគជ័យ​នេះ​ដោយសារ​មានការ​រួមចំណែក​ពី​ខាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ មិន​មាន​ទំនាស់​គ្នា​ទៅ​លើ​កត្តានយោបាយ​ភូមិសាស្ត្រ​នោះ​។​២)-​ក្រៅពី​ចំណាប់អារម្មណ៍​ទាក់ទាញ​របស់​រាជរដ្ឋាភិបាល គឺ​សហរដ្ឋអាមេរិក​ជា​ដៃគូ​សំខាន់​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​យ៉ាងច្រើន​។​៣)- សហរដ្ឋអាមេរិក​ដើរតួ​ជា តួ​គំរូ​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​ទស្សនៈវិស័យ​របស់​ប្រជាជន​កម្ពុជា​នៅ​តែ​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​ដ៏​ល្អ ជា​ប្រទេស​មួយ​មាន​សុច្ចរិត​ទៀងត្រង់ មាន​យុត្តិធម៌​ផ្តល់​ជូន​ប្រជាពលរដ្ឋ​។​៤)-​បញ្ហា​មួយទៀត​នោះ បង្ហាញ​ពី​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទទួល​បាន​ជោគជ័យ​។
ដូចនេះ​ចំណុច​ទាំង​អស់នេះ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បណ្ឌិត​បន្ត​ថា កន្លង​មក​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច តែ​ជា​ក្រុមហ៊ុន​ធំ​ៗ ។​ប្រទេស​កម្ពុជា​យើង​មាន​ទីផ្សារ​តូច ហើយ​ដើរ​ក្រោយ​គេ​បន្តិច​នៅ​ក្នុង​តំបន់​អាស៊ាន​(​ថៃ​និង​វៀតណាម​) អីចឹង​ហើយ​បានជា​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​។​តែ​នៅ​គ្រា​ខាង​មុខ​ខ្ញុំ​ជឿ​ថា សហរដ្ឋអាមេរិក​នឹង​រុញ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អេ​ឡិច​ត្រូ​និក​មក​ប្រទេស​កម្ពុជា ហើយ​បន្ទាប់​មក​ទៀត​មាន អាច​ជា​ឧស្សាហកម្ម​តម្លើងរថយន្ត​និង​គ្រឿងចក្រ​ផ្សេង​ៗ​ទៀត​។

លោក​Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ច្រើន​តែ​ជា​វិធី​ដំបូង ដែល គេ ភ្ជាប់ ការ ទាក់ទង ជាមួយ សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​អា​មេ​រិ​ក និង​យីហោ​ល្បី​ៗ របស់​អា​មេ​រិ​ក បាន ទទួល ជោគ ជ័យ និង កំពុង​រីក​ចម្រើន​នៅ​កម្ពុជា រាប់ ពី ក្រុមហ៊ុន រថយន្ត Ford និង Facebook ដល់ កាហ្វេ Starbucks និង Papa John’s pizza ។ ប្រជាជន កម្ពុជា ចង់ បាន ផលិតផល និង សេវាកម្ម ប្រកប ដោយ​គុណភាព​បែប នេះ ហើយ​គេ​នៅ​តែ​ចង់បាន​ច្រើន​ថែម​ទៀត​។

លំហូរ នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង តែ​មាន​កំណើន ហើយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ច្រើន​ថែម​ទៀត បន្ត​មក​រកស៊ី ក្នុង​មួយ​ឆ្នាំ​ៗ ដោយ នាំ មក​ជាមួយ នូវ​របៀប​ធ្វើ​ជំនួញ​ប្រកបដោយ​ក្រមសីលធម៌ បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ ព្រមទាំង​កម្មវិធី​ទទួលខុសត្រូវ​ខ្ពស់ របស់​ក្រុមហ៊ុន ចំពោះ​សង្គម ដែល ផ្សា ភ្ជាប់​ជាមួយនឹង​សហគមន៍ មូលដ្ឋាន​។
លោក ឯកអគ្គ រដ្ឋ ទូត​សង្កត់ធ្ងន់​ថា​«​គេ​ឃើញ​យីហោ​ទាំង នេះ​ជា​ច្រើន នៅ​អាស៊ី​អាគ្នេយ៍ នា​ពេល​សព្វថ្ងៃ ជា​ពិសេស នៅ ទី ក្រុង បាងកក ប្រទេស​សិង្ហ​បូ​រី និង ទីក្រុង ហូ​ជី​មិ​ញ​។ វា​ដល់​ពេល​ដែល​ត្រូវ​ឃើញ​ក្រុមហ៊ុន​ទាំង នេះ នៅ​ភ្នំពេញ​ផង​ដែរ​ហើយ​។ ខ្ញុំ មាន ទំនុក ចិត្ត​ថា ពិព័រណ៍​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​កាន់តែ​ច្រើន ពី ឱកាស ធ្វើ​ជំនួញ​ដ៏​ប្រពៃ ហើយ បង្កើត ទំនាក់ ទំនង ដែល​នឹង ផ្តល់ លទ្ធផល សម្រាប់ ប្រទេស ទាំង​ពីរ​»​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បង្ហាញ​ថា​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សា​សំខាន់​ៗ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មាន ប្រទេស​អាស៊ាន​មាន​ជាង​២៩៧​លាន​ដុល្លារ​អា​មេ​រិ​ក​, សហភាព​អឺរ៉ុប មាន​ជាង​៧១៩​លាន​ដុល្លារ​អា​មេ​រិ​ក​, សហរដ្ឋអាមេរិក​មាន​ជាង​១.៤៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​, ចិន​មាន​ជាង​៣៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​,​ជប៉ុន​២៩៥​លាន​ដុល្លារ​អា​មេ​រិ​,​អង់គ្លេស​មាន​ជាង​១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប្រទេស​ផ្សេង​ទៀត​មាន​ទឹកប្រាក់​ជាង​៤៩៨​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ