ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលបិទខ្ទប់ បែរជាការជួញដូរផ្សារហ៊ុនកើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសឲ្យដឹងថា អំឡុងពេលបិទខ្ទប់ដើម្បីការពារជំងឺកូវីដ ១៩ ទំហំនៃការជួញដូរ និងបរិមាណ ជួញដូរ បែរជាមានកំណើនជាងពេលធម្មតាទៅវិញ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសឲ្យដឹងថា អំឡុងពេលបិទខ្ទប់ដើម្បីការពារជំងឺកូវីដ ១៩ ទំហំនៃការជួញដូរ និងបរិមាណ ជួញដូរ បែរជាមានកំណើនជាងពេលធម្មតាទៅវិញ គឺមានកំណើនប្រចំាថ្ងៃចន្លោះពី ១៣ ទៅ ១៩% បើធៀបរយៈពេល ១០ ថ្ងៃមុនពេលមិនទាន់បិទខ្ទប់ ។  នៅពេលបិទខ្ទប់ទំហំជូញដូរបានកើនដល់ជាង ២៤១ លានរៀល ដែលស្មើរប្រមាណ ៦០ ពាន់ដុល្លារ គឺមានកំណើនប្រមាណ ១៣% ធៀបចំនួនមធ្យមមានជាង ២១៤ លានរៀលឬស្មើ ៥៤ ពាន់ដុល្លារនោះ ។ ចំណែកបរិមានជូញដូរវិញនៅពេលបិទខ្ទបមាន៤ ៤ ៣១៨ ហ៊ុន ធៀបនឹងចំនួនមធ្យមមាន ៣៧ ៣៥៨ ហ៊ុន ។

ផ្សារហ៊ុនជាការវិនិយោគថ្មីនៅកម្ពុជាដែលអ្នកពាក់ព័ន្ធវិស័យនេះ បានកំពុងជំរុញឲ្យផ្សារមូលបត្រកម្ពុជាដើរទៅមុខដើម្បីជាផ្នែកមួយជូយលើកកម្ពស់កំណើននិងសកម្មភាពសេដ្ឋកិច្ច ។ ទោះជាមានក្រុមហ៊ុនរដ្ឋ និងឯកជនមួយចំនួនបានឡើងលក់ភាគហ៊ុនលើផ្សារហ៊ុនប៉ុន្តែ គេបានដឹងថា ពលរដ្ឋបានចេះដឹង និងចូលរួមវិនិយោគផ្សារហ៊ុននៅមានចំនួនតិចនៅឡើយ ។ បច្ចុប្បន្នមានក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ៧ បានលក់មូលបត្រកម្មសិទ្ធ និងចំនួន ៨ បានលក់មូលបត្របំណុលនៅលើផ្សារហ៊ុនកម្ពុជា ។

បើតាមក្រុមហ៊ុនមូលបត្រកម្ពុជាដដែល នៅក្នុងពេលបិទខ្ទប់នេះ ទំហំជួញដូរភាគហ៊ុនរបស់ PWSA គឺរដ្ឋករទឹកស្វយ័តភ្នំពេញមានសន្ទុះខ្លំាងជាងគេ ។ សម្រាប់ថកាលជូញដូរកាលពីម្សិលមិញ PWSA បានបិទនៅក្នុងទំហំប្រាក់ប្រមាណ ១,១២ ប៊ីលានរៀល ពោល គឺគ្របដណ្តប់ប្រមាណ ៦៧% នៃទំហំជួញដូរសរុបដែលមានចំនួន ១.៦៨០,៦៣ លានរៀល ។ សន្ទស្សន៍តម្លៃជួញដូរក៍បានងើបឡើងវិញ ០,៤៧% រហូតដល់ ៦៥៧,៧៤ ពិន្ទុ ហើយតួលេខនេះជាកំណត់ត្រាថ្មីខ្ពស់បំផុតប្រចាំឆ្នាំ ២០២១ ។ 

ចំណែកភាគហ៊ុនចំនួន ៥ ដែលរួមមាន ៖ PWSA GTI PPAP PAS និង ABC បានកើនឡើងចន្លោះពី ២០ រៀល ទៅ ១០០ រៀល ក្នុងមួយហ៊ុន ដោយបានបិទនៅ ៨.០៨០ រៀល ៤.៦០០ រៀល ១៥.៧២០ រៀល ១៤.៧០០ រៀល និង ១៦.៣៨០ រៀល រៀងគ្នា ។ យ៉ាងណាមិញ PPSP និង PEPC បានថយចុះ ២០ រៀល និង ១០ រៀល មកត្រឹម ២.១៦០ រៀល និង ៣.៣៧០ រៀល ។ ជាការកត់សម្គាល់ការជួញដូរផ្សារហ៊ុនគេធ្វើឡើងនៅតាមប្រព័ន្ធ អនឡាញដោយអាចបញ្ជាទិញលក់ តាមកុំព្យូទ័រ និងទូរសព្ទ័ដៃ ។ កាលមិនទាន់មានការរាតត្បាតពីជំងឺកូវីដ ១៩ អ្នកវិនិយោញផ្សារហ៊ុនគេ អាចជួញដូរហ៊ុនដោយផ្ទាល់តាមក្រុមហ៊ុនដែលបានលក់មូលបត្រ ឬ ក្រុមហ៊ុនដែលជាឈ្មួញកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ