ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​ដល់​មែន​! ប្រដឹស​ឫស្សី​កោះ​ប៉ែន​ស្ងាត់​មនុស្ស​ដល់​ម្លឹ​ង ម្នាក់​ៗ​ខ្លាច​កូ​វី​ដដែល​កំពុង​តែ​រាត ត្បាត

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​ធ្លាប់តែ​ទាក់ទាញ​មនុស្ស​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ឱ្យមក​កម្សាន្ត​

ខេត្តកំពង់ចាម​ ៖ រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​ធ្លាប់តែ​ទាក់ទាញ​មនុស្ស​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ឱ្យមក​កម្សាន្ត​លេង​ច្រើន​កុះករ​ តែ​មក​ដល់​ពេល​នេះ​បែរជា​មាន​សភាព​ស្ងប់ស្ងាត់ សូ​ម្បី​តែ​ប្រដឹស​ឫស្សី​ត​ភ្ជាប់​ពី​ត្រើយ​ក្រុង​កំពង់ចាម​ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​ប្រវែង​ជាង​៧០០​ម៉ែត្រ គឺ​មិន​មាន​មនុស្ស​ដែល​ឆ្លងកាត់​នោះ​ទេ ព្រោះ​ម្នាក់​ៗ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​រាតត្បាត​។

លោក​ស្លេះ សាន់ អាយុ​៥៦​ឆ្នាំ អ្នកលក់​សំបុត្រ​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០២១​ ថា​ ក្រោយ​ពី​ទឹកទន្លេ​មេគង្គ បាន​ចាប់ផ្ដើម​ស្រក លោក​ប៊ុ​ន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន​កោះ​ប៉ែន បាន​ជួល​កម្មករ​ជា​ច្រើន​នាក់​ឲ្យ​ដំឡើង​ប្រដឹស​ឫស្សី សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដើរ​ឆ្លងកាត់​ពីរ​ក្រោយ​ក្រុង​កំពង់ចាម ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​។ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​មក​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​កន្លង​ទៅ​រាង​គ្រាន់បើ បន្ទាប់​មក​ជំងឺ​កូ​វី​ដ​បាន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​សភាព​ស្ងាត់ ហើយ​រដ្ឋបាល​ខេត្តកំពង់ចាម​ក៏​បាន​ចេញ​សេចក្តី​ប្រកាស បិទ​រមណីយដ្ឋាន​ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​។​

លោកបាន​បន្តថា ក្រោយមក​ រដ្ឋបាល​ខេត្ត​បាន​អនុញ្ញាត​ឱ្យ​រមណីយដ្ឋាន​ដំណើរការ​ឡើង​វិញ ទោះជា​បែប​នេះ​ក្តី​មក​ដល់​ខែឧសភា ២០២១ ប្រ​ដឹសកោះ​ប៉ែន គឺ​នៅ​តែ​ស្ងប់ស្ងាត់ មាន​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ដែល​ឆ្លង​២​ទៅ​៥​នាក់ ដើម្បី​ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ជួន​មួយ​ថ្ងៃ​ពេញ​មិន​មាន​មនុស្ស​ដើរ​ឆ្លងកាត់​ក៏​មាន​ដែរ​។​ដោយ​ទទួល​បានការ​ណែនាំ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត រូប​លោក​បាន​រៀបចំ​ឲ្យ​មាន​ពាក់​ម៉ាស់​និង​អាកុល​បាញ់​លាង​សំអាត​ដៃ ជាប់​ជា​ប្រចាំ​ជាមួយ​នោះ​ថែម​ទាំង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផង​ដែរ​។​នៅ​ខែមិថុនា​ខាង​មុខទឹក​ទន្លេមេគង្គ បាន​បន្ត​ហក់​ឡើង ដូច្នេះ​ប្រដឹស​ឫស្សី​និង​ត្រូវ​រុះរើ សម្រាប់​យក​ទុក​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ​ដែល​អាច​ក្រាល​ធ្វើ​ជាប​ន្ទាំ​សម្រាប់​ម៉ូតូ​ឬ​រថយន្ត​បើក​ឆ្លងកាត់​ដាក់​នៅ​តាម​ផ្លូវ​លើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ។

លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កន្លង​ទៅ​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​ប្រកាស ដល់​រមណីយដ្ឋាន​កែ​ច្នៃ​និង​រមណីយដ្ឋាន​បែប​ធម្មជាតិ​នៅ​ក្នុង​ខេត្តកំពង់ចាម ទាំងអស់​ត្រូវ​តែ​ផ្អាក​ទទួលភ្ញៀវ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​។ ក្រោយមក​ក៏​បាន​ប្រកាស​បើក​វិញ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម រួម​និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ម្នាក់​ៗ មានការ​ខ្លាចរអា​ដោយ​មិន​ហ៊ាន​នាំ​គ្នា​ទៅ​កំសាន្ត​លេង​នោះ​ទេ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ តែ​ហាម​ការ​ជួបជុំ​មនុស្ស​គ្នា​ច្រើន​ហើយ​គ្រឿង​ស្រវឹង​នៅ​តែ​បន្ត​ហាម​មិន​ឱ្យ​លក់ដូរ​ដដែល​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ណែនាំ​ឲ្យ​អ្នកបម្រើ​សេវា​ទេសចរណ៍​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ក្រោយ​ពី​ចាប់​បាន​ចំនួន​២ ដុស ត្រូវ​តែ​មាន​កាត​ពាក់​សម្គាល់​ដើម្បី​អោយ​ភ្ញៀវ​ដែល​គេ​មក​កំសាន្ត​លេង​មានការ​ទុកចិត្ត ព្រមទាំង​ពាក់​ម៉ាស់ ជាមួយនឹង​អាល់កុល​ឬ​ជែ​លបាញ់​លាង​សម្អាត​ដៃ​។ ដោយឡែក​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​រួចរាល់​ជាមួយ​នោះ​នៅ​តែ​ប្រកាន់​ជំហរ​អនុវត្ត​៣​កុំ ៣​ការពារ​។

ដោយ​មានការ​ណែនាំ​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពង់ចាម ដោយ​ឲ្យ​ម្ចាស់​រមណីយដ្ឋាន​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ