ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​មេ​ព្រៃ​ចាប់បាន​រថ​យន្ត​ដឹកឈើ​កណ្តាល​ក្រុង​កំពង់ឆ្នាំង

15 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ មន្ត្រី​ផ្នែក​ សង្កាត់ និង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​​កំពង់ឆ្នាំង​ កាលពី​វេលា​ម៉ោង​១១ និង២០​នាទី​យប់​ថ្ងៃទី២ ​មីនា ​បានតាម​ប្រមាញ់​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​​​នៅចំណុច​មុខ​សណ្ឋាគារ​​ស៊ី​ ស្ថិតក្នុង​ភូមិ​កណ្តាល​​​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​​​ ប៉ុន្តែ​​​ម្ចាស់​រថយន្ត​កូរ៉េ​​ដឹកឈើ​ចំណុះ​៣តោន​​នោះ បាន​គេចខ្លួនបាត់​ ។

​លោកនូវ ប៉ោលីន នាយ​រង​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ឆ្នាំង​បានឱ្យ​ដឹង​ថា ​រ​ថយន្ត​កូរ៉េ​​​ចំណុះ​៣តោន​​នោះពាក់ស្លាក​លេខ​​ធ០០៩៤ ភព៣ ​​ដឹក​ឈើប្រភេទ​ដើមតាឡាត់ ដើម​ផ្តៀក ​និងដើម​រកា ចេញពី​ចំណុច​ភូមិ​ក្តុល ​ស្រុក​ទឹកផុស បំណង​យក​ទៅ​​ដាក់នៅ​សិប្ប​កម្ម​មួយ​កន្លែង​ដែលទើប​បង្កើត​​ឡើងនៅក្នុង​ស្រុក​រលា​ប្អៀរ គឺ​សិប្បកម្ម​ធ្វើ​ស៊ុម​កញ្ចក់ ។ ​ទោះ​យ៉ាង​ណា​ លោក​បញ្ជាក់​​ថា ការ​ដឹក​ជញ្ជូន​ និងកាប់​ឈើ​ប្រភេទ​នេះ គឺ​ខុសច្បាប់​​ទាំងស្រុង បើ​ទោះ​ជាឈើ​ទាំងនេះ​ជា​ឈើ​ប្រភេទ​​​លេខ​៣ លេខ​៤ ក្តី ប៉ុន្តែ​ការ​កាប់​បំផ្លាញ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ហិន​ហោច​ព្រៃឈើ​​លើ​ភ្នំ​ផង​ដែរ ។

​លើសពីនេះ​ទៀត ឈើ​ទាំង​នោះ​មានទំហំ​មុខ​កាត់ប្រហែល​​ពីរ ទៅ​បី​តឹក គឺ​មិនទាន់​គ្រប់​អាយុ​​ត្រូវកាប់​នោះទេ ដែល​ដើមឈើ​ប្រភេទ​នេះ​វា​អាច​មាន​ទំហំ​មុខកាត់ពីកន្លះ​ម៉ែត្រ ទៅ​៧ ឬ៨​តឹក ។ ឈើ​មួយ​រថយន្ត​នេះ​ បើត​ាម​ការប៉ាន់​ស្មាន​មានប្រហែល​ជាង​៤​ម៉ែត្រ​គូប ដែល​គេ​កាត់​ជា​​កំណាត់ៗ​​ក្នុងមួយកំណាត់​មានប្រវែង​ពី១​ម៉ែត្រ ទៅ​​១​ម៉ែត្រ​កន្លះ ។ ​នេះ​ជាលើ​ក​ទីមួយ​ហើយ​ដែល​ឈើ​ប្រភេទ​នេះ​ត្រូវ​បាន​មន្ត្រី​មេ​ព្រៃ​បង្ក្រាប ៕