ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ចាប់ផ្តើម​សង់​គម្រោង​អគ្គិសនី​ធំ​ៗ៥​កន្លែង ខណៈ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​ចាប់ផ្តើម​ប្រសើរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​អាណត្តិ​នេះ​កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ធំ​ៗ​ចំនួន​៥​កន្លែង​ដែល​មាន​ថាមពល​ជិត​២.០០០​មេ​ហ្គា​វ៉ា​ត់ ខណៈ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ហាក់​មាន​ភាព​ប្រសើរ​ជាង​ពេល​មុន​ៗ​សម្រាប់​ឧស្សាហកម្ម​ផលិត​នៅ​ក្នុងស្រុក​។ អ្នកស្រី ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ឧសភា​នេះ​ថា បច្ចុប្បន្ន​តម្លៃ​ភ្លើង​បាន​ចុះថ្លៃ​បន្តិច…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​អាណត្តិ​នេះ​កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ធំ​ៗ​ចំនួន​៥​កន្លែង​ដែល​មាន​ថាមពល​ជិត​២.០០០​មេ​ហ្គា​វ៉ា​ត់ ខណៈ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ហាក់​មាន​ភាព​ប្រសើរ​ជាង​ពេល​មុន​ៗ​សម្រាប់​ឧស្សាហកម្ម​ផលិត​នៅ​ក្នុងស្រុក​។

អ្នកស្រី ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ឧសភា​នេះ​ថា បច្ចុប្បន្ន​តម្លៃ​ភ្លើង​បាន​ចុះថ្លៃ​បន្តិច ហើយ​ការ​ផ្តាច់​ចរន្តអគ្គិសនី​ក៏​មានការ​ថយ​ចុះ​ដែល​ជួយ​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​បាន​មួយ​ចំណែក ហើយ​បើ​លែង​ដាច់​ចរន្ត​រហូត​តែ​ម្តង​វា​នឹង​បាន​ជួយ​ឧស្សាហកម្ម​ក្នុងស្រុក​បាន​កាន់​ថែ​ច្រើន​ថែម​ទៀត​។

អ្នកស្រី​ឧកញ៉ា បន្ត​ថា​«​កាលណា​ឧស្សាហកម្ម​ក្នុងស្រុក​មានការ​ដាច់​ភ្លើង វា​ធ្វើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​ត្រូវ​រង​ការ​ខូចខាត ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​ភ្លើង​ហាក់​មាន​ភាព​ប្រសើរ​ជាង​នា​ពេល​កន្លង​មក​»​។

អ្នកស្រី​ឧកញ៉ា សង្កត់ធ្ងន់​ថា​«​បើសិន​នៅ​ពេល​ខាង​មុខ ការ​ផ្គត់ផ្គង់​ភ្លើង​ឬ​អគ្គិសនី​មាន​កាន់តែ​ច្រើន វា​នឹង​ជួយ​អូស​ទាញ​អ្នក​វិនិយោគ​មក​ពី​ខាងក្រៅ​ប្រទេស​មក ហើយ​រំពឹង​ថា​តម្លៃ​អគ្គិសនី​អាច​នឹង​ចុះថោក​។​នៅ​ពេល​តម្លៃ​ភ្លើង​ចុះថោក ធ្វើ​ឱ្យ​ថ្លៃដើម​នៃ​ការ​ផលិត​របស់​យើង​ចុះថោក វា​អាច​ឱ្យ​យើង​ប្រកួតប្រជែង​តម្លៃនៅលើទីផ្សារ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​»​។

ទាក់ទង​និង​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​ពេល​បន្ទាប់ តាម​ឯកឧត្តម វិច​ទ័​រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល​មាន​ប្រសាសន៍​ថា​« នៅ​ក្នុង​អណ​ត្តិ​នេះ​កម្ពុជា​នឹង​មានការ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ធំ​ៗ​ចំនួន​៥ កន្លែង ចំណែក​ការ​អភិ​ឌ្ឍ​ន៍​វា​រី​អគ្គិសនី​។ យើង​មាន​ក្រុមហ៊ុន​ចំនួន​ពីរ ក្នុង​នោះ​ក្រុមហ៊ុន Cambodian Tatay Hydropower ដែល​កំពុង​សាងសង់​គម្រោង​តា​តៃ​លើ មាន​អនុភាព ១៥០ មេ​ហ្គា​វ៉ា​ត់ ក្រោយ​សាងសង់​រួច និង​ដាក់​បញ្ចូល​បណ្តាញ​ជាតិ​នៅ​ឆ្នាំ​២០២៣ ។ ចំណែក​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ កំពុង​ចាប់ផ្តើម​សាងសង់​ដោយ​ក្រុមហ៊ុន SPHS Cambodia មាន​អនុភាព ៨០ មេ​ហ្គា​វ៉ា​ត ក្រោយ​សាងសង់​រួច គឺ​គ្រោង​ដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ នៅ​ឆ្នាំ ២០២៦ »​។

ឯកឧត្តម​បន្ត​ថា​« ក្រៅពី​វា​រី​អគ្គិសនី កម្ពុជា​មាន​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន ៣ ផ្សេង​ៗ​ទៀត ក្នុង​នោះ​ក្រុមហ៊ុន China Huadain មាន​អនុភាព ៧០០ មេ​ហ្គា​វ៉ា​ត កំពុង​សាងសង់ ហើយ​ក្រោយ​ពី​សាងសង់​រួច គ្រោង​ភ្ជាប់​ចូល​បណ្តាញ​ជាតិ នៅ​ឆ្នាំ ២០២២ មួយ​លើក និង​ឆ្នាំ ២០២៣ បន្ថែម​ទៀត ។ ចំណែក​គម្រោង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប មាន​អនុភាព ៧០០ មេ​ហ្គា​វ៉ា​ត នៅ​បុ​ទុម​សាគរ គ្រោង​ភ្ជាប់​ចូល​បណ្តាញ​ជាតិ នៅ​ឆ្នាំ ២០២៤ ចំនួន ៣៥០ មេ​ហ្គា​វ៉ា​ត និង​នៅ​ឆ្នាំ ២០២៥ ចំនួន ៣៥០ មេ​ហ្គា​វ៉ា​ត ។ ដោយឡែក​ក្រុមហ៊ុន​របស់​ឧកញ៉ា វិញ​ហួរ មាន​អនុភាព ២៦៥ មេ​ហ្គា​វ៉ា​ត ដោយ​គ្រោង​ភ្ជាប់​ចូល​បណ្តាញ​ជាតិ​ចំនួន ២ លើក​ផង​ដែរ គឺ​នៅ​ឆ្នាំ ២០២២ និង ២០២៣ ខាង​មុខ​នេះ ។

បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល ក្រៅពី​ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ធំ​ៗ​ខាងលើ នៅ​ក្នុង​ដំណាក់កាល​នេះ កម្ពុជា​នៅ​មាន​គម្រោង សាងសង់​ថាមពល​ពី​សូ​ឡា​ចំនួន ២ ផ្សេង​ទៀត ក្នុង​នោះ​ក្រុមហ៊ុន Prime Road មាន​អនុភាព ៦០ មេ​ហ្គា​វ៉ា​ត និង​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន Green Sustainable Ventrue ចំនួន ២០ មេ​ហ្គា​វ៉ា​ត ដោយ​គ្រោង​ភ្ជាប់​ចូល​បណ្តាញ​ជាតិ​នៅ​ចុងឆ្នាំ ២០២១ នេះ​។ ជុំវិញ​និង​ការ​អភិវឌ្ឍន៍​អគ្គិសនី​ខាងលើ ក្រសួង​រ៉ែ និង​ថាមពល គឺ​មាន​ផែនការ​ដាក់​ចូល​បណ្តាញ​ជាតិ​ជា​បន្តបន្ទាប់ ដើម្បី​ជម្រុញ​ឲ្យ​ស្រប​ទៅ​តាម​ផែនការអភិវឌ្ឍន៍​ថាមពល និង​ការ​រីក​ច្រើន​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ