ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ចាប់ផ្ដើម​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ ​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​នឹង​ជំងឺ​កូ​វី​ដ​១៩​ក្ដី ហើយ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ធ្លាក់​ស្ទើរតែ​ដល់​កម្រិត​សូន្យ ។ យ៉ាងណា​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​រីក​រាលដាល​យ៉ាងនេះ​ក្ដី ក្រសួងទេសចរណ៍ ក៏​បាន​ត្រៀម​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ឡើង​វិ​ង ដោយ​រំពឹង​ថា​វិស័យ​នេះ នឹង​ចាប់ផ្ដើម​ងើបឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​នឹង​ជំងឺ​កូ​វី​ដ​១៩​ក្ដី ហើយ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ធ្លាក់​ស្ទើរតែ​ដល់​កម្រិត​សូន្យ ។ យ៉ាងណា​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​រីក​រាលដាល​យ៉ាងនេះ​ក្ដី ក្រសួងទេសចរណ៍ ក៏​បាន​ត្រៀម​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ឡើង​វិ​ង ដោយ​រំពឹង​ថា​វិស័យ​នេះ នឹង​ចាប់ផ្ដើម​ងើបឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ឧសភា​២០២១​នេះ ឱ្យ​ដឹង​ថា ក្រសួង​ប្រកាស​រក​បេក្ខជន ដែល​រស់នៅ​តំបន់​ភូមិភាគ​ឦសាន​ដើម្បី​ចូល​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ ដើម្បី​បំពេញ​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​បន្ត​ទៀត ។ ក្នុង​ន័យ​នេះ នៅ​ពេល​វិបត្តិ​កូ​វី​ដ​១៩ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នឹង​ចាប់ផ្ដើម​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពេល​នោះ យើង​នឹង​មាន​ធនធាន​ក្នុង​វិស័យ​នេះ​ស្រាប់​ដើម្បី​បម្រើ​ជូន​ភ្ញៀវ​ទេសចរ ។

លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា (HoKa) បានឱ្យ​ដឹង​ថា ការ​សិក្សា​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​នេះ នឹង​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើន​សមត្ថភាព​របស់​គ្រូ​បង្គោល​នៅ​តំបន់​ភូមិភាគ​ឦសាន​ឱ្យ​កាន់​ល្អ​ប្រសើរ​ផង​ដែរ ។

លោក​ជំទាវ​ឆាយ ស៊ី​វលី​ន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា បើ​ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ហើយ​មិន​មាន​ភ្ញៀវ​ទេសចរ​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ដូច​មុន​ក្ដី ក៏​ក្រសួង​និង​អ្នក​ពាក់ព័ន្ធ​គួរតែ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ពេល​ចប់​វិបត្តិ​ជំងឺ​កូ​វី​ដ ។ បើ​ពុំនោះ​ទេ ពេល​ដែល​ភ្ញៀវ​ចាប់ផ្ដើម​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត តើ​កម្ពុជា​អាច​មាន​សមត្ថភាព​ប៉ុន្មាន​ក្នុង​ការ​ទាក់ទាញ​និង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ។

លោក​ជំទាវ​បន្ត​ថា នៅ​ក្នុង​ឆ្នាំ ២០២០​និង​២០២១​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​នៅ​តែ​មិន​អាច​មាន​ពន្លឺ​ឡើង​វិញ​នោះ​ទេ ខណៈ​ការ​រាលដាល​នៃ​ជំងឺ​នេះ​នៅ​តែ​បន្ត​មាន ហើយ​ក្នុងអំឡុងពេល​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ជួយ​អនុគ្រោះ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួក​គេ​អាច​នៅ​រង់ចាំ​បម្រើ​វិស័យ​នេះ​ឡើង​វិញ នៅ​ពេល​ចប់​វិបត្តិ ។ លោក​ជំទាវ​ថា​៖« ការ​អនុគ្រោះ​របស់​រដ្ឋាភិបាល​លើ​ការ​បង់ពន្ធ​អាជីវ​ម្ម​ប្រចាំខែ គឺជា​រឿង​មួយ តែ​ពន្ធ​ប្រចាំឆ្នាំ និង​ពន្ធ​នានា​ដែល​ប្រតិបត្តិ​ករ​បាន​ជំពាក់​រដ្ឋាភិបាល​គួរតែ​មានការ​លើក​ឡើង ព្រោះ​ពេល​នេះ ប្រតិបត្តិ​ករទាំង​អស់​មិន​មាន​ចំណូល​អ្វី​ទាល់តែ​សោះ​សម្រាប់​អាជីវកម្ម » ។

បើ​តាម​ការ​ព្យាករ​កន្លង​មក របស់​ក្រសួងទេសចរណ៍​កម្ពុជា​ឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០២១​នេះ នឹង​នៅ​តែ​បន្ត​មាន​កំណើន​ជា​អវិជ្ជមាន​បន្ត​ទៀត ដោយសារ​តែ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តែ​នៅ​ក្នុង​ឆ្នាំ​២០២៣ និង​២០២៣ កម្ពុជា​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ ខណៈ​ក្នុង​ឆ្នាំ ២០២៣​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដូច្នេះ​កម្ពុជា​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ទទួល ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​មក​ដល់​នៅ​ពេល​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ