ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដោះស្រាយ​ជម្លោះ​កម្ពុជា​-ថៃ​ជា​រឿង​​ អ.ស.ប និង​អាស៊ាន​​ សូមភាគី​ថៃ​​ឆ្លើយ​តប​ឱ្យ​លឿន​…​កុំ​មក​ដាស់តឿន​កម្ពុជា

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​អំពាវ​នាវ​ដល់​​លោក​អាប់​ភី​ស៊ីត ​វេចា​ជីវ៉ា នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា «សុំ​មេត្តា​​ប្រញាប់​​ប្រញាល់​ ហើយ​កុំ​នៅ​​ជ្រំ​​ជើង​ ទ្វេ​ភាគី​ ឬ​ពហុ​​ភាគី​ចង់​ថា អី​ក៏​ថា​ចុះ…»។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​អំពាវ​នាវ​​​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា ​ក្នុង​ឱកាស​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ឫស​សីមា​​វត្ត​ឯក​សុវណ្ណ ​ហៅ​វត្ត​កូន​ក្អែក និង​សម្ពោធ​​អនុ​វិទ្យា​ល័យ​​សម្តេច​តេជោ ហ៊ុន សែន ​មង្គល ស្ថិត​នៅ​ភូមិ​កូន​ក្អែក ​ឃុំ​របស់​មង្គល ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា ​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​ដោយ​មាន​ប្រទេស​សមា​ជិក​១៥​​បូក និង​៣​មាន​ថៃ-កម្ពុជា និង​ប្រធាន​អាស៊ាន ​ហៅ​ទ្វេ​ភាគី​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ត ព្រោះ​ឡើង​១៨​ហើយ ។ សំបុត្រ​រដ្ឋ​មន្ត្រី​​ការ​​បរទេស​​ឥណ្ឌូ​ណេ​ស៊ី ផ្ញើ​មក​រដ្ឋ​មន្ត្រី​ការ​បរទេស​​កម្ពុជា រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ ក៏​គេ​​ផ្ញើ​ទៅ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ចំនួន​៧​ទៀត ។ តើ​នោះ​ទ្វេ​ភាគី​ ឬ​ពហុ​…ខ្ញុំ​​អត់​យល់​​ទេ…។ ដល់​ថ្ងៃ​ប្រជុំ​​ទៅ​ប្រជុំ​នៅ​ទី​ក្រុង​​បោ​ហ្គោ​ ថ្ងៃ​ទី​២៤-២៥ ឥណ្ឌូ​ណេ​ស៊ី​អតីត​ហ្ស៊ីម១ ហ្ស៊ីម២…។

សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ប្រធាន​អាស៊ាន​បាន​ សូម​ថ្លែង​​អំណរ​គុណ​​ចំពោះ​រដ្ឋា​ភិបាល​ទាំង​ពីរ​​ដែល​​បាន​គាំទ្រ​សេច​ក្តី​ព្រាង​ក្រប​​ខណ្ឌ​ប្រតិ​បត្តិ​​ស្តី​​ពី​ការ​ដាក់​ពង្រាយ​​ក្រុម​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី ​ដែល​បាន​ទទួល​នូវ​សំណើ​ដាក់​​បញ្ចូល​មួយ​ចំនួន​ទៅ​ក្នុង​សេច​ក្តី​ព្រាង​លក្ខខណ្ឌ​​ប្រតិ​បត្តិ​​នោះ ។ ខ្ញុំ​​សូម​​ដាក់​​ជូន​នូវ​លក្ខ​ខណ្ឌ​​ប្រតិ​បត្តិ​ថ្មី​ដើម្បី​ពិចារណា​​​ប្រកប​ដោយ​វិជ្ជ​មាន​ និង​ជា​បន្ទាន់ ។

សម្តេច​បាន​លើក​​មក​បញ្ជាក់​ថា លក្ខ​ខណ្ឌ​ប្រតិ​បត្តិ​​លើក​មុន​កម្ពុជា​បាន​ឆ្លើយ​​តប​មិន​ឱ្យ​លើស​ពី​២៤​ម៉ោង​ឡើយ ។ ​ឥឡូវ​យើង​បាន​​ឆ្លើយ​ទៅ​ហើយ ។ ឥឡូវ​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា ​តាម​ពិត​ខ្ញុំ​បាន​ទទួល​រួច​ហើយ នូវ​ទីតាំង​ត្រូវ​សង្កេត​ការណ៍​ដែល​​ស្នើ ដោយ​​កម្ពុជា​នូវ​​របត់​ព្រំ​ដែន​​ខាង​កម្ពុជា​ដែល​​រង​ផល​ប៉ះ​ពាល់ ។ ខាង​ឥណ្ឌូ​ណេ​ស៊ី ខ្ញុំ​សង្ឃឹម​​ថា នឹង​ទទួល​បាន​​នូវ​ទីតាំង​ត្រូវ​​សង្កេត​ការណ៍​ពី​ព្រះ​រាជា​ណាចក្រ​ថៃ​ដូច​គ្នា​ដែរ ។

​មាន​ន័យ​ថា ​ខាង​កម្ពុជា​បាន​ដាក់​ទីតាំង​ចំនួន​១៤​កន្លែង ​ឱ្យ​ឥណ្ឌូ​ណេ​ស៊ីសង្កេត​ការណ៍​​ក្នុង​ពេល​ដែល​ថៃ​អត់​ទាន់​បាន​ដាក់​ទេ ។ ​សំបុត្រ​រដ្ឋ​មន្ត្រី​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី​ផ្ញើ​មក​កាល​ពី​ថ្ងៃ​ទី​៨ ​ហើយ​​មក​ដល់​កម្ពុជា​ ថ្ងៃ​ទី​៩ មីនា ។ ​នេះ​​ជា​ចំណុច​​មួយ​កត់​សំគាល់​​ថា ​កម្ពុជា​បាន​ដាក់​ទៅ​រួច​ហើយ ទីតាំង​សង្កេត​ការណ៍ ។ ​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ទៀត​ថា ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​​នូវ​ទី​តាំង​ត្រូវ​សង្កេត​ការណ៍​ពី​ព្រះ​រាជា​ណាចក្រ​​ថៃ ដូច​គ្នា ។ ​ចំណុច​ទី​២ ឥណ្ឌូ​ណេ​ស៊ី បាន​គូស​បញ្ជាក់​ថា ឥណ្ឌូ​ណេ​ស៊ី បាន​ត្រៀម​ខ្លួន​ដើម្បី​​ធ្វើ​​ជា​​ម្ចាស់​ផ្ទះ​​ និង​ផ្តល់​ទី​កន្លែង​​សម្រាប់​ប្រជុំ​​ប្រព្រឹត្ត​​​ទៅ​ជាប់​គ្នា​​ ឬ​ទន្ទឹម​​នឹង​​គ្នា​នៃ​គណៈ​កម្ម​ការ​​​ចំរុះ ដើម្បី​​ខណ្ឌ សីមា​​ព្រំ​ដែន​​គោក​រវាង​ថៃ​និង​កម្ពុជា JBC និង​គណៈ​កម្ម​ការ​ព្រំ​ដែន​ទូទៅ​ខាង​មុខ ។

​ក្នុងទំនាក់​ទំនង​ផ្ទាល់​មាត់​​ជា​មួយ​តំណាង​លោក​នៅ​ទី​ក្រុង​ហ្សា​ការតា ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​របស់​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​​ថ្ងៃ​ទី​២៤-២៥ មីនា ឆ្នាំ​២០១១ ។ ​បន្ទាប់​ពី​នោះ​ខ្ញុំ​បាន​យល់​ព្រម​​ ពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា ចំពោះ​​សំណើរ​នេះ ។ ភាគី​ឥណ្ឌូ​ណេ​ស៊ី ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ទទួល​​ចម្លើយ​ជា​វិជ្ជ​មាន​ពី​រាជា​ណា​ចក្រ​​ថៃ ។ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​កម្ពុជា​ឆ្លើយ​​យល់​ព្រម​ហើយ… តែ​​ថៃ​អត់​ទាន់​ឆ្លើយ ។

កម្ពុជា​អំពាវ​នាវ​​​ទៅ​រាជា​ណា​ចក្រ​ថៃ ​ទៅ​នាយក​រដ្ឋ​មន្ត្រី​​អាប់​ភី​ស៊ីត ​សូម​លោក​ឆ្លើយ​ឱ្យ​បាន​លឿន​​បំផុត​តាម​​ដែល​​ធ្វើ​ទៅ​បាន អំពី​ការ​ប្រជុំ ឬ​មិន​ប្រជុំ​​ តើ​ឱ្យ​អ្នក​សង្កេត​ការណ៍​​មក ឬ​មិន​មក​ជា​ជាង​​មក​​ដាស់​តឿន​កម្ពុជា ។ ​​​កាល​ពី​មុន​​ថៃ​ថា​ កម្ពុជា​គួរ​​តែ​យល់​ព្រម​​ ព្រោះ​​គាត់​ព្រម​ទៅ​ហើយ​ លុះ​​ដល់​កម្ពុជា​ទៅ​​​បែរ​ជា​ថៃ​​ថា កំពុង​ពិចារណា ។ សម្តេច​តេជោ​ថ្លែង​ថា សូម​លោក​អាប់​ភី​ស៊ីត ​ឆ្លើយ​ឱ្យ​រហ័ស ព្រោះ រឿង​​នេះ​វា​ជា​រឿង​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​ ​រឿង​​អាស៊ាន ។ ​នៅ​ក្នុង​ខ្លឹម​សារ​មួយ​ដែល​​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី​ បាន​បញ្ជាក់​​បន្តិច​ទៀត​​នេះ​វាមាន​រយៈ​ពេល​មួយ​ខែ​ហើយ ​តាំង​ពី​កិច្ច​ប្រជុំ​​មន្ត្រី​​កា​របរទេស​​អាស៊ាន ក្រៅ​ផ្លូវ​ការ​ ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១ ។ ខ្ញុំ​ជឿ​ជាក់​​ថា យើង​​ទាំង​អស់​គ្នា​បាន​ទទួល​​ស្គាល់​នូវ​ភាព​បន្ទាន់​​នៃ​​សកម្ម​​ភាព​ជាក់​ស្តែង ។

​នេះ​ជា​ការ​ដាស់​តឿន​មួយ​របស់​​ប្រធាន​​អាស៊ាន​ ចំពោះ​ភាគី​ទាំង​ពីរ​ ប៉ុន្តែ​​ភាគី​ទាំង​ពីរ គឺ​ភាគី​មួយ គឺ​កម្ពុជា​បាន​ឆ្លើយ​​តប​ កាល​ពី​​ថ្ងៃ​ទី​៩ មីនា នូវ​ទំរង់​លក្ខ​ខណ្ឌ​​​បែប​បទ​ថ្មី​ត្រូវ​បាន​ទទួល​ការ​យល់​ព្រម​ទាំង​ស្រុង​ពី​សំណាក់​​ភាគី​​កម្ពុជា ដោយ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ ហោ ណាំ​ហុង ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​មិន​លើស​ពី​២៤​ម៉ោង​​ឡើយ ព្រម​ទៀត​ ដោយ​មាន​ការ​​កែ​ប្រែ​ចំណុច​មួយ​ចំនួន​ប្រៀប​​ធៀប​នឹង​ចំណុច​មុន​ គឺ​ល្អ​ទេ ​មិន​មាន​បញ្ហា​ទេ ​ក៏​ធ្វើ​ឱ្យ​ថៃ​​កាត់​បន្ថយ​​កង្វល់​​ដែ​លខ្លួន​កំពុង​មាន​កង្វល់ ។

ពាក់​ព័ន្ធ​​បញ្ហា​នេះ​សម្តេច​តេជោ​បាន​លើក​ថា​ នៅ​ថ្ងៃ នេះ​ពួក​អាវ​លឿង​​ដាក់​​​​ញាត្តិ​ទៅ​ទូត​ឥណ្ឌូ ណេ​ស៊ី ​និង​បាតុ​កម្ម​ប្រឆាំង​នឹង​ទូត​ឥណ្ឌូ​ណេ​ស៊ីថា ​ឥណ្ឌូ​ណេ​ស៊ី​មក​ជ្រៀត​ជ្រែក ។ តើ​​​ប្រទេស​ថៃ​មាន​រដ្ឋា​ភិបាល​​ប៉ុន្មាន? រដ្ឋា​ភិបាល​​​អាវ​លឿង? រដ្ឋា​ភិបាល​ផ្លូវ​ការ?

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​មក​បង្ហាញ​​នូវ​​ចំណុច​​បន្ថែម​​​កែ​ប្រែ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​ និង​ព្រះ​រាជា​ណា​ចក្រ​ថៃ​ទេ ក៏​ដូច​ជា​លទ្ធ​ផល​សម្រេច​នៃ​​កា​រ​ចរចា​ស្តី​ពី​ការ​កំណត់​សីមា​ព្រំ​ដែន​រវាង​​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ​និង​ព្រះ​រាជា​ណ​ាចក្រ​​ថៃ​ឡើយ ។ ​មាន​អ្នក​ខ្លះ​ថាព្រម អ្នក​ខ្លះ​ថា​មិន​ព្រម​ អ្នក​ខ្លះ​ថា​បើក​ចំហ អ្នក​ខ្លះ​ថា​គួរ​តែ… ដូច្នេះ​កថា​ខណ្ឌ​​នេះ​គឺ​ជា​កថា​ខណ្ឌ​ដែល​ផ្តល់​ឱ្យ​​ថៃ​មាន​ភាពងាយ​ស្រួល ។

សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​​គូស​បញ្ជាក់​ថា ​ចំណុច​ដែល​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូ​ណេ​ស៊ីមក គឺ​មិន​ប៉ះ​ពាល់​ទៅ​ដល់​អ្វី​ដែល​ជា​ការ​កំណត់​ព្រំ​ដែន​​រវាង​ប្រទេស​ទាំង​ពីរ​ទេ ព្រោះ​គេ​មក​ពិនិត្យ​​មើល​ការ​​ឈប់​បាញ់​​ កុំ​ឱ្យ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ដូច្នេះ​​បញ្ហា​ព្រំ​ដែន​​វា​អត់​ប៉ះ​ពាល់​​អ្វី​ទេ សូម​ថៃ ​កុំ​បារម្ភ​ ។

ដោយ​ឡែក​រដ្ឋា​ភិបាល​​នៃ​ព្រះ​រាជា​ណាចក្រ​​ថៃ ពុំ​ទាន់​ដាក់​សំណើ​ពី​តំបន់​សង្កេត​ការណ៍​​ទេ។ ​ដូច្នេះ​មាន​ន័យថា ​អ្វីៗ​ស្ថិត​នៅ​លើ​ដៃ​ថៃ​ទាំង​អស់​ ឥណ្ឌូ​ណេ​សីុ​​​មក​បាន ឬ​មិន​បាន​ស្ថិត​នៅ​លើ​ថៃ ។ ​ដូច្នេះ​សុំ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ អ.ស.ប ក៏​​ដូច​ជា​អាស៊ាន​ និង​បរទេស​​ទាំង​អស់​ពិនិត្យ​​មើល​ តើ​អ្នក​ណា​នាំ​ឆ្ពោះ​​ទៅ​រក​ការ​ធូរ​ស្រាល​​តាម​រយៈ​យន្ត​ការ​​ត្រួត​​ពិនិត្យ​​មួយ​របស់​​អាស៊ាន​ គឺ ប្រធាន​អាស៊ាន ដើម្បី​​ចៀស​វាង​ការ​ប៉ះ​​ទង្គិច​គ្នា​សា​ជា​ថ្មី​នៃ​កម្លាំង​ប្រដាប់​អាវុធ​នៃ​ភាគីទាំង​ពីរ ។

នេះ​ខ្ញុំ​​បក​ស្រាយ​​ប្រាប់​ប្រជា​​ពល​រដ្ឋ​របស់​ខ្ញុំ កិច្ច​ប្រជុំ​​វា​លែង​ដូច​មុន​ទៀត​ហើយ ​ទ្រង់​ទ្រាយ​​វា​មិន​ដូច​​​មុន​ទេ ​កាល​ពី​មុន​ប្រជុំ​តែ​​ពីរ​នាក់ ចុះ​ហត្ថ​លេខា​តែ​ពីរ​នាក់ មួយ​មិន​គោរព ។ អាង​​អី​ដាក់​ទៅ​សភា​ ឥឡូវ​​រឿង​កំណត់​​ហេតុ​​៣​កាល​ពី​ពាក់​កណ្តាល​​​ខែ​កុម្ភៈ ថា ចុង​ខែ​កុម្ភៈ នឹង​ឱ្យ​​សច្ចាប័ន ដល់​ខែ​មីនា ថា ចាំ​ពាក់​កណ្តាល​ខែ​មីនា ចាំ​ឱ្យ​សច្ចា​ប័ន…។

​សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​សង្ឃឹម​ថា ​បើ​ការ​ប្រជុំ​​កើត​ឡើង​នៅ​​​ថ្ងៃ​ទី​២៤-២៥ មីនា ខាង​មុខ​​នេះ សច្ចាប័ន​​មួយ​នឹង​​ឱ្យ​ទៅ​លើ​កំណត់​ហេតុ​​នៃ​ការ​ប្រជុំ​ទាំងបី ។ សម្តេច​អំពាវ​នាវ​ទៀត​ថា បើ​មាន​ការ​​ចាំ​បាច់​​បន្ទាន់​ដោយ​សារ​ឯក​សារ​នេះ​ត្រូវ​ចុះ​​ហត្ថ​លេខាដោយ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​៣ ក្នុង​ពង្រាង​​ដាក់​​តាម​តួ​អក្សរ​កម្ពុជា​នៅ​លើ​ឥណ្ឌូណេ​ស៊ី​ ​និង​ថៃ។ ​បើ​ចាំ​បាច់​ និង​បន្ទាន់​​កុំ​ចាំ​បាច់​ដល់​ថ្ងៃ​ទី​២៤-២៥ ​នាំ​គ្នា​ទៅ​ទី​ក្រុង​ហ្សា​ការ​តា ដើម្បី​ជជែក​គ្នា​ទៅ ​​រួច​ហើយ​ព្រម​ព្រៀង​គ្នា​ទៅតាម​​លក្ខ​ខណ្ឌ​​ប្រតិ​បត្តិ​ចុះ​ហត្ថ​លេខា​តែ​ម្តង​ទៅ​ក៏​វាល្អ​ដែរ ដើម្បី​ឱ្យ​ធានា​នូវ​សុវត្ថិ​ភាព​សម្រាប់​​បទ​ឈប់​បាញ់​គ្នា ៕