ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ក្រុម​ចោរប្លន់ ក្របួច​​ជា​បន្តបន្ទាប់​តាំងពី​ខេត្តកំពង់ចាម​ដល់​ក្រុងភ្នំពេញ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​តាម​ស្វែងរក​ក្រុម​ចោរ​ញី​ឈ្មោល ដែល​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​មិន​បាន​សម្រេច ដោយ​ម្ចាស់​ម៉ូតូ​ចេញ​មក​ទាន់ ក៏​ស្រាប់តែ​ក្រុម​ចោរ​នោះ​បាន​ដក​កាំភ្លើងខ្លី​បាញ់​លើ​ម្ចាស់​មួយ​គ្រាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​តាម​ស្វែងរក​ក្រុម​ចោរ​ញី​ឈ្មោល ដែល​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​មិន​បាន​សម្រេច ដោយ​ម្ចាស់​ម៉ូតូ​ចេញ​មក​ទាន់ ក៏​ស្រាប់តែ​ក្រុម​ចោរ​នោះ​បាន​ដក​កាំភ្លើងខ្លី​បាញ់​លើ​ម្ចាស់​មួយ​គ្រាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម នា​ពេល​កន្លង​ទៅ​នោះ នៅ​ទីបំផុត ក្រុម​ចោរ​នោះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ចាប់​បាន​ហើយ​រហូត​ដល់​ទៅ​៣​នាក់​ឯណោះ និង​ដកហូត​អាវុធ​ខ្លី​មួយ​ដើម ព្រមទាំង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បាន​២​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ថា បន្ទាប់​ពី​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ក៏​បានដឹង​ពីមុខ​សញ្ញា​ជួល​បន្ទប់​ស្នាក់​នៅ​របស់​ក្រុម​ចោរ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែឧសភា​កន្លង​ទៅ លោកស្នងការ​នគរបាល​ខេត្ដកំពង់ចាម បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោកស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក សាន សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បើក​កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​ក្រុម​ចោរ នៅ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ខណៈ​ពេល​ដែល​មុខសញ្ញា​ក្រុម​ចោរ​ទាំង​៣​នាក់​ដែល​កំពុង​តែ​សម្ងំ​នៅ​ក្នុង​បន្ទប់​ជួល​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំងនោះ​មាន​ចំនួន​៣​នាក់ រួម​មាន ៖ ១.​ឈ្មោះ ឡាំ ឆុ​ន ហៅ ឈុ​ន វី​រះ ហៅ​ឡុ​ង សម្បត្តិ ហៅ​ឡុ​ង ធា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្តកំពត ។ ២.​ឈ្មោះ ដេ​ត សុផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិល​តា​ពក ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​៣.​ឈ្មោះ ហោ ស្រី​អូន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ៖ ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង (​ធុន​សេ​១២៥ ចំនួន​២​គ្រឿង និង​ម៉ូតូ​ម៉ាក វី​ហ្សិ​ន ចំនួន​១​គ្រឿង​), ស្លាក​លេខ​ម៉ូតូ​ចំនួន​១៤ ស , អាវុធ​ខ្លី​ចំនួន​០១​ដើម (​ម៉ាក k59 ) , គ្រាប់​ចំនួន​១០​គ្រាប់ , សោ​កាច់​ចំនួន​២៣​គ្រាប់ និង​សម្ភារៈ​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ហើយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំងនេះ​បាន​ឆ្លើយ​ថា «​កន្លង​មក ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ចំនួន​១៥​លើក (​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​) ហើយ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​យក​បាន​ពី​អំពើ លួច​នោះ គឺ​បាន​យក​ទៅ​លក់​ឲ្យ​មុខសញ្ញា​ទទួលផល​ចោរកម្ម​នៅ​រាជធានី​ភ្នំពេញ​» ។

លុះ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សហការ​ពី​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ត​ចុះ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​មុខសញ្ញា​ទទួលផល​ចោរកម្ម​ចំនួន​២​នាក់​ទៀត នៅ​ចំណុច​តាម​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ហើយ​មុខសញ្ញា​ទទួលផល​ចោរកម្ម​ទាំង​២​នាក់​នេះ​មាន ៖ ១-​ឈ្មោះ សួន រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ និង​២-​ឈ្មោះ អ៊ួ​ង សុខ​គា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ៖ រថយន្ត​១​គ្រឿង ម៉ាក​កាម​រី ពណ៌​ស ពាក់​ផ្លា​ក់​លេខ ២AQ-៩០៦៨ (​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​), ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ (​ក្លែងក្លាយ​) ដែល​មានឈ្មោះ​ថា បូ សំ​បេ​ត ឋានន្តរ​ស័​ក្កិ អនុសេនីយ៍ឯក ឋានៈ​មន្ត្រី ។

គួរ​រំលឹក​ផង​ដែរ​ថា ជនសង្ស័យ​ប្រុស​ស្រី​មាន​គ្នា​២​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច ដោយ​ម្ចាស់​ម៉ូតូ​ចេញ​មក​ទាន់ ចោរ​ទាំង​២​នាក់​នោះ​ក៏​បាន​ដក​កាំភ្លើងខ្លី​បាញ់​លើ​ម្ចាស់​មួយ​គ្រាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។ លុះ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ក្រុម​ចោរ​ញី​ឈ្មោល​ទាំង​២​នាក់​នោះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​ចាប់ខ្លួន​នៅឡើយ​ទេ​។

បើ​តាម​សមត្ថកិច្ច​រៀបរាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ឌ្រី​ម​ដែល​ចោរ​បំរុង​លួច​នោះ គឺ​ត្រូវ​បាន​ម្ចាស់​ទុក​នៅ​មាត់ទ្វារ​ខាង​មុខ ដោយ​ម្ចាស់​ម៉ូតូ​ដេក​អង្រឹង​មើល​ពី​ក្នុង​មក​ក្រៅ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​ចោរ​ប្រុស​ម្នាក់​ចូល​មក​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក dream​។ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៩ មេ​សា ម្ល៉េះ​។ ហើយ​លុះ​ពេល​ចោរ​កាត់​សោ​.​កបាន​ហើយ មិន​ទាន់​ទាំង​បាន​ជិះ​ចេញ​ផង ក៏​ត្រូវ​បាន​ស្ត្រី​ម្ចាស់​ម៉ូតូ​រត់​ចេញ​មក​ដណ្ដើម​ម៉ូតូ​មក​វិញ ហើយ​ក៏​ត្រូវ​បាន​ចោរ​បាញ់​មួយ​គ្រាប់ បណ្ដាល​ឱ្យ​ដួល​ដេក​ទៅ​លើ​ដី​រង​របួសធ្ងន់​។ ភ្លាម​ៗ​នោះ ប្រុស​ជា​ចោរ​ក៏​បាន​ប្រញាប់រ​ត់ទៅ​ដោយ​មាន​ស្រី​ម្នាក់​ជិះ​ម៉ូតូ​រង់ចាំ​ឌុ​ប​ជា​ស្រេច ហើយ​ក៏​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​នគរបាល​យុត្តិធម៌​នៃ​អធិការ​រ​ដ្ឋា​ន​ក្រុង​កំពង់ចាម ទទួល​ព័ត៌មាន​ពី​លោកស្រី​មេ​ភូមិ​បឹង​កុក​២ ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើ​អាវុធ​ខ្លី​បាញ់​មិន​បាន​សំរេច​) យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1J 2336 កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល នៅ​ចំណុច​បន្ទប់​ជួល ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​នោះ ។

ជាមួយ​នោះ ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កុក ជំនាញ​បច្ចេកទេស​ខេត្ត ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មានឈ្មោះ លឿ​ត ស្រី​លាភ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ត្រូវ​ជនសង្ស័យ​បាញ់ បណ្ដាល​ឱ្យ​រង​របួស​ត្រង់​លើ​ដោះ​ខាងស្ដាំ​១​គ្រាប់​ដួល​ដេក​ក្បែរ​ម៉ូតូ ។

ក្រោយ​កើតហេតុ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ហើយ​នៅ​កន្លែង​កើតហេតុ​វិញ បាន​បន្សល់​ទុក​នៅ​សំបក​គ្រាប់​ចំនួន​១​គ្រាប់ ប្រភេទ​THAIARMS (8mm) ។

បើ​យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ចោរ​ប្រុស​ស្រី​២​នាក់ (​ចោរ​ញី​ឈ្មោល​) ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ មួយ​គ្រឿង ព្រមទាំង​ពាក់មួក​សុវត្ថិភាព ដោយ​បុរស​ជា​ចូល​លួច ហើយ​ស្ត្រី​វិញ​ជា​អ្នក​ជិះ​ម៉ូតូ​រង់ចាំ​បក្សពួក​ខ្លួន​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​។ លុះ​ពេល​ប្លន់​យក​ម៉ូតូ​ពុំ​បាន​សម្រេច ក៏​រត់​ទៅ​រក​បក្សពួក​ខ្លួន ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

ហើយ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ លុះ​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា បានជា​សះស្បើយ និង​បាន​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ក្រុម​ចោរ​ក្រសោប​បាន​បន្តបន្ទាប់​ចំនួន​៥​នាក់​ខាងលើ​នេះ គឺ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​ជា​ការ​ឯកភាព​ខេត្ត ដល់​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ