ខេត្តព្រៃវែង ៖ នៅថ្ងៃទី៨ ឧសភានេះ អាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សប្រុសស្រីចំនួន៦នាក់ទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ដែលអ្នកទាំងនោះខ្លះជាអ្នកមកពីភ្នំពេញ និងខ្លះទៀតជាអ្នកនៅក្នុងមូលដ្ឋាន។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត មនុស្សទាំង៦នាក់ដែលទើបរកឃើញនៅថ្ងៃទី៨ឧសភានេះ គឺនៅស្រុកពារាំងចំនួន២នាក់ ស្រុកពាមរក៍ចំនួន ១នាក់ ស្រុកពាមជរ១នាក់ និងស្រុកបាភ្នំចំនួន២នាក់។
ក្នុងចំណោមមនុស្សទាំង៦នាក់នេះ ពួកគាត់៥នាក់មកពីរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន ចាប់ដាក់ធ្វើចត្តាឡីស័កនៅតាមមណ្ឌល ដោយឡែកអ្នកវិជ្ជមានម្នាក់ទៀតនៅស្រុកពាមរក៍ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ហើយពេលនេះ អាជ្ញាធរស្រុកពាមរក៍ និងមន្ត្រីជំនាញសុខាភិបាល កំពុងស្រាវជ្រាវរកអ្នកជាប់ពាក់ពន្ធ័ ដើម្បីដាក់ធ្វើចត្តាឡីស័ក និងបានបិទទីតាំងមួយចំនួននៅក្នុងទីប្រជុំជនអ្នកលឿង ដែលជាប់ពាក់ព័ន្ធ ក្នុងនោះបានបិទហាងកាហ្វេសៃហ្គន ម្ចាស់ហាងឈ្មោះ បារាំង បិទឱសថស្ថានសុខសាន និងឱសថស្ថានមានជ័យ និងបិទផ្លូវក្រោយឃ្លាំងអង្ករ ក្នុងភូមិឧត្តមបឹងខ្ទុំផងដែរ។
ចំណែកលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។
ទន្ទឹមនឹងនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និងមិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ៕
ចែករំលែកព័តមាននេះ