ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​ហ៊ុន សែន ​និង​លោក​ប្រមុខ​ការទូត​ដឹក​នាំ​ឥស្សរជន​សម្តែង​មរណទុក្ខ ​និង​គោរព​​ដល់​​វិញ្ញាណ​​ក្ខន្ធ​​ដល់​​ពលរដ្ឋ​​​​ជប៉ុន​​​ដែល​​រង​គ្រោះ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បន្ទាប់​ពី​បិទ​អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ដឹក​នាំ​ឥស្សរ​ជន​ជាន់​ខ្ពស់​នៃ​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​អញ្ជើញ​ទៅ​កាន់​ស្ថាន​ទូត​ជប៉ុន ដើម្បី​ប្រារព្ធ​ពិធី​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ និង​សោក​ស្តាយ​ជា​ទីបំផុត​ជា​មួយ​រដ្ឋា​ភិបាល​ និង​ប្រជា​ជន​​ជប៉ុន​ទាំង​មូល ជា​ពិសេស​សមា​ជិក​នៃ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​​ស្លាប់​ និង​រង​របួស​​ដោយ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា និង​រលក​យក្ស​ស៊ូណាមី ដែល​​បោក​បក់​​មក​លើ​ប្រទេស​ជប៉ុន​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​មក​នេះ។

ពិធី​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ និង​សោក​ស្តាយ​ជា​ទីបំផុត​នេះ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី និង​បណ្តា​ឥស្សរ​ជន​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ដាក់​កម្រង​ផ្កា និង​បាន​ចារ​លើ​សៀវ​ភៅ​រំលែក​ទុក្ខ​ដោយ​ទឹក​ចិត្ត​វិយោគ​គ្រប់​ៗ​គ្នា និង​បាន​បួង​សួង​ឱ្យ​ប្រទេស​ជប៉ុន និង​ប្រជា​ជន​ជប៉ុន​ទាំង​មូល​​បាន​ឆ្លង​ផុត​ផល​លំបាក​នេះ​ឱ្យ​ឆាប់​រហ័ស​បំផុត។

ដោយ​ឡែក​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ប្រតិភូ​​ក្រសួង​​ការ​បរទេស​​​និង​សហប្រតិបត្តិការ​​​អន្តរ​ជាតិ​​ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង ​បាន​អញ្ជើញ​​​ទៅ​ស្ថានទូត​​ជប៉ុន​​ប្រចាំ​កម្ពុជា​​ ដើម្បី​​ចូលរួម​មរណទុក្ខ​ និង​គោរព​​ដល់​វិញ្ញាណ​​ក្ខន្ធ​ពលរដ្ឋ​​​ជប៉ុន​​ដែល​រងគ្រោះ​​​ដោយ​ការរញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី។​ ក្រៅពី​ប្រតិភូ​​ក្រសួង​ការបរទេស​​​និង​សហប្រតិបត្តិការ​អន្តរជាតិ ​គេ​ឃើញ​វត្ត​មាន​សិស្ស​ និស្សិត​តាម​បណ្តា​​វិទ្យា​ល័យ​ និងសាកល​​វិទ្យា​ល័យ​នានា​ ក៏​បាន​ចូលរួម​ក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​​​នោះដែរ​ ដែល​​បង្ហាញ​​ឱ្យ​ឃើញ​​សមាន​​ចិត្ត​​គោរព​​ស្រឡាញ់​និង​ចូល​រួម​​មរណទុក្ខ​ រំលែក​ទុក្ខ របស់​​ប្រជាពលរដ្ឋ​កម្ពុជាចំពោះ​​ប្រជាពលរដ្ឋ​ជប៉ុន​ ជាបងប្អូន​ ។

ស្ថាន​ទូតជប៉ុន​ បាន​ចេញ​​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​មួយ​​កាល​​​​ពីថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១១ ដោយ​​​បញ្ជាក់​ថា ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​​​នាថ្ងៃទី​១១ ខែមីនា ​​​ ឆ្នាំ២០១១ បាន​​​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​​យ៉ាងដំណំ​​។​ ដើម្បី​ជាការ​​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​​​នេះ​ ស្ថានទូត​ជប៉ុន​​អនុញ្ញាត​ឱ្យ​សាធារណជន​ចូលរួម​​សរសេរ​ក្នុង​សៀវភៅ​រំលែក​ទុក្ខ​នៅស្ថានទូត​ជប៉ុន ដែល​មានអាសយ​ដ្ឋាន​លេខ​១៩៤ មហាវិថី​ព្រះ​នរោត្តម​ ពីថ្ងៃទី​​១៧ ​ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១១ ។ ទន្ទឹម​​នោះ​ ​ស្ថាន​ទូត​ជប៉ុន​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​មរណទុក្ខ​​ និង​សន្តាន​ចិត្ត​ក្នុង​ការ​ផ្តល់​​​ការ​បរិច្ចាគ​​ថវិកា​និង​ផ្កា​សម្រាប់​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នេះ ។
ចំនួន​​នៃ​ការ​ខូចខាត ​ការ​ស្លាប់​​និង​ការ​រងទុក្ខ​គឺមិន​អាច​កាត់​​ថ្លៃ​បាន ។ ​ប៉ុន្តែ​​​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ទឹក​ចិត្ត​​ដ៏កក់​ក្តៅ​​​និង​​សប្បុរស​ធម៌​របស់​ប្រជាជន​កម្ពុជា​ ក៏ដូចជា​​ប្រជាជាតិ​​ផ្សេង​ទៀត​ជាច្រើន​ ជាកម្លាំង​​ជំរុញ​​​ទឹក​ចិត្ត​ប្រជា​ជន​​ជប៉ុន​​ឱ្យ​កសាង​ឡើងវិញ​នូវ​តំបន់​ដែល​ទទួល​រង​ការ​​បំផ្លិច​បំផ្លាញ​៕