ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ផ្ទះ​៥៨​ខ្នង​​​រង​គ្រោះ ខ្លះ​របើក​ដំបូល ​ខ្លះទៀត​​ធ្លាក់​ពីលើ​ជើង​តាង

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​ដោយ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ស្រោច​ស្រប​មក​លើ​ក្រុង​កំពង់ចាម និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត កាលពី​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ធ្វើ​ឱ្យ​រលំ​ដើមឈើ របើក​ដំបូលផ្ទះ ផ្ទះ​ធ្លាក់​ពីលើ​ជើង​តាង…

ខេត្តកំពង់ចាម ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​ដោយ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ស្រោច​ស្រប​មក​លើ​ក្រុង​កំពង់ចាម និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត កាលពី​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ធ្វើ​ឱ្យ​រលំ​ដើមឈើ របើក​ដំបូលផ្ទះ ផ្ទះ​ធ្លាក់​ពីលើ​ជើង​តាង តែ​សំណាងល្អ មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ខាងលើ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​កំពង់ចាម មាន​ករណី​ភ្លៀង​មាន​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​មានការ​ការ​ប៉ះពាល់ និង​ខូចខាត​មួយ​ចំនួន ដូច​ជា ៖

១- នៅ​សង្កាត់​កំពង់ចាម ៖ ដួល​រលំ​ដើមឈើ​ធំ​ៗ​ចំនួន​៣​កន្លែង​កាត់​ទទឹង​ផ្លូវ នៅ​ចំណុច​ខាងក្រោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បណ្ដាល​ឱ្យ​ខូចខាត ៖ របង​ថ្ម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទំហំ​ប្រវែង​៦​ម៉ែត្រ និង​បង្គោល​ភ្លើង​ចំនួន​២​ដើម (​តែ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​) ។ នៅ​ក្នុងភូមិ​ទី​៧ បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង (​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​) ។ នៅ​ចំណុច​ខាងជើង​ជាប់​របង​សាលាខេត្ត ធ្វើ​ឱ្យ​ខូចខាត​បាក់​ដំបូល​អគារ​កីឡា​ក្នុង​ប្រវែង​១០​ម៉ែត្រ​ផង​ដេរ​។ សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ភូមិ​ទី​១៥ ក៏​ខូចខាត​របើក​ក្បឿង​អគារ​មួយ​ខ្នង សាងសង់​ផ្ទាល់​ដី​ជា​ច្រើន​សន្លឹក​។

២- នៅ​សង្កាត់​វាលវង់ នៅ​ចំណុច​មុខ​សាលារៀន​ដីដុះ ស្ថិត​ក្នុងភូមិ​ទី​៣ បាក់​មែកឈើ​ចំនួន​២​ដើម និង​ផ្លា​ក​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​ចំនួន​១​ផ្ទាំង ទំហំ 2m x 3m (​តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ដល់​មនុស្ស និង​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឡើយ​) ។

៣- សង្កាត់​បឹង​កុក រលំ​ដើម​គ​១​ដើម កាត់​ទទឹង​លើ​ថ្នល់ នៅ​ចំណុច​ខាងជើង​ច្រាំង​បាក់​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម បណ្តាល​ឱ្យ​ប៉ើង​រោង​ប៉ុស្តិ៍​ដែក​នៅ​ចំណុច​ជ​យ័​វរ្ម័ន​ទី​៧ ស្ថិត​ក្នុងភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ។

៤- សង្កាត់​សំបូ​រមាស រលំ​ប៉ុស្តិ៍​ដែក នៅ​ចំណុច​ជាប់​របង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ចាម ស្ថិត​ក្នុងភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម កំពង់ចាម ។

ក្រោយ​ពេល​កើតហេតុ ក៏​ត្រូវ​បាន​លោក​វរសេនីយ៍ឯក អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ចាត់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ប​បាល​ទាំង​០៤ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បាន​យក​បា​រ៉ា​ស់​បិទផ្លូវ​ទាំង​សងខាង ដើម្បី​ការពារ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ ។

ដោយឡែក​លោក ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​បា​ធា​យ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អំពី​ស្ថានភាព​ក្នុងស្រុក សម្រាប់​យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បណ្តាល​ឲ្ប​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ឃុំ ស្មើនឹង​៥៨​ខ្នង​ផ្ទះ ក្នុង​នោះ​រួម​មាន ៖ ១.​ឃុំ​តាំង​ក្រាំង ចំនួន​៣៦​ខ្នង ២.​ឃុំ​ជាលា ចំនួន​១០​ខ្នង ៣.​ឃុំ​បា​ធា​យ ចំនួន​៦​ខ្នង ៤.​ច្បារ​អំពៅ ចំនួន​៤​ខ្នង ៥.​ឃុំ​តាំងក្រសាំង ចំនួន​១​ខ្នង និង​៦.​ឃុំ​ផ្អាវ ចំនួន ១​ខ្នង ។

សូម​បញ្ជាក់​ថា គ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ