ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកការងារ​ធ្វើ​នៅ​ក្រៅប្រទេសដោយ​​ខុសច្បាប់​​​​ងាយទទួលរងដោយហានិភ័យ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនា​បតីតេជោហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​បានអំពាវ​នាវ​​ជា​ថ្មីម្តងទៀត​​ដល់​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទាំងអស់​​ ជាពិសេស​ក្មួយៗ​​យុវ​វ័យ សូម​កុំ​ជឿ​​តាមការ​​ភូត​កុហក​អូសទាញ​ពី​សំណាក់​​ជនខិលខូច​​​​មួយចំនួន​​ ដើម្បី​ទៅរកការ​ងារធ្វើ​​​នៅក្រៅ​ប្រទេស​​ដោយខុសច្បាប់ ​ពីព្រោះ​​ទង្វើ​បែបនេះ​ងាយ​ទទួល​រង​ហានិភ័យ​​​សព្វបែប​យ៉ាង ។​

សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​បានអំពាវ​នាវ​ជា​ថ្មី​​​បែបនេះ ​នារសៀលថ្ងៃទី​​​២៣ មីនា ក្នុងឱកាស​​​អញ្ជើញ​​​ជាអធិបតី​​​ដ៏ខ្ពង់ខ្ពស់​​ក្នុង​​ពិធី​បិទ​សន្និ​បាត​បូកសរុប​​ការងារ​ឆ្នាំ​​២០១០ ​និង​កំ​ណត់​ទិសដៅ​​អនុវត្ត​ឆ្នាំ​២០១១ ​របស់​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅសាល​សន្និ​​សីទ​​ចតុមុខ​​ ។​ ពាក់ព័ន្ធ​នឹង​​បញ្ហា​ខាងលើ ​សម្តេចតេជោ​​​នាយករដ្ឋ​មន្ត្រី​​​នៅតែ​បន្ត​អំពាវ​នាវ​​​ដល់ប្រជា​ពល​រដ្ឋ​​​​កម្ពុជា​​ទាំងអស់​​​ ​ហើយ​​ឱ្យ​​​​ចាត់​វិធាន​ការ​​​យ៉ាង​តឹង​រ៉ឹង​​​​ចំពោះ​ជន​ខិល​ខូច​​ដែលអូស​ទាញ​បង​ប្អូនទៅធ្វើការ​នៅ​ក្រៅប្រទេស​​ដោយ​គ្មាន​​​​​​ការ​ទទួលខុសត្រូវ​​ ព្រោះ​​នោះគឺ​​ជា​ការ​​បោក​ប្រាស់​​​​​​តែ​ម្តង​ រួមទាំង​​ថវិកា​​ក្នុង​​មធ្យោ​បាយ​​​ធ្វើ​ដំណើរ​​​​ទៅផង​។ ពេល​​ធ្វើដំណើរ​​ទៅមានខ្លះ​​ទៅ​ជាប់​នៅម៉ា​ឡេស៊ី​​ ឥណ្ឌូណេស៊ី ​ជាពិសេស​គឺ​​ជាប់​នៅ​​ប្រទេស​​ថៃតែម្តង ។​

នៅប្រទេសថៃ​​ សម្តេច​​តេជោ​បាន​រំឭក​​​​​ថែម​ទៀត​ថា ​មុខរបរ​​នៅប្រទេស​​​ថៃ គឺ​ពុំ​មាន​មុខរបរ​​​​អ្វីប្លែកពី​​ប្រទេស​កម្ពុជាទេ ។ ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ​ គេ​ឱ្យ​​ច្រូត​ស្រូវ កាប់អំពៅ ​ដក​ដំឡូង គឺសុទ្ធតែ​​​​មុខរបរ​​​កសិ​កម្ម​​ដូច​នៅ​កម្ពុជា​​ដែរ គេ​ពុំ​​ដែល​ឱ្យទៅ​​ធ្វើ​ជា​​​ថៅកែ​គេទេ ​។ សូម្បីតែ​​ប្រាក់​ចំណូល​​​ក៏​វា​ប្រហាក់ប្រហែល​​​​ដូច​​​ជា​នៅ​​ក្នុងស្រុក​​ខ្មែរ​ដែរ ​ប៉ុន្តែ​​​ការ​ចំណាយ​​នោះគឺ​​​វា​ខ្ពស់​​ ត្រូវបែក​ក្រុម​​គ្រួសារ ​ប្រពន្ធកូន ​ហើយ​គ្មាន​​អ្វីជា​ទី​ពឹង​ទេ ​ទៅខុស​​ច្បាប់ គេ​​ចាប់​ដាក់​​ទ្រុង​​បិទជិត​​ បញ្ជូន​ត្រឡប់​មក​វិញ ហាក់​បី​ដូចជា​​ទ្រុង​ដាក់សត្វ​ពាហនៈ​​​​អុុីចឹង ។ ​ដោយ​ឡែក ​មានខ្លះទៀត​ទៅ​ជាប់​​លើ​កប៉ាល់​​​នេសាទ​​រាប់​​ឆ្នាំ​​​ ទំរាំ​រំដោះ​​ខ្លួន
រួច ។​
ទាក់ទិន​នឹង​បញ្ហានេះ ​សម្តេចតេជោ​​នាយក​រដ្ឋ​មន្ត្រី​​​ បាន​អំពាវ​នាវ​​ចំពោះ​​ប្រជា​ពលរដ្ឋ​​​កម្ពុជាយើង​​​ទាំងអស់​​​​ សូមមេត្តា​​រកការងារ​​​នៅ​ក្នុង​ស្រុកខ្មែរ​​​ហើយការងារ​​ក្នុងស្រុក​​​យើងគឺ​​​មាន​ច្រើន ​ក្នុ​ង​នោះ​វិស័យ​​​កសិ​កម្ម​​ការងារ​មាន​ប្រមាណ​​​៧២% ​ដូច្នេះ​ត្រូវបង្កើត​ការងារ​​ក្នុង​ប្រទេស ​។ នៅលើ​​​ពិភពលោក​​វា​មិនមែន​​សុទ្ធតែ​​​កម្មករ​​រោងចក្រ ​ហើយ​គ្មាន​កសិកម្ម​នោះទេ ។ បើសិន​ជា​​​ទៅធ្វើ​ការ​ងារ​នៅ​​ប្រទេសថៃ ​​គឺបាន​ត្រឹម​​​តែ​ស៊ីឈ្នួល​​គេ​ក្នុង​​វិស័យ​​កសិ​កម្ម​​ដដែលហ្នឹង ​សូម្បីតែ​​ខាង​សំណង់ នៅ​ក្នុង​ប្រទេស​​យើ​ងក៏​​​​មានខាង​វិស័យសំណង់ដែរ ។​ ​សូម្បីតែ​​កម្មករ​​​​ធម្មតា​​ជញ្ជូន​​ឥដ្ឋ គឺ​តម្លៃ​​​​៣​ដុល្លារ ​ក្នុងមួយ​ថ្ងៃ​ រួច​ហើយ​​​ចំណាយ​តិចទៀត។ ​បើ​នៅប្រទេស​​គេ​គឺ​ត្រូវចំណាយ​ច្រើន រួច​​ហើយ​ពួក​​​មេ​ខ្យល់​​វា​ក៏​​កាក់​យក​លុយ​ទៀត ​ចង់​គេ​ឱ្យ​​​​ ឱ្យ​ទៅ ​​ហើយ ថោក​ទាប​ទៀត ​​គេមើល​ងាយ មើល​ស្រាល​ទៀត ។​

​​ម្យ៉ាង​ទៀត ​​​ប្រទេសថៃ​ក៏​​មាន​បញ្ហា​​​របស់ខ្លួន​ដែរ ឥឡូវនេះ​​​ត្រូវបាត់បង់​​​ការងារ​មួយ​ចំនួន​​ពី​អារ៉ាប់ ហើយ​​​ពលករ​​ថៃ​ក៏ត្រូវ​​ត្រឡប់មក​វិញ ​ហើយ​ក៏ត្រូវទទួល​​បន្ទុក​​អ្នក​រក​ការងារ​​ពី​កម្ពុជា​​ហូរ​ចូលទៀត​…​។​ សូម​បញ្ជាក់​​​ថា បើ​​ទៅត្រូវ​​ច្បាប់​​ទៅចុះ ​តែ​​​បើ​ទៅខុស​​ច្បាប់​កុំ​ទៅ​​ឱ្យសោះ ។ ​សូម​អំពា​វ​នាវ​​ម្តងទៀត​​​ដល់ប្រជា​ពល​រដ្ឋ​​​​របស់​យើង​ម្តង​​ហើយ​ម្តងទៀត ​​កុំ​ឱ្យ​ធ្វើ​​ចំណាកស្រុក​​​ចេញទៅ​ក្រៅប្រទេស​​​ប្រថុយ​​ប្រថាន ​ដោយខុសច្បាប់ ។​ នៅស្រុកខ្មែរ​ ​​ក៏មាន​ការពង្រឹង​ពិពិធ​កម្ម​ក្នុង​វិស័យ​​កស​ិ​កម្ម​​ដើម្បី​ចៀស​​វាង​ចំណាកស្រុក​​​ចោល​​ជន​បទ​​មក​កាន់​ទីក្រុង​​​មករក​ការ​ងារ​​ធ្វើ ។ ​ប៉ុន្តែ​បើ​​បាន​ជាជ្រុល ​ក៏ត្រឹម​តែ​​ក្នុងស្រុក​ខ្មែរ​បានហើយ កុំ​ហួស​​ទៅ​ក្រៅ​​ប្រទេស ។​

ក្នុង​ឱកាស​នោះ ​សម្តេចតេជោ​​​នាយករដ្ឋ​មន្ត្រី​​ក៏បាន​រំឭក​​ផងដែរ​ថា កាលពី​​​៤១​ឆ្នាំ​មុន ពេល​​នោះ​​គឺ​កំពុង​​ចលនា​យុវជន​ចូលព្រៃ​ម៉ា​គី ហើយ​កាល​ពី​សប្តាហ៍​មុន​ ១៨ មីនា ​​​​​បន្ទាប់ពី​ប្រជុំ​​​គណៈ​រដ្ឋ​មន្ត្រី​​​ គឺ​ទៅស្ថានទូត​​ជប៉ុន​​គោរព​​វិញ្ញា​ណ​ក្ខន្ធ​​​​ចំពោះ​​អ្នក​ដែល​​បាត់បង់​ជីវិត​​ដោយ​ការ​​រញ្ជួយដី និង​​ដោយរលក​យក្ស​​ស៊ូណាមី ។​ ថ្ងៃ​នេះ​​២៣ មីនា ខ្ញុំ​​កំពុងឈរ​​​អំពាវ​នាវ​ឱ្យ​យុវជន​ និង​​​​ប្រជា​ជន​កម្ពុជា​​​ប្រកប​មុខ​របរ​​ដោយ​​​សុខ​​ដុម​រមនា ។ ប៉ុន្តែ​​​កាលពី​​​៤១​ឆ្នាំ​​​មុនសង្គ្រាម​​​បាន​ផ្ទុះ​ហើយ​​​បាត់បង់​​ការងារ​​​ទូទាំងប្រទេស​​​ អ្វីៗ​​​​ទាំង​អស់​ក៏​​​ធ្វើ​អត់បាន​…​។ ស្ថានភាព​​​គឺផ្លាស់​ប្តូរ​ ដូច្នេះ​ តើនោះ​ជា​កំហុស​​អ្នកណា​…?​ គឺមិនមែនកំហុស​​​របស់​យើង​នៅ​ទីនេះទេ​​​ តែ​ផ្តើមចេញ​ពី​រដ្ឋប្រហារ​​​១៨ មីនា ​ដែល​​ធ្វើ​​​ឱ្យ​ស្ថានភាព​ដូច្នេះ ។​

​ឥឡូវ​គឺយើង​​ចាប់ផ្តើម​​​ពីបាតដៃ​​ទទេ ដែល​ភ្នំពេញ​​អត់​មាន​​​មនុស្ស​នៅ​​សោះ ។ សម្តេច​មាន​ប្រសាសន៍​​​បន្ត​ថា ​៤១​ឆ្នាំ​​ក្រោយ ខ្ញុំ​​អំពាវ​នាវ​​​​រឿង​មួយ​​​ផ្សេង ​ក្នុងគោលដៅ​​ដោះស្រាយការ​ងារ​​ឱ្យប្រកប​ដោយ​​ចីរភាព និង​​សម្រាប់​រយៈ​ពេល​​​យូរ​​​អង្វែង កម្ពុជាចាំ​បាច់​ត្រូវ​ធ្វើ​​ទំនើប​​​កម្ម​សេដ្ឋ​​​កិច្ច ពោលគឺ «​ជំរុញ​​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​» ។​ រាជ​រដ្ឋាភិបាល​​យល់យ៉ាង​ច្បាស់​ថា ​ការ​ងារ​​​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ គឺជា​កត្តា​ស្នូល​​ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម-​សេដ្ឋកិច្ច និង​បាន​ចាត់ទុក​​ជា​​ការ​ងារ​​អាទិភាព ដូច​មានចែង​ក្នុង​យុទ្ធ​សាស្ត្រ​​​ចតុ​កោណ​ដំណាក់កាល​ទី​២​នេះ ។ ​ក្នុងនោះ​​ រាជ​រដ្ឋា​ភិ​បាល​​ត្រូវ​បន្ត​​​អនុវត្ត​​​គោលនយោបាយ​​​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​​ផ្សារ​ភ្ជាប់​ទៅនឹង​ទីផ្សារ​​ពល​ក​ម្ម​​ដោយ​សហការ​យ៉ាង​​ជិតស្និទ្ធ​​ជាមួយ​តួអង្គ​​​ពាក់​ព័ន្ធ​​​តាមរយៈ​វិធានការ​​​​៤ចំណុច ទី​១-​​ផ្តល់ការ​​បណ្តុះ​​បណ្តាលជំនាញ​​មូលដ្ឋាន​​ដល់ប្រជា​ពល​រដ្ឋ​​នៅជនបទ​​ដើម្បីបង្កើន​ប្រាក់ចំណូល ទី​២­-​​ផ្តល់​ការ​បណ្តុះបណ្តាល​​​ដល់ពលករ​​តាមរោងចក្រ​​​ដោយ​សហ​ការ​​ជាមួយ​​និយោជក​ ទី​៣-​​បន្តជំរុញ​​​​ការ​អប់រំ​ បណ្តុះបណ្តាល​​​បច្ចេកទេស​​ និងវិជ្ជា​ជីវៈ ដោយ​ពង្រីក​​សេវា​នេះ​ឱ្យ​​ទៅដល់​ខេត្ត​-ក្រុង​​ក្នុង​នោះ​មានរួម​បញ្ចូល​​នូវការបណ្តុះបណ្តាល​​​សហ​គ្រិន​​​​ភាព​​ទៅក្នុង​​កម្មវិធី​ផងដែរ ​ទី​៤-​ការ​រៀបចំ​​បង្កើត​ទីភ្នាក់ងារ​​​ជាតិ​មុខរបរ និង​ការងារ និង​មជ្ឈ​​មណ្ឌលការងារ​​​នៅតាមខេត្ត​-ក្រុង ​​សម្រាប់​​ជា​យន្ត​ការ​សម្រួល​ដល់ការផ្សព្វ​ផ្សាយ​​ព័ត៌​​មាន​​ទីផ្សារ​​​ការងារ​ ។ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ក​កម្ពស់​​ប្រព័ន្ធ​បណ្តុះបណ្តាល​​វិជ្ជាជីវៈ ​ផ្សារ​​ភ្ជាប់​​នឹង​​​ទី​ផ្សារ​​​ការងារ​​​​ ដើម្បី​​ធានា​បាន​​ប្រសិទ្ធ​​ភាព​មានលក្ខណៈ​​ទាក់ទាញ​​ បង្កើន​​​​ការ​ទទួល​​ស្គាល់ជា​​​សាធារណៈ​​ និងស្រប​តាម​​​​ចក្ខុ​វិស័យ​​នៃការ​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​​​កម្ពុជា ។​

ទន្ទឹមនេះ សម្តេច​​​តេជោនាយករដ្ឋ​មន្ត្រី​​បាន​ផ្តល់​​​អនុសាសន៍មួយចំនួន​​ដូច​តទៅ​ ៖

ទី​១-​បន្ត​អនុ​វត្ត​​យុទ្ធសាស្ត្រ​​​​ផ្តោតលើ​​​កំណើន ការ​បង្កើន​​ឧត្តម​​​ភាព​ប្រកួត​​​ប្រជែង និង​​ពិពិធ​កម្ម​ជំនាញ វិជ្ជាជីវៈ ​​និង​មុខ​របរ​​ ដើម្បី​រត់​​​តាម​​ល្បឿន​​នៃ​​ចរន្ត​​​ទីផ្សារ ​ដែលនឹង​​អាចរក្សា​​បាននូវ​​​​និរន្ត​​រ​ភាពកម្មវិធី​ផង និង​ចាប់​ច្បាម​​​យកបាន​​នូវ​​ផលដែល​​កើត​ចេញពី​កំណើន​​សេដ្ឋកិច្ច​​ឱ្យ​បាន​​ច្រើន​​ជា​អតិ​បរមា ។

ទី​២-​​ត្រូវលើក​កម្ពស់​​​គុណភាពនៃ​ការអប់រំ​បណ្តុះ​បណ្តាល​​បច្ចេក​​ទេស​វិជ្ជាជីវៈ​​ សំដៅ​​បង្កើន​​ឱកាស​ការងារ ​​ផលិត​​​ភាព​ការងារ និងការបង្កើន​​​ប្រាក់​ចំណូល​​របស់ប្រជា​ពលរដ្ឋ ។ ត្រូវ​បន្ត​ការ​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​​ និងមុខ​របរ​ដល់​​ជន​រង​គ្រោះ​​​​ យុវ​ជន​ និង​ស្ត្រី​​​ក្នុងគ្រួសារ​​​ក្រីក្រ​ឱ្យ​មាន​មុខ​​របរ​​ផ្ទាល់ខ្លួន ឬការងារ​ធ្វើ ដើម្បី​​​លើក​ស្ទួយ​កាលា​​នុវត្ត​​ភាព​ការងារ​ បន្ថយ​​​ភាពងាយរង​គ្រោះ ​ចូលរួម​ឱ្យ​បានច្រើន​​ជាអតិបរមា​​ទៅក្នុង​​ផលិត​​​ភាព​របស់​​​ជាតិ និង​​ការលើកកម្ពស់​​​សុពលភាព​​សង្គម។

ទី​៣-​​ត្រូវពង្រឹង​​គោល​​​ការណ៍​​បណ្តុះ​បណ្តាល​​​​ប្រកបដ​ោយ​​​សម​ធម៌ និង​​បន្ត​​លើក​កម្ពស់​​​ផ្តល់​សេវា​​សុវត្ថិភាព​​សង្គម ដោយ​យកចិត្តទុកដាក់​​ដល់​ស្ត្រី​​​ ជន​បាត់បង់​​​ឱកាស ឬ​​​មាន​ឱកាស​តិច​តួច​​​​ក្នុងសង្គម ​យុវ​ជន​ទីទ័លក្រ ​និង​សិស្ស​ដែល​​​បោះបង់​​​ការ​​សិក្សា​​ យោធិន​រំសាយ ​ចូលនិវត្តន៍​បាត់បង់​​សមត្ថ​ភាព​ការងារ​ ពិការ និង​​គ្រួសារ​យោធិនពលី មរណៈ ជនអនាថា ដើម្បី​ឆ្លើយ​តប​នឹង​​ការធ្វើ​ឱ្យប្រសើរ​​ឡើងនៃ​​​ជីវភាព​រស់នៅ​​ឱ្យ​កាន់តែ​​មានប្រសិទ្ធ​ភាព​ និងសកម្ម។

​ទី​៤-​​ត្រូវធ្វើ​​​ឱ្យ​ឃើញ​ច្បាស់​​​ថា វិស័យ​​​​ឯកជន​​បានចូលរួម​ចំណែក​​ដល់ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​យ៉ាង​ពិតប្រាកដដល់​ពលករ​កម្ពុជា ដូច​ដែល​​បណ្តាក្រុម​ហ៊ុន​វិនិយោគ​​​នានា​តែង​​បាន​​​សន្យា​​ជា​មួយរាជ​រដ្ឋាភិបាល​​នោះ ។ ​ឧទាហរណ៍​​​ នៅពេល​ក្រុម​ហ៊ុន​វិនិយោគ​មួួ​យ​ចិញ្ចឹម​​​សត្វ​នៅ​តំបន់​ណា​មួយ​ ហើយគេ​​​​​​ចាប់​ផ្តើម​​បណ្តុះបណ្តាល​​​បុគ្គ​លិក ពេលនោះ​​យើងអាច​​បញ្ជ្រាបបញ្ចូល​​ប្រជា​ពលរដ្ឋ​​​ដែលជា​ក្រុម​គោល​​ដៅ​​​នៃការបណ្តុះ​បណ្តាល​​​​ឱ្យទទួល​បាន​​ការបណ្តុះ​បណ្តាល​ជា​​​មួយ​បុគ្គលិក​​​ក្រុមហ៊ុន​​នោះតែម្តង ។ ​​ប្រសិនបើ​អនុវត្ត​​​ការងារ​បែបនេះ​បាន​នោះ វិសាល​ភាព​នៃការ​​​ប​ណ្តុះ​​បណ្តាល​​​​របស់​​យើង​​​កាន់​តែ​​រីកធំ​ហើយ​អាច​ធានា​បាន​​ថា ប្រជាពលរដ្ឋ​​​ដែលត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​​​អាចឆ្លើយ​តប​បានទៅនឹង​ការ​ធ្វើ​​ពិពិធ​​កម្មជំនាញ វិជ្ជាជីវៈ​ និង​មុខរបរ​នោះ ។

ទី​៥-​ត្រូវបន្តយកចិត្តទុកដាក់​​​រៀបចំសេចក្តី​​ព្រាង​ច្បាប់​​ស្តីពី​សហជីព​​ ​ដោយ​​សហការ​ជាមួយ​ស្ថាប័ន​​ ក្រសួង​ពាក់ព័ន្ធ អង្គការអន្តរជាតិ​ខាង​ការ​ងារ​​​​ឱ្យ​​ចប់សព្វគ្រប់ ​នៅ​មុនដំណាច់​ឆ្នាំ​​២០១១ ។ ត្រូវ​បន្តយក ចិត្តទុកដាក់​​​ពង្រឹង​​ការ​អនុវត្ត​​​​ច្បាប់​ និងបទ​បញ្ជា​​ពាក់ព័ន្ធ​​​នឹង​វិស័យ​ការ​ងារ​​​ ដោយ​​ធានា​ឱ្យ​​បាននូវភាព​​សុខដុម​រមនា​​នៅ​ក្នុង​​ដំណើរ​ការ​​ផលិត​កម្ម​​ និងសេវា​កម្ម​​​​ ដើម្បី​ធា​នា​​យ៉ាង​ពិត​ប្រាកដ​នូវសិទ្ធិ​​​​ ផលប្រយោជន៍​​​​កម្ម​ករ និយោ​ជិត និង​​និយោជក។

ទី​៦-​ត្រូវខិតខំដោះស្រាយ​​​បញ្ហា​ប្រាក់​​ឈ្នួល ​​កម្មករ និយោជិត ដោយ​ឈរ​លើ​យន្ត​​ការនៃ​​គណៈ​​កម្មការ​​ប្រឹក្សា​​ការងារ ។ ​ដោ​យ​ឡែក ក៏​ត្រូវ​​​ពង្រឹង​​ការអនុវត្ត​​​ប្រព័ន្ធសន្តិសុខ​សង្គម ដោយ​ខិតខំ​​​បង្កើត​​ឱ្យបាន​នូវ​​របប​ធានា​រ៉ាប​រង​​សុខ​ភាព និងប្រាក់​សោធន​និវត្តន៍ សំដៅ​​​​ធានា​ឱ្យ​កម្មករ និយោជិត ​មាន​សន្តិសុខ​ប្រាក់​ចំណូល​​ទាំង​​ក្នុងពេល​​បច្ចុប្បន្ន និង​អនាគត ។​

នៅទីបញ្ចប់ ​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​​ក៏​បាន​បំពាក់មេដាយ​​ជូនថ្នាក់ដឹកនាំ​​ និង​មន្ត្រី​​​ជាន់​ខ្ពស់ ដែល​រួមមាន​ ​លោក​ពេជ សោភ័ន រដ្ឋ​លេខា​ធិការ​​ មេដាយ​​ជា​តូបការ ​​លោក​​​អូស្មាន់ ​ហា​ស្សាន់ ​រដ្ឋលេខាធិការ មេដាយ​ជា​តូបការ ​លោក​កាន់ ម៉ន ​រដ្ឋលេខាធិការ​​ មេដាយ​តូបការ ។ មេដាយ​​ព្រះរាជាណាចក្រកម្ពុជា​​​ថ្នាក់​មហា​​សេរី​វឌ្ឍន៍​ចំនួន​​៨រូប ​​មុនី​សារាភ័ណ្ឌ​ថ្នាក់​​​មហា​សេរី​វឌ្ឍន៍​​​ចំនួន​៣រូប ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​​​ធិបឌិន្ទ ​ចំនួន​៤រូប និង​មុនីសារាភ័ណ្ឌ​ថ្នាក់​ធិបឌិន្ទ​ចំនួន​២រូប ៕